• Henry Ford ជាកូនកសិករ ចាប់ផ្ដើមក្រុមហ៊ុនពីដីទទេរ ទៅជាក្រុមហ៊ុនលក់រថយន្ត Ford ដ៏ល្បីលើពិភពលោក

    Henry Ford ត្រូវបានគេទទួលស្គាល់ថាបានធ្វើបដិវដ្ដឧស្សាហកម្មដឹកជញ្ជូន ការច្នៃប្រឌិតរបស់គាត់ដែលមានតាំងពីសតវត្សទី២០ នៅតែបន្តជះឥទ្ធិពលដល់ជីវិតរបស់យើងគ្រប់គ្នានៅសព្វថ្ងៃនេះ។ Henry ជាអ្នកដែលបានបង្កើតក្រុមហ៊ុន Ford Motor តាំងពីដីទទេររហូតដល់ក្រុមហ៊ុនក្លាយជា ក្រុមហ៊ុនដ៏ល្បីមួយលើពិភពលោក បន្ទាប់ពីគាត់បានកំណត់គោលរបស់ខ្លួនថា នឹងសាងសង់ឡានសម្រាប់មនុស្ស ហើយនៅខែតុលា ឆ្នាំ១៩០៨ គាត់បានសម្រេចក្ដីសុបិន្តរបស់គាត់ដោយផ្ដល់នូវ រថយន្តម៉ូឌែល T ក្នុងតម្លៃ ៩៥០ ដុល្លារ។

    ទម្រាំសម្រេចបានក្ដីសុបិន្ត Henry មិនទទួលបានជោគជ័យភ្លាមៗនោះទេ គាត់ជួបរឿងបរាជ័យជាច្រើន ប៉ុន្តែគាត់នៅតែបន្តការច្នៃប្រឌិត ហើយបច្ចុប្បន្នទោះបីជាគាត់បានទទួលមរណភាពក៏ដោយក្ដី Henry នៅតែត្រូវបានគេកោតសសើរនូវទេពកោសល្យខាងបច្ចេកវិទ្យា និងជាកម្លាំងច្នៃប្រឌិតនៅក្នុងទីផ្សាររថយន្ត។ រឿងរ៉ាវរបស់គាត់បានចាប់ផ្ដើមនៅ Greenfield Michigan ជាកន្លែងដែលគាត់កើតនៅឆ្នាំ ១៨៦៣។

    គាត់ជាកូនកសិករដែលមានឱពុកឈ្មោះ William Ford ជាកសិករដែលធូរធារ ចិត្ត​ល្អ ដែលត្រូវបានគេគោរពនៅក្នុងសហគមន៍ ហើយម្ដាយរបស់ខ្លួន Mary Ford ជាអ្នកអប់រំសីលធម៌ដ៏ល្អបំផុត ហើយ Henry មានចំណងដ៏រឹងមាំជាមួយម្ដាយគាត់។ ដូច្នេះហើយទើបមរណភាពម្ដាយរបស់គាត់នៅឆ្នាំ ១៨៧៦ បានធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង រួមជាមួយសារបង្ហាញពីការឈឺចាប់ថា «ផ្ទះរបស់គាត់នៅពេលនេះ ប្រៀបដូចជានាឡិកាដែលគ្មានម៉ាស៊ីន»។

    ក្រោយពីមរណភាពរបស់ម្ដាយ ឪពុករបស់ Henry សង្ឃឹមថាកូនប្រុសរបស់គាត់នឹងកាន់កាប់ដីស្រែចំការបានល្អជំនួសគាត់ ផ្ទុយទៅវិញ Henry ស្អប់ការងារជាកសិករណាស់ ព្រោះគាត់មិនចូលចិត្តធ្វើអ្វីដែលធម្មតាៗ និងផ្ដល់អត្ថប្រយោជន៍តិច។ គាត់មានដុង និងស្រាលាញ់ខ្លាំងទៅលើជំនាញមេកានិច គាត់ចូលចិត្តធ្វើអ្វីដែលមានភាពស្មុគស្មាញ ដោយកាលពេលនៅតូចគាត់ចាប់អារម្មណ៍ទៅលើម៉ាស៊ីនបោកគក់ និងនាឡិកា។ ភាពចង់ដឹងចងឃើញរបស់ Henry បានធ្វើឲ្យគាត់គាត់ចាកចេញពីចម្ការឪពុករបស់គាត់នៅអាយុ ១៦ ឆ្នាំដើម្បីធ្វើជាកូនជាងផ្នែកម៉ាស៊ីននៅក្រុង Detroit ក្នុងក្រុមហ៊ុន Michigan ដែលជំនាញខាងផលិតទូរថភ្លើង។

    បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនជាកូនជាងអស់រយៈពេល ២ ឆ្នាំ ដោយបានរៀនសូត្រច្រើនពីឧស្សាហកម្មធុនធ្ងន់ Henry បានត្រឡប់ទៅ Greenfield វិញ។ គាត់ត្រូវបានគេជួលនៅ Westinghouse ជាកន្លែងដែលគាត់នឹងដំណើរការម៉ាស៊ីនចំហាយទឹកហើយនៅក្នុងពេលទំនេររបស់គាត់បានជួសជុលឡើងវិញនូវម៉ាស៊ីនដែលគាត់បានតំឡើង។ នៅឆ្នាំ១៨៩១ គាត់បានផ្លាស់ទៅនៅក្រុង Detroit ជាកន្លែងដែលគាត់ទទួលបានការងារជាវិស្វករ ហើយមិនយូរប៉ុន្មានគាត់បានឡើងឋានៈខ្ពស់ហើយក្លាយជាប្រធានវិស្វករ។

    Henry កំពុងរស់នៅក្នុងក្តីសុបិន្តរបស់គាត់ ហើយនៅឆ្នាំ ១៨៩៦ គាត់បានបង្កើតយានជំនិះដំបូងរបស់គាត់គឺ Quadricycle ដែលមានកង់ដែកចំនួនបួន ហើយនៅឆ្នាំ ១៨៩៨ គាត់ក៏បានបញ្ចេញនូវឡានមួយម៉ូដែលទៀត។ ក្រោយមកគាត់បានសំរេចចិត្តចាប់ផ្តើមក្រុមហ៊ុនដែលនឹងលក់រទេះសេះ ដោយមិនបានដឹងអ្វីទាំងអស់អំពីអាជីវកម្ម ដូច្នេះហើយក្រុមហ៊ុនទី១ និងទី២ របស់គាត់ត្រូវដួលរលំជាបន្តបន្ទាប់។ ទោះជាយ៉ាងនេះក្ដីគាត់មិនចុះចាញ់ទេ ដោយការប៉ុនប៉ងលើកទី៣ របស់គាត់ក្នុងការចាប់ផ្តើមក្រុមហ៊ុនទីបំផុតបានទទួលជោគជ័យ ហើយនៅខែមិថុនាឆ្នាំ១៩០៣ ពិភពលោកបានឃើញកំណើតរបស់ក្រុមហ៊ុន Ford Motor។

    នៅចន្លោះឆ្នាំ ១៩០៣- ១៩០៨ ក្រុមហ៊ុន Ford បានផលិតរថយន្តចំនួន ៩ ម៉ូឌែលផ្សេងៗគ្នាដែលសុទ្ធតែទទួលបានជោគជ័យ ហើយនៅក្នុងខែតុលាឆ្នាំ ១៩០៨ ក្រុមហ៊ុនបានបង្ហាញរថយន្តម៉ូឌែល T ហើយក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះតម្រូវការបានកើនឡើងយ៉ាងខ្លាំង។ ចន្លោះឆ្នាំ ១៩០៨ និង ១៩២៧ ក្រុមហ៊ុន Ford ផលិតបាន ១៥ លានគ្រឿងនៃរថយន្តម៉ូឌែល T ហើយរហូតដល់ឆ្នាំ ១៩៤៧ Henry បានទទួលមរណភាព ប៉ុន្តែតាមរយៈក្រុមហ៊ុនរបស់គាត់ Henry បានផ្លាស់ប្តូរជីវិតរបស់មនុស្សជាច្រើនដោយផ្តល់ឡានដែលមានតំលៃសមរម្យ និងគុណភាពល្អដល់មនុស្សទាំអស់គ្នា។

    មេរៀនពី Henry Ford ៖

    – កុំខ្លាចក្នុងការប្រថុយ មនុស្សដែលអស្ចារ្យរត់ឆ្ពោះទៅរកការតស៊ូ ហើយអភិវឌ្ឍរាងកាយដ៏ស្គមស្គាំងរបស់ពួកគេ។
    – ការប្រកួតប្រជែងគឺល្អ ព្រោះយើងអាចរៀនសូត្រ និងទទួលបានភាពរីកចម្រើនពីវា។
    – បោះជំហ៊ានតូចៗ តែនឹងធ្វើឲ្យអ្នកឡើងដល់ចំណុចកំពូល។
    – (យានជំនិះដំបូងរបស់ Henry Ford មិនអាចផ្លាស់ទីទៅក្រោយទេ) ។ ប្រៀបដូចជាការបរាជ័យ គឺជាផ្នែកសំខាន់មួយនៃការសំរេចបានជោគជ័យ ទោះបីបរាជ័យយ៉ាងណាក៏នៅតែទៅមុខ មិនរាថយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ