• WHO ព្រមាន៖ «ការរាតត្បាតជំងឺ COVID-19 នៅមិនទាន់ខិតទៅជិតទីបញ្ចប់នៅឡើយទេ»

    (ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានបញ្ជាក់នៅក្នុងប្រជុំខ្លីមួយ នាថ្ងៃចន្ទសប្តាហ៍នេះថា ជំងឺរាតត្បាតសកល COVID-19 មិនទាន់ឈានទៅជិត ទីបញ្ចប់នៅឡើយទេ ខណៈដែលចំនួនករណីឆ្លងជាសកល ទើបតែលោតរំលងតួលេខ ១០លាននាក់ ខណៈមនុស្សស្លាប់កើនដល់ជាងកន្លះលាននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

    ៦ខែបន្ទាប់ពីប្រទេសចិនបានប្រកាស អំពីការផ្ទុះជំងឺ COVID-19 ដំបូងនៅទីក្រុងវូហាន វីរុសនេះបានរាតត្បាតស្ទើរទូទាំងសកលលោកទៅហើយ។ ជុំវិញបញ្ហាដែលចេះតែបន្តទៅមុខនេះ លោកប្រធាន WHO បានលើកឡើងថា «មនុស្សភាគច្រើននៅតែងាយទទួលរងគ្រោះ ព្រោះវីរុសនេះនៅមានចន្លោះទំនេរជាច្រើន ដែលវាអាចបន្តរាតត្បាត…»។

    លោក ថេដ្រូស បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ចង់ឲ្យវីរុសផុតរលត់។ យើងចង់ឲ្យជីវិតយើងបានប្រសើរឡើងវិញ។ ប៉ុន្តែយើងមិនទាន់ខិតទៅជិត ទីបញ្ចប់នៃជំងឺរាតត្បាតសកលនេះនៅឡើយទេ។ បើទោះបីជាប្រទេសមួយចំនួន បានបង្ហាញសញ្ញាវិជ្ជមាននៃការទប់ស្កាត់ក្តី ប៉ុន្តែអ្វីដែលជាការពិត គឺជំងឺរាតត្បាតសកលនេះ កាន់តែបង្កើនល្បឿននៃការរាតត្បាត…»។

    គួរបញ្ជាក់ថា ប្រទេសដែលធ្លាប់តែបានធ្វើការទប់ស្កាត់ COVID-19 ប្រកបដោយជោគជ័យដូចជា ចិន កូរ៉េខាងត្បូង និងអូស្ត្រាលី ត្រូវបានគេមើលឃើញថា បានផ្ទុះករណីឆ្លងជាចង្កោមៗឡើងវិញ ដែលជាហេតុនាំឲ្យវឌ្ឍនភាពនៃការប្រយុទ្ធនឹងវីរុសនេះ មានភាពស្រពិចស្រពិល។ ដោយឡែកសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ដែលជាប្រទេសជាប់លេខ ១ និងលេខ ២ នៃករណីឆ្លង COVID-19 ខ្ពស់បំផុតនោះ នៅតែបន្តសន្ទុះនៃការឆ្លងរាប់ម៉ឺនករណីក្នុងមួយថ្ងៃៗដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ