• Tesla Model S បំបែកកំណត់ត្រាជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលអាចបើកបានជិត 650គីឡូម៉ែត្រ

    រថយន្ត Tesla Model S Long Range Plus ស៊េរីឆ្នាំ២០២០ ទើបតែបានបំបែកកំណត់ត្រាថ្មីមួយ ពីទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ដោយបានក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលអាចបើកបានក្នុងចម្ងាយ ៦៤៧គីឡូម៉ែត្រ ឬ ៤០២ម៉ាយ នៅពេលសាកថ្មពេញម្ដង។ រថយន្តនេះគឺសម្រាប់ទីផ្សារនៅអាមេរិក​ខាងជើង ជាមួយនឹងការផ្លាស់ប្ដូរពីជំនាន់ “Long Range” ទៅជា “Long Range Plus” ពោលគឺរថយន្ត Tesla Model S ស៊េរីថ្មីឆ្នាំ២០២០ ដែលបានផលិតចេញចាប់ពីខែមករា សុទ្ធតែមានសមត្ថភាពបើកបានក្នុងចម្ងាយនេះទាំងអស់។

    ការបំបែកកំណត់ត្រាថ្មីនេះគឺដើម្បីជាភាពកក់ក្ដៅ និងការបញ្ជាក់ជាផ្លូវការថ្មីមួយ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Tesla ដោយសារថាមួយរយៈមុន EPA បានរាយតម្លៃថា Model S Long Range Plus អាចជិះបានតែ ៣៩១ម៉ាយ ឬ ៦៣០គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្ដងប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាលោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុន Tesla មិនពេញចិត្តជាមួយការវាយតម្លៃនោះទេ ដោយបាននិយាយថា EPA បានធ្វើឱ្យមានកំហុសក្នុងការវាយតម្លៃនេះ។

    កាលនោះ EPA ក៏បានប្រតិកម្មតបមកលោក Elon Musk វិញដែរ ដោយបានប្រាប់ថា ពួកគេបានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់។ យ៉ាងណាក៏ដោយលោក Elon Musk នៅតែជំនះចង់ឱ្យមានការធ្វើតេស្ដលើ Model S នៅពេលដែល EPA បើកទ្វារធ្វើការវិញ ហើយនៅទីបំផុតរថយន្ត Tesla Model S Long Range Plus ស៊េរីឆ្នាំ២០២០ អាចបំបែកកំណត់ត្រាតាមអ្វីដែលខ្លួនរំពឹងទុក។ គួរឱ្យដឹងផងដែរថា Model S ស៊េរីឆ្នាំ២០២០ គឺជាម៉ូដែលថ្លៃបំផុតក្នុងជួររថយន្តអគ្គិសនីរបស់ Tesla ដោយមានតម្លៃចាប់ពី ៧៥,០០០ ដុល្លារអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ