• អា​មេ​រិច និង​រុស្ស៊ី ជួបគ្នា​នៅ​វៀតណាម ចរចា​គ្នា​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

    ប្រទេស​អា​មេ​រិច និង​រុស្សី នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជួបគ្នា​នៅក្នុង​ប្រទេស​វៀតណាម ដើម្បី​ធ្វើការ​ពិភាក្សាគ្នា​លើ​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​ពួកគេ ក្រោយពេល​មាន​ភាព​តានតឹង និង​ភាពមិន​ស៊ីចង្វាក់​គ្នា​ជុំវិញ​អ្វីដែល​ពួកគេ​មើលឃើញថា ជា​តម្លៃ​នៃ​ការគ្រប់គ្រង​អាវុធ​។​

    ​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​បាន​ទ​ទួ​ច​ឲ្យ​ចិន​មានការ​ចូលរួម​ក្នុង​កិច្ចពិភាក្សា New START ដែលជា​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​រវាង​អា​មេ​រិច និង​រុស្សី ព្រោះថា​ចិន​រហូតមក​ដល់ពេលនេះ មាន​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​អ្វីដែល​គេ​ចូលចិត្ត​ក្នុងការ​អភិវឌ្ឍន៍​អាវុធ​។​

    ​ទោះយ៉ាងណា ចិន​មិន​បង្ហាញ​សញ្ញា​ពី​ការ​ការចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ឡើយ​។​

    ​លោក Daryl Kimball នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​គ្រប់គ្រង​អាវុធ​នៅ​វ៉ាស៊ីនតោន បាន​និយាយថា ការទទួល​ឲ្យ​ចិន​ចូលរួម​បង្ហាញ​សញ្ញា​ថា រដ្ឋបាល​របស់លោក​ត្រាំ មិនមាន​ភាពម៉ឺងម៉ាត់​ចំពោះ​កិច្ចព្រមព្រៀង​ឡើយ​។​

    ​លោក​ថ្លែងថា “​ការសន្និដ្ឋាន​តែមួយ​គ​តរបស់​ខ្ញុំ​គឺថា រដ្ឋបាល​របស់លោក​ត្រាំ មិនមាន​ចេតនា​ពង្រីក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ New START ឡើយ និង​ព្យាយាម​ឲ្យ​ចិន ដែល​មិន​ចាប់អារម្មណ៍​សោះ​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ត្រីភាគី​ស្តី​ព​ការគ្រប់គ្រង​អាវុធ ដែល​នេះ​ជា​លេស​មួយ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ផុត​ការ​បរិច្ឆេទ​”​។​

    ​លោក​ត្រាំ បាន​លុបចោល​ស​ន្និ​សញ្ញា​ជាច្រើន​ជាមួយនឹង​រុស្សី ដូច​ជាស​ន្និ​សញ្ញា​ស្តី​ហោះហើរ​លើ​ដែនអាកាស និង​នុយក្លេអ៊ែរ​ចម្ងាយ​ធ​ម្យ​ម​។​

    ​ទោះយ៉ាងណា​ក៏ដោយ ឯកអគ្គរដ្ឋទូត​អា​មេ​រិច លោក Marshall Billingslea និង​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Sergei Ryabkov នឹងធ្វើ​ការពិភាក្សា​នៅ​ថ្ងៃ​អ​នា​គិត​ពីស​ន្និ​សញ្ញា New START ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ ២០១០ និង​ត្រូវផុត​ការ​បរិច្ឆេទ​វិញ​នៅ​ខែ កុម្ភៈ ឆ្នាំ ២០២១​ខាងមុខ​។

    ​ហេតុនេះហើយ វា​ធ្វើ​ឲ្យ​មាន​ពេលវេលា​សល់​តិចតួច ដើម្បី​បន្ត​កិច្ចព្រមព្រៀង​ដ៏​ស្មុគស្មាញ ជាពិសេស​នឹងមាន​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។ កុំ​ទាន់​និយាយ​ពី​កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​ការចូលរួម​ពី​ភាគី​ចិន​សិន​។​

    ​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង New START ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១០ រវាង​មហាអំណាច​ទាំងពីរ ដោយ​វា​បានដាក់​កម្រិត​ឲ្យ​ភាគី​ទាំងពីរ​មាន​ក្បាល​នុយក្លេអ៊ែរ​មិន​លើសពី ១.១៥០​គ្រាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ