• លោក ដូណាល់ ត្រាំ៖ ខ្ញុំនឹងចុះចេញពីតំណែងដោយសន្តិវិធី, បើខ្ញុំចាញ់ក្នុងការបោះឆ្នោត នៅខែវិច្ឆិកា

    (វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បាននិយាយថា នឹងចុះចេញពីតំណែងដោយសន្តិវិធី បើសិនជាលោកចាញ់នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ ប៉ុន្តែវានឹងក្លាយជារឿងមិនល្អសម្រាប់សហរដ្ឋអាមេរិកទាំងមូល បើលោកពិតជាមិនអាចជាប់ឆ្នោតមួយអាណត្តិទៀតមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០។

    ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេក្ខជនប្រធានាធិបតីអាមេរិក មកពីខាងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន អះអាងថា យោធាអាមេរិកនឹងអូសលោក ដូណាល់ ត្រាំ ចេញពីសេតវិមាន ក្នុងករណីដែលប្រធានាធិបតីបច្ចុប្បន្នរូបនេះ ចាញ់ការបោះឆ្នោត ហើយនៅតែក្រាញ ននាលមិនព្រមចុះចេញពីតំណែង។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិតណាស់, បើខ្ញុំចាញ់ក្នុងបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ខ្ញុំនឹងចុះចេញពីតំណែង…ប៉ុន្តែខ្ញុំគិតថាវានឹងក្លាយជា រឿងមិនល្អសម្រាប់សហរដ្ឋអាមេរិក បើខ្ញុំចាញ់ឆ្នោតមែននោះ»។

    គួរបញ្ជាក់ថា ក្រោយការផ្ទុះឡើង COVID-19 និងការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ដែលបង្កឱ្យមានបាតុកម្មតវ៉ាទូទាំងសហរដ្ឋអាមេរិក ការស្ទង់មតិ ជាច្រើន បានបង្ហាញថាការគំាទ្ររបស់លោក ដូណាល់ ត្រាំ បានធ្លាក់ចុះយ៉ាងខ្លាំង ប្រឈមមុខនឹងលោក ចូ បៃដិន។ លោក បៃដិន បច្ចុប្បន្ន ទទួលបានសំឡេងគាំទ្រ គ្រប់គ្រាន់ហើយ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ចូលរួមប្រជែងយក កៅអីប្រធានាធិបតីជាមួយលោក ដូណាល់ ត្រាំ នៅខែវិច្ឆិកា ឆ្នាំ២០២០ ដោយរង់ចាំតែការប្រកាសតែងតាំងជាផ្លូវការ ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ខាងមុខនេះតែប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ