• តាមការស្ទង់មតិ៖ ពលរដ្ឋថៃភាគច្រើនមិនទាន់ចង់ឱ្យបរទេសត្រឡប់មកវិញទេ ព្រោះខ្លាចមានរលកទី២ នៃជំងឺ COVID-19

    ស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង ប៉ុន្តែយ៉ាងណាប្រជាជនថៃជាច្រើនភ័យខ្លាចថា ការបើកទ្វារឱ្យភ្ញៀវទេសចរបរទេសចូលមកឆាប់ពេក អាចនាំជំងឺ COVID-19 ចូលមកប្រទេសខ្លួនម្ដងទៀត។ យោងទៅតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Suan Dusit Rajabhat ឬការស្ទង់មតិ Dusit បានបង្ហាញថា ប្រជាជនថៃភាគច្រើនមិនចង់ឱ្យភ្ញៀវទេសចរបរទេស វិលត្រឡប់មកប្រទេសថៃវិញនោះទេ ដោយសារភ័យខ្លាចចំពោះរលកទី២ នៃជំងឺ COVID-19 ហើយជនជាតិថៃគួរតែអាចរីករាយនឹងប្រទេសរបស់ខ្លួនជាមុនសិន។

    ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមអ៉ីនធឺណេតចន្លោះពីថ្ងៃទី០៩ ដល់ទី ១២ ខែមិថុនា លើមនុស្សចំនួន ១,១១៦ នាក់ នៅទូទាំងប្រទេសថៃ។ ការបញ្ចេញមតិរបស់ពួកគេត្រូវបានដកស្រង់ឡើង បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបន្ធូរបន្ថយការរឹតត្បឹតដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ ការស្រង់មតិនេះក៏បានជំរុញប្រជាជនថៃ ដើម្បីឱ្យពួកគេទៅលេងកន្លែងនានានៅទូទាំងប្រទេស ដើម្បីជួយជំរុញនិងស្ដារសេដ្ឋកិច្ចក្នុងវិស័យនេះឡើងវិញផងដែរ។

    អ្នកឆ្លើយសំណួរនីមួយៗត្រូវបានអនុញ្ញាតឱ្យផ្តល់ចម្លើយច្រើនជាងមួយ នៅពេលត្រូវបានគេសួរយោបល់ថា តើពួកគេគិតថាត្រូវចំណាយពេលប៉ុន្មានទើបទេសចរណ៍អាចត្រឡប់មកជាប្រក្រតីវិញ? ក្នុងចំណោមពួកគេមាន ៤១.៤០% គិតថាក្នុងរយៈពេលមួយឆ្នាំ, ២៥.៩០% គិតថាក្នុងរយៈពេល ៦ខែ, ២០.៥២% គិតថាក្នុងរយៈពេល ២ឆ្នាំ និង ១២.១៨% គិតថាក្នុងរយៈពេលជាង ២ឆ្នាំ។

    នៅពេលសួរថា តើពួកគេចង់ឱ្យទេសចរបរទេសវិលត្រឡប់មកប្រទេសថៃវិញឆាប់ៗដែរទេ? មានភាគរយរហូតដល់ទៅ ៧៥.៧២% បាននិយាយថា “ទេ” ជាមួយនឹង ៥៤.៣៩% និយាយថា ពួកគេចង់ឱ្យប្រជាជនថៃដើរលេងប្រទេសរបស់ខ្លួនឱ្យសប្បាយចិត្តជាមុន មុនពេលទៅកន្លែងផ្សេងទៀត។ និង ២១.៣៣% និយាយថា ពួកគេខ្លាចជនបរទេសបង្កឱ្យមានរលកទី២ នៃជំងឺ COVID-19 ។ ប៉ុន្តែយ៉ាងណា ២៤.២៨% ទៀតគិតថា ទេសចរបរទេសអាចជួយបង្កើនសេដ្ឋកិច្ចរបស់ថៃ និងរកចំណូលឱ្យប្រទេសមួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ