• សម្តេចតេជោ ព្រមានចាត់ការមិនលើកលែង ចំពោះអ្នកឃុបឃិតគ្នាដាក់សាច់ញាតិជាជនក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកដល់មន្ត្រីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសមន្ត្រីនៅតាមភូមិ និងឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងឱ្យបានច្បាស់លាស់ចំពោះការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជំងឺកូវីដ១៩។

    យោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានបង្ហាញដែរថា ក្នុងកិច្ចប្រជុំនៅចំពោះមុខមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមានការភ្ជាប់ប្រព័ន្ធវីដេអូទៅតាមខេត្តផងនោះ សម្តេចតេជោ ហ៊ុន សែន បានព្រមានចាត់វិធានការជាថ្មី ដោយមិនមានការលើកលែងនោះឡើយ ចំពោះមន្ត្រីដែលឃុបឃិតគ្នាបន្លំដាក់សាច់ញាតិជាជនក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនេះ។

    ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នឹងចាត់វិធានការក្ដៅ និងមិនមានការលើកលែងឡើយ ចំពោះមន្ត្រីមូលដ្ឋាន ដូចជាថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ ដែលបន្លំឃុបឃិតគ្នាដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ក្នុងគោលបំណងទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ»។

    រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែ ដើម្បីជួយដោះស្រាយការខ្វះខាតក្នុងជីវភាពរបស់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណជា ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ ការឧបត្ថម្ភនេះមានរយៈពេលពីរខែសម្រាប់ជុំទីមួយនេះ គឺខែមិថុនា និងខែកក្កដា។ ក៏ប៉ុន្តែបើជំងឺកូវីដ១៩ មិនរលត់រលាយទៅវិញទេនោះ រាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់ប្រាក់នៅខែបន្តបន្ទាប់ទៀត។

    រាជរដ្ឋាភិបាលបានត្រៀមថវិការហូតដល់ទៅ ១២៥លានដុល្លារ សម្រាប់ដោះស្រាយការលំបាកប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩នេះ។

    លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារហើយ ត្រូវបានបើកប្រាក់ឧបត្ថម្ភសម្រាប់ខែមិថុនា។

    ក្នុងកំលុងពេលនៃការបើកប្រាក់ឧបត្ថម្ភ ក៏ដូចជាធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណជនក្រីក្រ និងងាយរងគ្រោះនេះ ក៏មានភាពមិនប្រក្រតីមួយចំនួនផងដែរ។ បើតាមលោក វង សូត ភាពមិនប្រក្រតីដែលប្រព្រឹត្តដោយមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់នេះ បានកើតមាននៅខេត្តព្រៃវែង កំពង់ឆ្នាំង និងបន្ទាយមានជ័យជាដើម។

    ដើម្បីដោះស្រាយបញ្ហាមន្ត្រីខិលខូចនៅថ្នាក់មូលដ្ឋាននេះ លោក វង សូត បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រសួងមហាផ្ទៃ បង្ហាញពីភាពមិនប្រក្រតីប្រព្រឹត្តដោយមន្ត្រីមូលដ្ឋានទាំងនេះផងដែរ។

    នៅថ្ងៃទី០៣ ខែកក្កដា នេះ ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីណែនាំមួយទៅកាន់មន្ត្រីនៅថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរឃុំ សង្កាត់ ឱ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះឱ្យបានត្រឹមត្រូវ និងតម្លាភាពបំផុត។

    សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

    ការឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានកំណត់ដូចខាងក្រោម៖

    ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

    * «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

    * «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

    ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

    * «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

    * «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

    ទី៣៖ តំបន់ជនបទ

    * «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

    * «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ