• ព្រឹកថ្ងៃនេះ សម្តេចតេជោ អនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។

    ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើសកលលោកកំពុងបង្កជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ សម្រាប់កម្ពុជា ក៏ដូចគ្នាផងដែរ សេដ្ឋកិច្ចបានជួបឱនភាពមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជា ក៏បានជួបការលំបាកផងដែរ ព្រោះតែជំងឺកូវីដ១៩ ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ។

    សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងអ្នកងាយគ្រោះក្នុងកំលុងពេលកើតជំងឺកូវីដ១៩។ កាលពីខែឧសភា កន្លងទៅនេះ រាជរដ្ឋាភិបាល បានណែនាំទៅកាន់ក្រុមការងារថ្នាក់ជាតិទាំងអស់ឱ្យចុះស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកំលុងពេលជំងឺកូវីដ១៩ រាតត្បាត ដើម្បីរាជរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ជួយសម្រួលការលំបាករបស់ពួកគេ។

    ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងខេត្តកណ្តាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបញ្ចេញថវិកាប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែ ដើម្បីជួយដល់ប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាពប្រមាណជា ៦០ម៉ឺនគ្រួសារ។

    បើតាមអនុក្រឹត្យស្តីពីការឧបត្ថម្ភសាច់ប្រាក់ដែលបណ្ដាញព័ត៌មានទទួលបាននាពេលថ្មីៗនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

    ក្នុងអនុក្រឹត្យ ក៏បានបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់ ត្រូវផ្តល់ជូនក្នុងមួយខែមានចន្លោះពី១៦,០០០រៀល ទៅដល់១២០,០០០រៀល។ កម្រិតសាច់ប្រាក់ ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទគ្រួសារក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមប្រភេទគ្រួសារនៅក្នុងរាជធានី និងជនបទផងដែរ។

    នាពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានណែនាំទៅដល់ក្រុមការងារថ្នាក់ជាតិទាំងអស់ ឱ្យនាំយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់នានាជួយដល់អ្នកមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ផងដែរ។

    សូមបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៣០នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១២៧នាក់ និង ៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ