• ឈប់ម៉ូតូចាំស្តុបសុខៗសោះ ត្រូវរថយន្តមកបុកពីក្រោយហើយកិនពីលើធ្លាយខួរស្លាប់ភ្លាមៗ

    រាជធានីភ្នំពេញ៖ ស្ត្រីដែលជាកម្មការិនីរោងចក្រម្នាក់ ខណៈពេលធ្វើដំណើរទៅធ្វើការ ស្រាប់តែត្រូវរថយន្តកូរ៉េមួយគ្រឿងបើកទៅបុកពីក្រោយ ហើយកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តមិនបានឈប់ដោះស្រាយទេ បានព្យាយាមបើករត់អូសទាំងម៉ូតូបានបន្តិច ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយចាប់បាន រួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបថ្នល់បត់ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DH-3064 បានធ្វើដំណើរពីត្បូងមកជើង ខណៈពេលជិះមកដល់ចំណុចស្តុបថ្នល់បត់បានឈប់ចាំស្តុប ក៏ត្រូវរថយន្តកូរ៉េ មួយគ្រឿងម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-4273 ដែលបើកបរស្របទិសគ្នាបានបុកពីក្រោយហើយកិនទៅលើស្ត្រីរងគ្រោះ បណ្ដាលឱ្យធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនអូសទាំងម៉ូតូទៅមិនបានប៉ុន្មានផង ត្រូវបងប្អូនប្រជាពលរដ្ឋធ្វើការដេញតាមឃាត់ និងប្រគល់ជូនសមត្ថកិច្ច។

    ក្រោយពេលមានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង មន្ត្រីជំនាញបានចុះមកដល់ទីតាំងកើតហេតុ ជួយសម្រួលចរាចរណ៍ និងទាក់ទងហៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងនាំយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។ រីឯជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្ត្រីខាងលើស្លាប់ ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅកាន់ការិយាល័យចរាចរណ៍ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ