• TikTok ខាតលុយជាង ៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ក្រោយឥណ្ឌាបិទឆ្នាំមុន

    ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា បាន​ធ្វើ​ការ​ហាមឃាត់ ឈប់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ទូរសព្ទ ចំនួន ៥៩កម្មវិធី ដែល​មាន​នៅ​លើ​ប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយ​ពី​ពិនិត្យ​ឃើញ​ពី​គុណវិបត្តិ​ជា​ច្រើន ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំង​អស់​នេះ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ពួកគេ​តែ​ប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំ ក្នុងការលួចទាញយកទិន្នន័យទៀតផង។ TikTok ក៏​ជា​កម្មវិធី​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​នោះ ហើយ​ការ​បិទ​ឈប់​ឲ្យ​ប្រើ​នេះ នឹង​ធ្វើ​ឲ្យ​ TikTok ត្រូវ​ខាត​បង់​លុយ​ច្រើន​សន្ធឹក។

    គួរ​ដឹង​ថា​កាល​ពី​ខែ​មេសា​​ឆ្នាំ​មុន​ ឥណ្ឌា​ធ្លាប់​បិទ​កម្មវិធី TikTok រយៈពេល​មួយ​សប្ដាហ៍ ​ដោយ​ពេល​នោះ​តាម​​​ពាក្យ​បណ្ដឹង​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​ចោទ​ប្រកាន់​ថា TikTok ​ជា​បណ្ដុំ​កម្មវិធី​មាន​ចែកចាយ​មាតិកា​មិន​សមរម្យ​និង​អាសអាភាស​ដែល​ផ្ដោត​ខ្លាំង​លើ​កុមារ​និង​មនុស្ស​វ័យ​ជំទង់។ ក្រុមហ៊ុន​ដែល​ជា​អ្នក​បង្កើត​កម្មវិធី TikTok ឡើង​ ឈ្មោះ​ថា Bytedance Technology បាន​និយាយ​ថា​អំឡុង​ពេល​បិទ​មួយ​សប្ដាហ៍​នេះ ក្រុមហ៊ុន​​ត្រូវ​ខាត​បង់​ទឹក​ប្រាក់​ជាង ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​ជាង ២៥០​នាក់​ត្រូវ​ប្រឈម​មុខ​បាត់បង់​ការងារ​ថែម​ទៀត​ផង។

    តួលេខ​ពី​ក្រុមហ៊ុន​វិភាគ Sensor Tower ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា បាន​ឲ្យ​ដឹង​ថា​ឥណ្ឌា​ជា​ប្រទេស​​ដែល​បាន​ដំឡើង​កម្មវិធី​ TikTok ច្រើន​ជាង​គេ ដែល​មាន​ចំនួន​ទាញ​យក​សរុប ៦១១​លាន​ដង ស្មើ​នឹង ៣០,៣% នៃ​ចំនួន​ទាញ​យក​​សរុប។ ដូច​នេះ​ជា​មួយ​ការ​បិទ​ឈប់​ឲ្យ​ប្រើ​ដោយ​គ្មាន​កំណត់​រយៈពេល​លើក​នេះ នឹង​ធ្វើ​ឲ្យ​​កម្មវិធី​ TikTok ក៏​ដូច​ជា​កម្មវិធី​ចិន​ដទៃ​ទៀត​ត្រូវ​រង​ការ​ខាត​បង់​ជា​ខ្លាំង៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ