• អឺរ៉ុប ព្រមានចិនពីការអនុម័តច្បាប់ថ្មីលើហុងកុង ខណៈចិនតបវិញថា «វាជាកិច្ចការផ្ទៃក្នុងចិន»

    (ព្រុចសែល)៖ សហភាពអឺរ៉ុបជាថ្មីម្ដងទៀតបានព្រមានចិនថា អាចនឹងជួប «ផលវិបាកជាអវិជ្ជមាន» បើសិនជាទីក្រុងប៉េកាំង មិនព្រមបោះចោលផែនការដាក់ឱ្យអនុវត្ត «ច្បាប់សន្តិសុខជាតិថ្មី» លើទីក្រុងហុងកុងទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។

    ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺឡេយែន (Ursula von der Leyen) និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឈែល (Charles Michel) បានព្រមាន និងបង្ហាញក្ដីបារម្ភរបស់ខ្លួន ប្រាប់ថ្នាក់ដឹកនាំកំពូលចិន កំឡុងកិច្ចប្រជុំកំពូលមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទសប្តាហ៍នេះ។

    លោក Charles Michel បានលើកឡើងដូច្នេះថា «យើងពិតជាការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញសេចក្ដីព្រាងច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង… ហើយយើងអំពាវនាវឱ្យទីក្រុងប៉េកាំង គោរព និងអនុវត្តតាមពាក្យ សន្យាចំពោះប្រជាជនហុងកុង និងសហគមន៍អន្តរជាតិ ក្នុងការរក្សាការពារស្វ័យភាព និងសេរីភាពរបស់ទីក្រុងហុងកុង»។

    ទោះជាយ៉ាងណា ជាការឆ្លើយនឹងការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានអះអាងថា បញ្ហាពាក់ព័ន្ធនឹងទីក្រុងហុងកុង «គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន» ដែលប្រឆាំងជំទាស់ជាដាច់ខាតរាល់ការជ្រៀតជ្រែក ឬលូកលាន់កិច្ចការផ្ទៃក្នុងមួយនេះ។

    គួរជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅ សមាជិកសភាអឺរ៉ុបក៏បានអនុម័តផងដែរ លើដំណោះស្រាយមួយ ដែលអនុញ្ញាឱ្យសហភាពអឺរ៉ុប ប្ដឹងចិនឡើងតុលាការយុត្តិធម៌អន្តរជាតិ បើសិនជាទីក្រុងប៉េកាំង ពិតជាដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ។ ច្បាប់សន្តិសុខជាតិថ្មី ដែលមានគោលដៅប្រឆំាងនឹងសកម្មភាពបំបែករដ្ឋ, បង្កចលាចល និងភេរវកម្ម ត្រូវបានចិនបញ្ជាក់ជាច្រើនលើកថា នឹងមិនបំផ្លាញដល់ស្វ័យភាព ឬសេរីភាពរបស់ទីក្រុងហុងកុងឡើយ ផ្ទុយទៅវិញវាមានតែជួយពង្រឹងច្បាប់ និងសណ្ដាប់ធ្នាប់នៃ អតីតដែនដីអាណានិគមអង់គ្លេសមួយនេះតែប៉ុណ្ណោះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ