• យប់មិញ Apple បង្ហាញ iOS 14 មានកែរូបរាងច្រើនណាស់

    (សាន់ហ្រ្វាន់សុីស្កូ)៖ ក្រុមហ៊ុន Apple ទើបតែបានបង្ហាញខ្លួនប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយសម្រាប់ iPhone គឺ iOS 14 ដោយក្នុងនោះ​ផ្នែកទំព័រនៅ Home Screen ទទួលបានការអាប់ដេតធំជាងគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២០។

    iOS 14 បញ្ចូលនូវមុខងារថ្មីហៅថា «App Library» ដែលនឹងរៀបចំកម្មវិធី (App) នានានៅលើ iPhone ឲ្យមានរបៀបរៀបរយ ហើយ Widget ក៏ត្រូវបានរចនាឲ្យថ្មីសន្លាងស្អាតជាងមុនផងដែរ។ Widget នៅក្រោម iOS 14 បង្ហាញព័ត៌មានថ្មីៗទាន់ពេលវេលា ដោយគ្រាន់តែក្រឡេក​មើលមួយភ្លែតប៉ុណ្ណោះ ហើយពួកវាអាចដាក់ឲ្យនៅជាប់នឹងទំព័រ Home Screen បាន តាមទំហំខុសៗគ្នា។ អ្នកប្រើប្រាស់ក៏អាចកំណត់ឲ្យ​ Widget ណាមួយដែលខ្លួនចង់បាន បង្ហាញវត្តមានលើអេក្រង់ តាមម៉ោង ទីកន្លែង និងសកម្មភាពផ្សេងៗបានផងដែរ។

    សម្រាប់មុខងារថ្មី App Library នឹងធ្វើការរៀបចំដោយស្វ័យប្រវត្តិលើកម្មវិធី App ទាំងអស់របស់អ្នកប្រើប្រាស់ ឲ្យមានសណ្តាប់ធ្នាប់ ដោយ​កម្មវិធីទាំងនោះ ត្រូវបានបែងចែកតាមប្រភេទរបស់ពួកវា។ លើសពីនេះ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសលាក់ទំព័រ Home Page ប៉ុន្មាន​ក៏​បានផងដែរ ដើម្បីអាចងាយអូសទៅដល់ App Library។ មុខងារដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺ Picture-in-Picture ដែលអនុញ្ញាតឲ្យ​អ្នកប្រើប្រាស់ ប្រើកម្មវិធីផ្សេងៗទៀតបាន ពេលកំពុងទស្សនាវីដេអូ ឬនិយាយ FaceTime។

    គួរជម្រាបថា នៅក្រោម iOS 14 គ្រប់ App ទាំងអស់ នឹងត្រូវសុំការអនុញ្ញាតពីអ្នកប្រើប្រាស់ជាមុនសិន មុនអាចតាមដាននិងប្រមូលទិន្នន័យ​ពីអ្នកប្រើប្រាស់។ បើតាមក្រុមហ៊ុន Apple ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះ នឹងត្រូវបញ្ចេញឲ្យអ្នកប្រើប្រាស់អាចអាប់ដេតបាន នៅចន្លោះខែកញ្ញានិងខែធ្នូ ឆ្នាំ២០២០ សម្រាប់​ iPhone ស៊េរីចាប់ពី 6s ឡើងទៅ។ iOS 14 ត្រូវ Apple បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Worldwide Developers Conference (WWDC) ដែលបាន​ចាប់ផ្តើមនាថ្ងៃចន្ទសប្តាហ៍នេះ ហើយនឹងបន្តរហូតដល់ថ្ងៃសុក្រ តាមអនឡាញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ