• បុរសម្នាក់ ជាប់និងត្រូវរស់នៅក្នុងព្រលានយន្តហោះហ្វីលីពីនជាង១០០ថ្ងៃ មុនបានទៅស្រុកកំណើតវិញ ដោយសារតែកូវីដ១៩

    ដោយសារតែជំងឺ COVID-19 បានបណ្ដាលឱ្យអ្នកទេសចរជនជតិអេស្តូនីម្នាក់ ត្រូវចំណាយពេលជាង ១០០ថ្ងៃ រស់នៅក្នុងអាកាសយានដ្ឋានមួយកន្លែងក្នុងប្រទេសហ្វីលីពីន ក៏ព្រោះតែការបិទជើងហោះហើរឆ្លងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតជាសកលមួយនេះ។ យោងតាមការចុះផ្សាយរបស់ សារព័ត៌មានអារ៉ាប់ បានឱ្យដឹងថា អ្នកទេសចរនោះមានឈ្មោះថា Roman Trofimov បានរស់នៅក្នុងច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino នៃទីក្រុងម៉ានីល តាំងតែពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ មកម៉្លេះ។

    លោក Roman Trofimov ត្រូវគេអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃទី០៧ ខែកក្កដានេះ ពោលគឺវាមានរយៈពេល ១១០ ថ្ងៃមកហើយ ដែលគាត់ត្រូវរស់នៅតែលតោលក្នុងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ។ លោក Trofimov បានរៀបរាប់ពីបទពិសោធន៍នេះថា ក្នុងរយៈពេលជាង ១០០ថ្ងៃនេះ លោកបានសម្រាកនៅលើឥដ្ឋ ហូបអាហារក្នុងភោជនីយដ្ឋាននៅក្នុងព្រលាន និងងូតទឹកនៅក្នុងបន្ទប់ទឹកសាធារណៈ នៅមុនពេលដែលស្ថានកុងស៊ុលអេស្តូនីអាចរៀបចំការចាកចេញរបស់គាត់បាន។

    លោកក៏បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមផងដែរថា លោកនឹងទៅដល់ទីក្រុង Tallinn ប្រទេសស្ថានអេស្តូនីនៅថ្ងៃទី០៨ ខែកក្កដា នេះផ្ទាល់។ លោក Trofimov បាននិយាយថា គាត់បានធ្វើដំណើរកម្សាន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅពេលដែលជំអឺ COVID-19 កំពុងវាយប្រហារនៅក្នុងទ្វីបអាស៊ី។ គាត់បានកក់សំបុត្រយន្តហោះឆ្លងទៅកន្លែងផ្សេងៗទៀតដែរ ក៏ប៉ុន្តែសំបុត្ររបស់គាត់ត្រូវលុបចោល ដោយសារតែជំងឺ COVID-19 បានបង្ខំឱ្យមានការបិទជើងហោះហើរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ