• ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​រ៉ែ​ថាមពល​ចាប់ផ្ដើម ប្រមូល​ចំណូល​សួយ​សារ​ធនធាន​រ៉ែ ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់

    ភ្នំពេញ​៖​ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​នៅ​ថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020 បានចេញ ប្រកាស​អន្តរក្រសួង ស្ដីពី​ការគ្រប់គ្រង​និង​ការប្រមូល​ចំណូល​សួយ​សារធន​ធាន​រ៉ែ ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់ ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​។​

    ​បើតាម​ប្រកាស​របស់​អន្តរក្រសួង មាន​គោលបំណង​គ្រប់គ្រង​ប្រតិបត្តិការ ធនធាន​រ៉ែ​សំណង់​ដូចជា ក្រួស ថ្ម​ខ្សាច់ ឡា​តេ​រីត អាចម៍ដី ដែល​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់ ឱ្យ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ និង​ការប្រមូល​សួយ​សារ​ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់​ទាំងនេះ ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​។​

    ​ប្រកាស​នេះ មាន​វិសាលភាព​គ្របដណ្ដប់ លើ​រាល់​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់ ដែល​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា គម្រោង​សាងសង់​ផ្លូវ ស្ពាន ទំនប់​ធារាសាស្ត្រ ស្ថានីយ​វា​រី​អគ្គិសនី និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រហាក់ប្រហែល​ដទៃទៀត​។​

    ​អង្គភាព​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ទោះជា​អង្គភាព​រដ្ឋ ឬ​ឯកជន​ក្តី ដែល​យក​ធនធាន​រ៉ែ​សំណង់​មកប្រើប្រាស់​ដោយផ្ទាល់ ក្នុងការ​សាងសង់​ត្រូវមាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ស្របតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ នឹងត្រូវ​ធ្វើការ​ប្រកាស​សួយ​សារ​និង​បង់​ចំណូល​សួយ​សារ​លើ​តម្លៃ​ធនធាន​រ៉ែ ជូន​រដ្ឋ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

    ​អង្គភាព​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ត្រូវធ្វើ​ការប្រកាស​សួយ​សារ នៅ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល ឬ​នៅ​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី ខេត្ត ដែល​ទីតាំង​ការដ្ឋាន​យក​ធនធាន​រ៉ែ​សំណង់​នោះ ស្ថិតនៅ​ហើយ​ត្រូវ​បង់ថ្លៃ​សួយ​សារ លើ​តម្លៃ​ធនធាន​រ៉ែ តាម​លិខិត​បញ្ជា​បង់ប្រាក់​ចំណូល​លើ​តម្លៃ​ធនធាន​រ៉ែ ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ​និង​ថាមពល ឬ​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ខេត្ត​។​

    ​អង្គភាព​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ទោះជា​ធ្វើ​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់ ដោយ​ខ្លួនឯង​ឬ​ទិញ​ពី​ទីផ្សារ ហើយ​មានបំណង​រួច​ពី​កាតព្វកិច្ច​បង់​សួយ​សារ អង្គភាព​អនុវត្ត​គម្រោង​នោះ ត្រូវ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

    ​ក្នុងករណី​ដែល​ទទួលបាន​ការឯកភាព ពី​រាជរដ្ឋាភិបាល កំណត់ថា​កាតព្វកិច្ច​បង់​សួយ​សារ លើ​ធនធាន​រ៉ែ​សំណង់ ជា​បន្ទុក​របស់​រដ្ឋ នោះ​អង្គភាព​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ នៅតែមាន​កាតព្វកិច្ច​ក្នុងការ​ប្រកាស​អំពី​បរិមាណ​ធនធាន​រ៉ែ​សំណង់​ទាំងអស់ ដែល​គ្រោង​នឹង​ប្រើប្រាស់ ក្នុងការ​អនុវត្តន៍​គ​ម្រោ​ង​តាម​គោលការណ៍​កំណត់ របស់​ក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​គណនា សួយ​សារ ដែលជា​បន្ទុក​របស់រ​ដ្ឋ​។ បន្ទុក​សួយ​សារ ត្រូវ​បញ្ចូល​ជា​ចំណែក​មួយ នៃ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​គម្រោង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​របស់រ​ដ្ឋ​។​

    ​ករណី​ធនធាន​រ៉ែ​សំណង់ ដែល​យកមកប្រើ​ប្រាស់ ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ដែល​ត្រូវ​ទិញ​លើ​ទីផ្សារ អង្គភាព​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ត្រូវ​ទិញ​ពី​ក្រុមហ៊ុន ឬ​អាជីវករ ដែលមាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ត្រឹមត្រូវ​។ អង្គភាព​នោះ ទៅធ្វើ​ការប្រកាស​បរិមាណ និង​ប្រភព​ផ្គត់ផ្គង់​ធនធាន​រ៉ែ​សំណង់ ដែល​ប្រើប្រាស់​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ជូន​មក​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី ខេត្ត ដែល​ទីតាំង​គម្រោង​នោះ​ស្ថិតនៅ​។​

    ​ការប្រកាស​អំពី​បរិមាណ​ធនធាន​រ៉ែ​សំណង់ ត្រូវធ្វើ​នៅមុន​ពេលដែល​គម្រោង​ចាប់ផ្ដើម​អនុវត្ត ដោយ​ត្រូវ​បញ្ជាក់​ពី​ប្រភព​ទិញ​ធនធាន​រ៉ែ​សំណង់​នោះ និង​ត្រូវ​រាយការណ៍​ពី​បរិមាណ​ធនធាន​រ៉ែ​សំណង់ ដែល​បាន​ប្រើប្រាស់​ជាក់ស្ដែង​រៀងរាល់ 6 ខែម្ដង និង​នៅពេល​បិទ​បញ្ចប់​ការដ្ឋាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​ជា​ស្ថាពរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ