ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទប់ស្កាត់បទល្មើស កាប់ទន្ទ្រានរុករានឈូសឆាយដីព្រៃខុសច្បាប់ ចំនួន៤ទីតាំង នៅចំណុចអូរចង្ហាភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី ៩ ខែមិថុនាឆ្នាំ ២០២០។ សមត្ថកិច្ចចូលរួមបាននិយាយបង្ហើបឲ្យដឹងថា ក្រោយពីមានដីកាបង្គាប់របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការចុះទប់ស្កាត់បទល្មើស និងការបង្ក្រាបការកាប់រុករានទន្ទ្រានដីព្រៃ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិនោះមក។
គណៈកម្មការថ្នាក់ខេត្តដឹកនាំដោយលោកជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះពិនិត្យចំនួន ៤ទីតាំង ចំកន្លែងកាប់រានដីព្រៃទ្រង់ទ្រាយធំនោះ គឺនៅឃុំសំអាង ៣ទីតាំងនិងនៅឃុំអន្លង់ជ្រៃមួយទីតាំងស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់។
កាលពីកន្លងទៅក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះទៅកាន់ចំណុច ៣ទីតាំងភូមិសាស្ត្រ ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ បន្ទាប់ពីក្រុមការងារចុះទៅនោះពិនិត្យឃើញថា ពុំមានវត្ថុតាងណាមួយពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ ដែលជាវត្ថុតាងត្រូវដកហូតនោះឡើយ។
ក៏ប៉ុន្តែនៅទីតាំង ទី៤ ចំណុចអូរចង្ហា ភូមិសាស្ត្រភូមិស្រឡៅ ឃុំអន្លង់ជ្រៃ មានការកាប់រានដីព្រៃជាច្រើនហិកតា និងធ្វើការដកហូតមធ្យោបាយពាក់ព័ន្ធនឹងបទល្មើស ដូចជាគ្រឿងចក្រច្រើនគ្រឿង របស់អ្នកមានប្រាក់និងអំណាច។ ចំណុចទីតាំងទី ៤នេះ កម្លាំងចម្រុះបានធ្វើការដកហូតសម្ភារគ្រឿងចក្រចំនួន ២ គ្រឿង និងអេស្កាវ៉ាទ័រមួយគ្រឿង រួមទាំងឈើក្តារអារច្រៀកជាច្រើនសន្លឹក ដាក់នៅរាយប៉ាយ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ដោយសារពេលវេលាខ្លី ក្រុមការងារបានធ្វើកំណត់ហេតុបឋម ពាក់ព័ន្ធនឹងដកហូតយកគ្រឿងចក្រ និងវត្ថុតាងក្តារអារច្រៀកដាក់លើដី។ ក្រុមការងារនឹងបន្តធ្វើការដកហូត នៅថ្ងៃស្អែកជាបន្តទៀត៕