• បងប្អូនខ្មែរ នៅអាមេរិកមួយចំនួនរងការខូចខាតលើអាជីវកម្មរបស់ពួកគាត់ ក្រោយជនឆ្លៀតឱកាសវាយកំទេច និងចូលលួចទ្រព្យសម្បត្តិ

    ចាប់តាំងពីមរណភាពរបស់លោក George Floyd ដែលបានស្លាប់ ដោយសារប៉ូលីសយកជង្គង់សង្កត់កដី បណ្ដាលឱ្យគាត់ស្លាប់បាត់បង់ជីវិតនៅឯក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក មក វាបានបង្កឱ្យមានកំហឹងពេញសហរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូល។ កំហឹងចំពោះភាពលំអៀង និងភាពរើសអើងចំពោះជនជាតិស្បែកខ្មៅនៅសហរដ្ឋអាមេរិក បាននាំឱ្យមានការតវ៉ាទាមទាររកយុត្តិធម៌ជូនលោក George Floyd ដែលបានស្លាប់យ៉ាងអយុត្តិធម៌បំផុត ប៉ុន្តែយ៉ាងណាការតវ៉ាយ៉ាងស្ងប់ស្ងាត់បានប្រែទៅជាកុបកម្មយ៉ាងធំ ហើយបានធ្វើឱ្យមានការផ្ទុះហិង្សារវាងប៉ូលីសនិងក្រុមអ្នកតវ៉ា ខណៈក្រុមឆ្លៀតឱកាសបានវាយបំផ្លាញទ្រព្យសម្បត្តិ ចូលលួច និងបង្កភាពចលាចល។

    ប៉ុន្មានរយៈនៃការធ្វើកុបកម្មទូទាំងសហរដ្ឋអាមេរិក បងប្អូនខ្មែររបស់យើងដែលរស់នៅទីនោះ ក៏បានរងការវាយប្រហារពីក្រុមបំផ្លាញផងដែរ ដោយយោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុករបស់ សហគមន៍ខ្មែរនៅក្រុងឡងប៊ិច បានឱ្យដឹងថា ពួកគេកំពុងធ្វើការស្ទង់មតិនៅ Cambodia Town ចំពោះការខូចខាតទ្រព្យសម្បត្តិអ្នកនៅទីនោះ ដែលត្រូវបំផ្លាញដោយដៃក្រុមអ្នកតវ៉ាហិង្សាទាំងនោះ។

    សហគមន៍បានសរសេរខ្លឹមសារពេញថា៖ «យើងធ្វើការស្ទង់មតិពីការខូចខាតនៅតំបន់ Cambodia Town របស់យើង ហើយនៅពេលឃើញពីការខូចខាតនិងការបំផ្លិចបំផ្លាញអាជីវកម្មខ្នាតតូចរបស់ពួកយើង គឺវាពិតជាខ្លោចចិត្តណាស់។ អាកប្បកិរិយាឃោរឃៅនេះនឹងមិនរារាំងយើងពីការធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍យើងឡើងវិញឡើយ។ សហគមន៍ដ៏តូចនេះនឹងព្យាយាមឈរជើងនៅទីក្រុងឡងប៊ិច, Cambodia Town ជាកន្លែងដែលយើងមានមោទនភាពលើវា។ ក្រុមឆ្លៀតឱកាសបានចូលលួចនៅទីនេះ ហើយឥឡូវនេះយើងកំពុងរៀបចំបោសសំអាតកន្លែង បន្ទាប់ពីពួកជនឆ្លៀតឱកាសបំផ្លាញ។ រូបភាពទាំងនេះគឺជាការបង្ហាញឲ្យឃើញពីការរួមគ្នា និងសហការគ្នាក្នុងការធ្វើឲ្យសហគមន៍នេះកាន់តែល្អប្រសើរ។ សូមរក្សាសុវត្ថិភាពគ្រប់ៗគ្នា។ កុំភ្លេចចូលមកនិងទស្សនាអាជីវកម្មរបស់យើង នៅពេលយើងបើកទ្វារម្តងទៀត។ យើង (ស្រឡាញ់) ខេមថោន!»។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ