• ទីបំផុត អូស្ត្រាលីរកឃើញវិធីលឿន និងថោកដែលអាចរកឃើញ​វីរុសកូរ៉ូណាក្នុងលូទឹកស្អុយ

    (ស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវមកពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិអូស្ត្រាលី បានរកឃើញវិធីសាស្ត្រដែលលឿន ហើយធូរថ្លៃជាងមុន សម្រាប់ការតាមដាន និងស្វែងរកវីរុសកូរ៉ូណា (COVID-19) ដែលមាននៅក្នុងប្រព័ន្ធលូទឹកស្អុយ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានស៊ីនហួរនារៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

    អង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្មឯករាជ្យដែលហៅកាត់ថា CSIRO នៅថ្ងៃសុក្រនេះបានបង្ហាញថា ខ្លួនបានធ្វើឲ្យប្រសើរឡើងនូវវិធីសាស្ត្រ សម្រាប់ប្រមូលសំណាកពីទឹកស្អុយ ដែលអាចជាប្រភពនៃការចម្លង COVID-19 នៅក្នុងសហគមន៍។

    វេជ្ជបណ្ឌិត វ៉ារីស អាហ៍ម៉េដ (Warish Ahmed) ដែលបានដឹកនាំការសិក្សានេះបាននិយាយថា ការត្រួតពិនិត្យ និងតាមដានប្រព័ន្ធលូទឹកស្អុយ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19 ។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា «យើងនឹងបន្តធ្វើឲ្យប្រសើរឡើងសម្រាប់វិធីសាស្ត្រប្រមូលសំណាក និងត្រួតពិនិត្យរកវីរុស ដើម្បីផ្តល់នូវលទ្ធផលត្រឹមត្រូវ និងរហ័សជាងមុនទៅទៀត»។

    នៅក្នុងការសិក្សាថ្មីចុងក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបញ្ជាក់ថា ដំណើរការតាមដាន និងស្វែងរកប្រភពចម្លង COVID-19 នៅតាមប្រព័ន្ធលូទឹកស្អុយ សម្រាប់សំណាកនិមួយៗ ត្រូវការចំណាយពេលត្រឹមតែ ១៥នាទី ទៅ ៣០នាទីប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ