• មេប៉ូលិសរដ្ឋ Florida របស់អាមេរិកណែនាំឲ្យពលរដ្ឋ «ប្រើកាំភ្លើង» ក្នុងករណីមានចោរចូលផ្ទះ ឬលួចទ្រព្យសម្បត្តិពួកគេ

    (ផ្លរីដា)៖ មេប៉ូលីសរដ្ឋផ្លូរីដា (Florida) លោក ហ្សែរីហ្វ ហ្គ្រេឌី ជូដ (Sheriff Grady Judd) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរស់ក្នុងរដ្ឋរបស់ខ្លួន ឲ្យប្រើប្រាស់កាំភ្លើងក្នុងករណីដែលមានអំពើចោរកម្ម ចូលលួចដល់ក្នុងផ្ទះរបស់ពួកគេ ខណៈបាតុកម្មតវ៉ាទាមទារយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) បានក្លាយជាកុបកម្មដ៏ហិង្សានៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។

    លោក Sheriff Grady Judd បានធ្វើការលើកទឹកចិត្តបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទនេះ (ម៉ោងនៅរដ្ឋផ្លរីដា)។ នាឱកាសនោះលោកបានលើកឡើងថា «ប្រសិនបើមានមនុស្សព្យាយាមចូលលួចរបស់នៅក្នុងផ្ទះរបស់ពួកគេ ឬដុតបំផ្លាញទ្រព្យសម្បត្តិ ខ្ញុំសូមណែនាំពួកគេឲ្យប្រើប្រាស់កាំភ្លើង ដើម្បីបណ្តេញពួកទាំងនោះឲ្យចាកចេញឆ្ងាយ…»។

    ជាមួយគ្នានោះ លោក Judd ក៏បានសន្យាដែរថា លោកនឹងតាមប្រមាញ់ និងចាប់ខ្លួនរាល់បាតុករណា ដែលប្រើអំពើហិសង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយរាប់បញ្ចូលជាបទឧក្រិដ្ឋ។ មិនតែប៉ុណ្ណោះលោក Judd បានសង្កត់ធ្ងន់ថា វាមានភាពខុសគ្នារវាងបាតុកម្ម និងកុបកម្មហិង្សា ហើយបានព្រមាននឹងចាត់វិធានការ ដោះស្រាយយ៉ាងតានតឹងបំផុត។

    នៅចំពោះមុខការភ័យខ្លាច នៃផ្ទុះឡើងអំពើហិង្សាកាន់តែខ្លាំងឡើងពីសំណាក់ក្រុមបាតុករ អាជ្ញាធររដ្ឋផ្លូរីដាបានសម្រេចដាក់បំរាមគោចរនៅទូទាំងតំបន់ ផូលខោនធី (Polk County) កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ ហើយបានអូសបន្លាយរហូតដល់ថ្ងៃចន្ទនេះ (ម៉ោងនៅផ្លូរីដា)។

    គួរជម្រាបថា បាតុកម្មតវ៉ាទាមទារយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ George Floyd បានក្លាយជាកុបកម្មដ៏ហិង្សា នៅទូទាំងសហរដ្ឋអាមេរិក។ ជាមួយគ្នានេះក្រុមបាតុករបានសន្យាថា ពួកគេនឹងមិនបញ្ឈប់ការតវ៉ាឡើយ រហូតទាល់តែមានយុត្តិធម៌ពេញលេញសម្រាប់លោក Floyd ក្រោយអតីតប៉ូលិសឈ្មោះ ឌែរែក ឆូវីន (Derek Chauvin) ដែលជាអ្នកយកជង្គង់សង្កត់កលោក Floyd រហូតដាច់ខ្យលស្លាប់ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតស្រាលតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្នុងចំណោមក្រុមបាតុករទាំងនោះ ក៏មានដែរក្រុមឱកាសនិយមបានលួចបន្លំ និងដុតបំផ្លាញទ្រព្យសម្បត្តិយ៉ាងអនាធិបតយ្យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ