• ភាពយន្តខ្មែរ «The Clock» ជាប់លេខ១ ក្នុងចំណោមភាពយន្តជិត ២០០រឿង ក្នុងកម្មវិធី «Horror Bowl Movie Awards»

    (ភ្នំពេញ)៖ ជាដំណឹងដ៏រីករាយ និងជាមោទនភាពចំពោះវិស័យភាពយន្តខ្មែរទាំងមូល គឺរឿង «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock» ដែលដឹកនាំផលិតដោយ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភាពយន្ត ជិត២០០រឿង មកពីបណ្ដាប្រទេសផ្សេងគ្នា លើពិភពលោក។ ក្រៅពីជាប់ចំណាត់ថ្នាក់លេខ១, រឿងបែបភ័យរន្ធត់ «នាឡិកាដាស់វិញ្ញាណ» នេះ ក៏ឈ្នះបានពានរង្វាន់សំខាន់ៗចំនួន៣ ពីកម្មវិធី «Horror Bowl Movie Awards» របស់ឥណ្ឌាផងដែរ។

    ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានថ្លែងប្រាប់នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នេះថា រឿង «The Clock» ត្រូវបានដាក់ប្រកួតប្រជែងជាមួយភាពយន្តមកពី ប្រទេសនានាចំនួនជា ២០០ រឿងផ្សេងទៀត ក្នុងកម្មវិធី «Horrow Bowl» នៅប្រទេសឥណ្ឌា។ ក្នុងនោះ មានតែភាពយន្តខ្មែរ គឺ «The Clock» មួយប៉ុណ្ណោះ ទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានពាន៣ មានដូចជា ពាន «ភាពយន្តឆ្នើម», ពាន «អ្នកដឹកនាំភាពយន្តឆ្នើម» និងពាន «តារាសម្តែងប្រុសឆ្នើម» ដែលបានទៅលើតារាសម្តែងប្រុស លោក សន ពិសិដ្ឋ។

    ភាពយន្ត «The Clock» ត្រូវបានគេដឹងថា ដាក់បញ្ចាំងលើកដំបូងនៅគ្រប់រោងកុន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៩។ លោក លៀក លីដា បានបន្តថា កន្លងមកភាពយន្ត «The Clock» នេះ ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនមកហើយ ពីមហោស្រពភាពយន្តជាតិលើទី៦ ប្រចាំឆ្នាំ២០១៩ ក្នុងនោះដូចជាពាន «ភាពយន្តឆ្នើម» ពាន «អ្នកដឹកនាំរឿង ឆ្នើម»,ពាន «អ្នកដំឡើង រូបភាពឆ្នើម» និងពាន «អ្នកផ្គុំសំឡេងឆ្នើម»។ ដោយសារគុណភាពខ្ពស់ ចេញពីការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ផងនោះ លោក លៀក លីដា បានយករឿង «The Clock» នេះទៅដាក់ប្រកួតលើឆាកអន្តរជាតិ ដែលលោកចាត់ទុកថា ការដាក់ប្រកួតប្រជែងនេះ ជាមោទនភាពមួយសម្រាប់វិស័យភាពយន្តក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

    ថ្លែងប្រាប់ Fresh News Plus លោក លៀក លីដា បន្ថែមថា ក្រៅពីភាពជោគជ័យ ទទួលបានសមិទ្ធផលល្អក្នុងរឿង «The Clock» ហើយនោះ បច្ចុប្បន្នលោកមានបញ្ហាប្រឈមជាខ្លាំងជុំវិញ វិបត្តិកូវីដ១៩ ក្នុងប្រទេសកម្ពុជា។ លោកថា ដោយសាររោងកុនបានបិទ ធ្វើឲ្យភាពយន្តដែលលោកផលិតហើយ ៦ទៅ៧ រឿងបានកកស្ទះ និងខាតបង់ថវិកាជាច្រើន ស្ទើរតែរលំក្រុមហ៊ុនទៅហើយ ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់វិស័យភាពយន្ត ក៏ដូចជាដើម្បីពង្រឹងវិស័យភាព គឺមានតែរកវិធីសាស្ត្រនានា ដើម្បីទប់ទល់ក្នុងរដូវកាលកូវីដ១៩។

    បន្ថែមពីនេះ លោក លៀក លីដា បានសំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល សូមឲ្យពិចារណា បើករោងភាពយន្តឡើងវិញ។ លោកអះអាងថា រោងភាពយន្តមាននៅក្នុងផ្សារទំនើប ជំហានទី១ ផ្សារទំនើបគេមានវិធានការទប់ស្កាត់ មុននឹងចូលក្នុងផ្សារ, ទី២ គឺខាងរោងភាពយន្តផ្ទាល់ ក៏មានវិធានការទប់ស្កាត់ផងដែរ។ លោកសង្ឃឹមថា រោងភាពយន្តនឹងបើកឆាប់ៗនេះវិញ ដើម្បីឲ្យដង្ហើមរបស់ផលិតករនានា បានធូរស្រាលជាងនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ