(ភ្នំពេញ)៖ ខណៈដែលនៅតែរយៈពេល១ខែទៀតប៉ុណ្ណោះ តារាចម្រៀងបែបយុវវ័យ កញ្ញា យូរី នឹងផុតកិច្ចសន្យាច្រៀងជាមួយនឹងផលិតកម្ម «សាន់ដេ» ដែលជាទ្រនំមួយរូបនាងបានជ្រកសាងកេរ្តិ៍ឈ្មោះ អស់រយៈពេលជិត១០ឆ្នាំ។ នៅក្នុងដំណាក់កាលនេះ តារាចម្រៀងស្រីស្រស់ យូរី កំពុងតែធ្វើការពិចារណាឲ្យបានហ្មត់ចត់ថា ត្រូវនៅជ្រកក្នុងទ្រនំមួយនេះបន្ត ឬត្រូវសម្រេចចិត្តដើរចេញ ទៅរកទ្រនំថ្មី។
ម្ចាស់បទ «ចាក់ទឹកដូង» តារាចម្រៀង យូរី បានប្រាប់តាមរយៈសារអេឡិចត្រូនិកថា ការងារសិល្បៈរបស់នាង នៅក្នុងផលិតកម្ម សាន់ដេ គឺនៅមានរយៈពេលតែជាង១ខែទៀតប៉ុណ្ណោះ ត្រូវផុតកុងត្រា ជាមួយគ្នាហើយ។ អ្វីដែលត្រូវគិតនៅពេលនេះ គឺនាងកំពុងពិចារណាថា ត្រូវបន្តកិច្ចសន្យាថ្មី ឬត្រូវដើចេញពីផលិតកម្មនេះ ព្រោះជាការសម្រេចចិត្តចុងក្រោយ។
យ៉ាងណាមិញ នៅរយៈកាលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្រាប់តារាចម្រៀង យូរី គេបានសង្កេតឃើញនាងបញ្ចេញបទ បែបសិចស៊ីមួយ មានចំណងជើងថា «Bae» ដែលជាប្រភេទបទសម្រាប់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើង (18+) ធ្វើឲ្យកក្រើកលើបណ្ដាញសង្គម ខណៈដែលស្របពេលមានតម្រុយថា តារាចម្រៀង យូរី ជិតដាច់កុងត្រាជាមួយសាន់ដេ ដែលជាទ្រនំបច្ចុប្បន្នរបស់នាងទៅហើយ។
មានការសន្និដ្ឋានផ្សេងៗគ្នាមួយចំនួន ចាប់តាំងពី យូរី បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ជាប្រភេទសម្រាប់ប្រិយមិត្តដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង កាលពី៤ថ្ងៃមុន។ ការសង្ស័យនោះ ក៏ព្រោះថា បទថ្មីដែលបង្កប់ភាពសិចស៊ីដែលជាបទពិសោធន៍ដំបូង របស់តារាស្រីរូបនេះ គឺមិនបានចេញនៅក្នុងផលិតកម្ម «សាន់ដេ» ដែលជាផលិតកម្មនាងបានជ្រកកោនជាច្រើនឆ្នាំនោះទេ។ ប៉ុន្តែគឺបានចេញ នៅក្នុងផលិតកម្មថ្មីមួយផ្សេងទៀត។
ចំណុចនេះ នាំឲ្យមានការងឿងឆ្ងល់ថា តើហេតុអ្វីបានតារាស្រី យូរី ហ៊ានធ្វើបែបនេះ ខណៈដែលនាងកំពុងនៅជ្រកក្រោមផលិតកម្មសាន់ដេ នៅឡើយ។ ជុំវិញបញ្ហានេះ ក៏មានដំណឹងថា តាមពិត យូរី និងសាន់ដេ កាន់តែកៀកដល់ថ្ងៃចប់កិច្ចសន្យានឹងគ្នាទៅហើយ ក្រោយពីបានរួមរស់ជាមួយគ្នា អស់រយៈពេលជិត១០ឆ្នាំ។
សូមបញ្ជាក់ថា តារាចម្រៀង យូរី បានចូលច្រៀងនៅក្នុងផលិតកម្មសាន់ដេ តាំងពីឆ្នាំ ២០១៣ ដោយគិតមកទល់បច្ចុប្បន្នមានរយៈពេល ៧ឆ្នាំ ដែលនាងបានជ្រកក្រោមផលិតកម្មដ៏ចំណាស់មួយនេះ។ ក្នុងរយៈពេលជិត១០ឆ្នាំ យូរី ក៏ត្រូវបានផលិតកម្មលើកស្ទួយ ជួយឲ្យមានបទល្បីៗជាច្រើន។ បទរបស់ យូរី ដែលល្បីដំបូងនៅផលិតកម្មនេះ គឺបទ «Honey សំណព្វចិត្ត» និងបទ «សង្សារមួយថ្ងៃសង្សារមួយជីវិត» និងក្រោយមកទៀត នាងចាប់ផ្ដើមល្បីខ្លាំង ជាមួយប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ មានដូចជាបទ «ចាក់ទឹកដូង» និងបទ «នំប៉័ងប៉ាតេ» ជាដើម៕