ភ្នំពេញ៖ យើងដឹងស្រាប់ហើយថាភាពជាឯកជន ពិតជាមានសារសំខាន់សម្រាប់មនុស្សម្នាក់ៗ ក្នុងការរស់នៅដើម្បីការពារសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ហើយនាពេលបច្ចុប្បន្ននេះ ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដែលត្រូវបានរងការចោទប្រកាន់ពីការលួចយកព័ត៌មានឯកជនភាព របស់អ្នកប្រើប្រាស់ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដូចជាយកទៅធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬក៏លក់ព័ត៌មានទាំងនោះ ទៅឱ្យក្រុមហ៊ុនផ្សេងទៀត។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាន របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០។
ប្រភពដដែល បានបន្តថា ស្របពេលជាមួយគ្នានេះដែរ ប្រព័ន្ធប្រតិបត្តិការ iOS 14 ដែលទើបតែដាក់ឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់សាកល្បង ហើយមិនទាន់បានចេញជាផ្លូវការនៅឡើយផងនោះ ក៏បានរកឃើញថា មានក្រុមហ៊ុនមួយចំនួនបានទាញយកទិន្នន័យឯកជនភាពពី Clipboards របស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេ។ ការរកឃើញនេះក៏ដោយសារការបន្ថែមមុខងារសុវត្ថិភាពថ្មីរបស់ iOS 14 សម្រាប់តាមដានកម្មវិធីណាដែលទាញយកទិន្នន័យពី Clipboards ហើយធ្វើការជូនដំណឹងរាល់ពេលដែលវាកើតឡើងដល់អ្នកប្រើប្រាស់ដើម្បីឱ្យមានការប្រុងប្រយ័ត្ន។ សូមបញ្ជាក់ផងដែរថា Clipboards គឺជាកន្លែងដែលកុំព្យូទ័ររក្សាទុកទិន្នន័យជាបណ្ដោះអាសន្ន មុនពេលត្រូវបានយកទៅចម្លងឱ្យទីតាំងផ្សេងៗទៀត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ថែមទៀតថា កន្លងទៅក្រុមហ៊ុនធំៗមួយចំនួនបានធ្វើការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់តាមរយៈវិធីនេះ ប៉ុន្តែគេរកឃើញថាក្រុមហ៊ុន TikTok ដែលជាក្រុមហ៊ុនចែករំលែកវីដេអូខ្លីៗ កំពុងតែពេញនិយម និងទទួលបានភាពល្បីល្បាញខ្លាំងក្នុងបណ្ដាញសង្គម បានទាញយកទិន្នន័យយ៉ាងសម្បើមពីអ្នកប្រើប្រាស់របស់ខ្លួន បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃទៀត ដែលមានហ្គ៊េម និងកម្មវិធីដ៏ពេញនិយមមួយចំនួន ដូចជា Bejeweled, Fruit Ninja, Plants vs Zombies Heroes និង Viber ជាដើម។
Adtag for Mobile Underlay:-
កាលពីពេលថ្មីៗនេះលោក Jeremy Burge ជាប្រធានផ្នែក នៅឯ Emojipedia បានបង្ហាញថាកម្មវិធី TikTok បានទាញយកទិន្នន័យពី Clipboards រាល់ពេលដែលលោកអ្នកបានថតចម្លង (copy) អ្វីមួយ សូម្បីតែពេលអ្នកកំពុងប្រើកម្មវិធីផ្សេងទៀតដូចជា Instagram ក៏ដោយ។ ក្រុមហ៊ុន TikTok បានធ្វើការកែសម្រួលបញ្ហានេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS ក៏ប៉ុន្តែគេនៅមិនទាន់ដឹងថាតើក្រុមហ៊ុននេះ នឹងមានការកែសម្រួលសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅឡើយទេ ព្រោះថាប្រព័ន្ធប្រតិបត្តិការ Android មិនមានការតាមដានពីបញ្ហានេះដូចប្រព័ន្ធប្រតិបត្តិការ iOS ទេ៕