• ក្រសួងសុខាភិបាល នឹងសាកល្បងបំពាក់ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ នៅខេត្ដសៀមរាប ដើមខែកក្កដា

    (ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាល នឹងសាកល្បងដាក់បំពាក់ម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ១៩ ជាលើកដំបូង នៅខេត្ដសៀមរាប នៅដើមខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ហើយបន្ទាប់ពីនោះ នឹងបន្ដដាក់នៅតាមបណ្ដាខេត្ដមួយចំនួនទៀត ដែលមានរហូតដល់៦៤ទីតាំងផ្សេងៗគ្នា សរុបចំនួន៨៣ម៉ាស៊ីន។

    ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា «បន្ទាប់ពីប្រទេសនៅលើសកលលោក បានយកម៉ាស៊ីន ជីនអិចស្ពើត (Xpert MTB/RIF) ដែលជាម៉ាស៊ីនធ្វើតេស្ដរករោគវិនិច្ឆ័យរបេង យកមកពិនិត្យរកជំងឺកូវីដ១៩ ឃើញថាមានប្រសិទ្ធភាព ហេតុនេះយើងក៏យកម៉ាស៊ីននេះ ដែលយើងមានស្រាប់ យកទៅដាក់សាកល្បងដំបូងគេនៅខេត្ដសៀមរាប»។

    រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «យើងក៏កំពុងបន្ដបណ្ដុះបណ្ដាលបច្ចេកទេស ដល់ក្រុមគ្រូពេទ្យរបស់យើងបន្ថែមទៀតផងដែរ សម្រាប់បទសោធន៍ការងារថ្មីមួយនេះ»។

    លើសពីនោះ «ដើម្បីទប់ស្កាត់ការរាលត្បាតនៅក្នុងសហគមន៍ ឬការផ្ទុះឡើងជារលកទី២នោះ យើងនឹងបន្ដប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងពង្រឹងនៅតាមច្រកចេញចូលទាំងអស់ ខណៈដែលយើងឃើញហើយថា ករណីរកឃើញជំងឺកូវីដ១៩ កន្លងមកនៅកម្ពុជា សុទ្ធជាករណីនាំចូលពីក្រៅប្រទេស ដូច្នេះ រកឃើញភ្លាមយើងនឹងចាប់ឱ្យជាប់ យកមកព្យាបាល និងតាមដានរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលភ្លាមៗ មកធ្វើតេស្ដ និងដាក់ចត្ដាឡីស័ក»។ នេះបើតាមលោករដ្ឋមន្រ្តី។

    គិតចាប់ពីខែមករា ដល់ខែមិថុនានេះ ក្រសួងសុខាភិបាល បានធ្វើតេស្ដរកមេរោគកូវីដ១៩ ដល់អ្នកជំងឺកូវីដ និងអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រមាណជាង ៣ម៉ឺននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ