• កាហ្វេមានប្រវត្តិយ៉ាងណាខ្លះ?

    (បរទេស)៖ កាហ្វេគឺជាភេសជ្ជៈផលិតចេញពីគ្រាប់រលីងនៃប្រភេទរុក្ខជាតិបៃតងត្រូពិចម៉្យាង ដែលមានប្រភពដើមចេញមកពីទ្វីបអាហ្វ្រិក។ កាហ្វេគឺជាភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈទាំងបីប្រភេទ ដែលទទួលបានការពេញនិយមទទួលទានបំផុតនៅលើពិភពលោក រួមមាន តែ នឹងទឹកពិសារបរិសុទ្ធ ហើយវាក៏ជាប្រភេទទំនិញអន្តរជាតិមួយ ដែលរកប្រាក់ចំណូលបានច្រើនបំផុត។

    សព្វថ្ងៃកាហ្វេមានច្រើនមុខណាស់ ប៉ុន្តែភេសជ្ជៈនេះមានភាពពេញនិយមជាពិសេស ដោយសារតែឥទ្ធិពលនៃរស់ជាតិរបស់វា ដែលធ្វើឲ្យយើងទទួលទានហើយអាម្មណ៍ថា ពោរពេញដោយថាមពល និងស្មារតីភ្លឺស្វាង។ ឥទ្ធិពលនេះគឺបង្កឡើងដោយសាជាតិកាហ្វេអ៉ិន ដែលជាសារធាតុអាល់កាឡាំងមាននៅក្នុងភេសជ្ជៈកាហ្វេ។

    បច្ចុប្បន្នពូជរុក្ខជាតិកាហ្វេតែពីរប្រភេទប៉ុណ្ណោះ ដែលកំពុងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ការផលិតកាហ្វេស្ទើរតែនៅជុំវិញពិភពលោកទាំងមូល នោះគឺ Coffee Arabica ជាពូជកាហ្វេមកពីអារ៉ាប់ និង Coffee Robusta Canephora ជាពូជកាហ្វេមកពីអាហ្រ្វិក។ បើទោះបីជាកាហ្វេត្រូវ បានរកឃើញដំបូងបំផុត នៅទ្វីបអាហ្រ្វិកក៏ដោយ គឺពូជកាហ្វេអារ៉ាប់ Coffee Arabica ត្រូវបានប្រើប្រាស់ច្រើនជាង សម្រាប់ការផលិតនៅ សព្វថ្ងៃនេះ។

    មូលហេតុគឺព្រោះតែប្រភេទកាហ្វេ Arabica មានរសជាតិឈ្ងុយឆ្ងាញ់បែបស្រាលស្រទន់ និងមានក្លិនក្រអូបជាងប្រភេទពូជ Robusta Canephora។ គ្រាប់ពូជកាហ្វេ Arabica មានរូបរាងវែងៗនិងសំប៉ែតជាងគ្រាប់ពូជកាហ្វេ Robusta និងតម្រូវឲ្យដាំដុះនៅតាមតំបន់ ដែលមានអាកាសធាតុត្រជាក់សាប់ត្រូពិច លើដីមានសំណើមច្រើន និងជាទីកន្លែងពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ប៉ុន្តែត្រូវមានម្លប់ដែរ។ ប្រទេសអារ៉ាប់ អាមេរិកឡាទីន អាហ្វ្រិកខាងកើត ព្រមទាំងអាស៊ី គឺសុទ្ធសឹងតែជាតំបន់នាំមុខនៃការផលិតពូជកាហ្វេនេះ។

    ការផលិតរបស់កាហ្វេ Robusta គឺមានតម្លៃថោកជាង ព្រមទាំងមានបរិមាណជាតិកាហ្វេអ៉ិនច្រើនជាង ពូជកាហ្វេ Arabica ពីរដង ដែលភាគច្រើនគ្រាប់ពូជកាហ្វេនេះ ត្រូវបានជ្រើសរើសយកទៅប្រើប្រាស់សម្រាប់ម៉ាកកាហ្វេដែលមានតំលៃថោក។ ប្រទេសប្រេស៊ីល អាហ្វ្រិកខាងលិចនិងកណ្តាល ព្រមទាំងភូមិភាគអាស៉ីអាគ្នេយ៍ គឺជាតំបន់នាំមុខនៃអ្នកផលិតកាហ្វេ Robusta នេះ។

    * រឿងរ៉ាវប្រវត្តិសាស្រ្តនៃកាហ្វេ

    ដើមរុក្ខជាតិកាហ្វេប្រហែលមកពីប្រទេសអេត្យូពី ត្រូវបានគេយកទៅកាន់ភាគខាងត្បូងតំបន់អារ៉ាប់ ហើយដាក់ដាំដុះនៅទីនោះកាលពី សតវត្សទី១៥។ ខណៈកាហ្វេត្រូវបានចាប់ផ្តើមដាំដុះនៅអារ៉ាប់ អាជ្ញាធរអ៉ីស្លាមបានប្រកាសចាត់ទុក កាហ្វេជាភេសជ្ជៈផ្ទុកជាតិស្រវឹង ដូច្នេះហើយគឺត្រូវហាមឃាត់ដោយគុម្ពី Qurān របស់អ៉ីស្លាម ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានប្រជាជនម៉ូស្លីមជាច្រើនចាប់អារម្មណ៍ នឹងភេសជ្ជៈថ្មីនេះ ហើយផឹកវាជំនួសគ្រឿងស្រវឹងទៀតផង។

    បើទោះបីជាមានការពិន័យយ៉ាងធ្ងន់ធ្ងរក៏ដោយ ការទទួលទានកាហ្វេបានរីកសុះសាយយ៉ាងឆាប់រហ័ស ក្នុងចំណោមបណ្តាប្រទេសអារ៉ាប់ ក៏ដូចជាប្រទេសដទៃទៀតដែលនៅជិតខាងពួកគេ ហើយថែមទាំងបានផ្តល់កំណើតដល់វត្ថុថ្មីមួយទៀតផងគឺ «ផ្ទះកាហ្វេ»។ «ផ្ទះកាហ្វេ» បានលេចរូបរាងឡើងជាលើកដំបូងនៅសតវត្សរ៍ទី១៥ ក្នុងទីក្រុងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអូឌីត និងក្នុងទីក្រុង Constantinople នៅសតវត្សរ៍ទី១៦ ដែលសព្វថ្ងៃជាទីក្រុងអ៉ីស្តង់ប៊ុលរបស់តួកគី។ «ផ្ទះកាហ្វេ» បានក្លាយជាទីកន្លែងប្រជុំជនដ៏ពេញនិយម ដែលមានមនុស្សម្នាជាច្រើន តែងតែទៅប្រមូលផ្តុំគ្នាដើម្បីជជែកកម្សាន្ត លេងអុក រាំរែក ច្រៀងចំរៀង ស្ដាប់តន្រ្តី ព្រមទាំងពិភាក្សាអំពីព័ត៌មាន និងនយោបាយផ្សេងៗជាដើម។

    បន្ទាប់មកកាហ្វេត្រូវបានណែនាំឲ្យប្រទេសនៅអឺរ៉ុបបានស្គាល់ជាបន្តបន្ទាប់ ក្នុងសតវត្សរ៍ទី១៦ និង១៧។ រហូតមកដល់ចុងសតវត្សរ៍ទី១៧ «ផ្ទះកាហ្វេ» បានរីកដុះដាលឡើងពាសពេញចក្រភពអង់គ្លេស និងនៅតាមអាណានិគមនៅទ្វីបអាមេរិក ព្រមទាំងនៅទូទាំងទ្វីបអឺរ៉ុប។

    រហូតដល់ចុងសតវត្សរ៍ទី១៧ ការផ្គត់ផ្គង់កាហ្វេនៅលើពិភពលោក គឺបានមកស្ទើរតែពីយេម៉ែនដែលនៅភាគខាងត្បូងអារ៉ាប់តែមួយគត់។ ប៉ុន្តែដោយសារកាហ្វេកាន់តែកើនឡើងប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ការដាំដុះរុក្ខជាតិនេះក៏បានសាយភាយទៅដល់កន្លែងដទៃ រួមមាន កោះជ្វា និងកោះផ្សេងៗទៀតក្នុងប្រជុំកោះឥណ្ឌូណេស៊ី នៅសតវត្សរ៍ទី១៧ និងទៅកាន់ទ្វីបអាមេរិកនៅសតវត្សរ៍ទី១៨។ ការដាំដុះកាហ្វេ ត្រូវបានចាប់ផ្តើមនៅលើកោះហាវ៉ៃរបស់អាមេរិក ក្នុងឆ្នាំ១៨២៥។

    នៅពេលឈានមកដល់សតវត្សរ៍ទី២០ ទីតាំងផលិតកម្មកាហ្វេដ៏ធំបំផុតត្រូវបានប្រមូលផ្តុំ នៅខាងអឌ្ឍគោលខាងលិចនៃភពផែនដីយើង ជាពិសេសប្រទេសប្រេស៊ីលតែម្តង។កាលពីចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ម៉ាស៊ីនសម្រាប់ផលិតនិងកិនកាហ្វេ បានលេចរូបរាង ឡើង ហើយក្រោយឆ្នាំ១៩៥០ ប្រភេទម្សៅកាហ្វេម៉ដ្ឋសម្រាប់ឆុងទទួលទានបានភ្លាមៗ ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះ។ ប្រជាប្រិយភាពនៃប្រភេទកាហ្វេម៉ដ្ឋនេះហើយ បាននាំឱ្យមានការបង្កើនការផលិតពូជកាហ្វេ Robusta នៅអាហ្វ្រិក ព្រោះវាមានតម្លៃថោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ