• បាតុកម្មរកយុត្តិធម៌ឲ្យជនជាតិស្បែកខ្មៅ George Floyd ឆ្លងចូលដល់អាល្លឺម៉ង់ និងអង់គ្លេស

    (ឡុងដ៍)៖ បាតុកររាប់់រយនាក់បានប្រមូលផ្តុំគ្នា នៅទីក្រុងឡុងដ៍របស់អង់គ្លេស និងទៅក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់ ដើម្បីបង្ហាញការគាំទ្រដល់ក្រុមបាតុករនានា នៅទូទាំងសហរដ្ឋអាមេរិក ដែលកំពុងធ្វើយុទ្ធនាការទាមទាររកយុត្តិធម៌ ដល់បុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (Goerge Floyd) ដែលត្រូវបានប៉ូលិសអាមេរិកក្នុងរដ្ឋ មីននីសូតា (Minnesota) យកជង្គង់សង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។

    ក្នុងទីក្រុងឡុងដ៍ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីលាន ត្រាហ្វាល់ហ្គា (Trafalgar) កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ដោយពួកគេបានស្រែកនូវពាក្យថា «គ្មានយុត្តិធម៌ គឺគ្មានសន្តិភាព» ហើយបន្ទាប់មកពួកគេក៏បានធ្វើដំណើរកាត់ពីមុខសភាជាតិ និងបញ្ចប់បាតុកម្មនៅទីតាំងមុខស្ថានទូតអាមេរិក។

    ដោយឡែកនៅទីក្រុងប៊ែរឡាំងវិញ បាតុកររាប់រយនាក់ក៏បានប្រមូលផ្តុំគ្នា ធ្វើបាតុកម្មនៅក្នុងពេលតំណាលនឹងអង់គ្លេសផងដែរ ដោយក្នុងនោះពួកគេបានសរសេរបដា និងស្រែកឡើងព្រមៗគ្នាយ៉ាងដូច្នេះថា «យុត្តិធម៌សម្រាប់ ចន ហ្វ្លយដ៍… ឈប់សម្លាប់ពួកយើងទៅ… តើនរណាបន្ទាប់ទៀត?»។

    គួរបញ្ជាក់ថា ការផ្ទុះបាតុកម្មទូទាំងអាមេរិក និងនៅប្រទេសមួយចំនួនពេលនេះ បានកើតមានឡើងដោយតែពួកគេ បានឃើញសកម្មភាពដ៏សាហាវឃោឃៅ របស់ប៉ូលិស ទីក្រុងមីននាផូលីស នៃរដ្ឋមីននីសូតា សហរដ្ឋអាមេរិក ដែលបានប្រើប្រាស់អំពើហិង្សា ដោយការយកជង្គង់សង្កត់កជនជាតិស្បែកខ្មៅឈ្មោះ ចច ហ្វ្លយដ៍ រហូតដល់ដាច់ខ្យល់ស្លាប់កាលពីដើមសប្តាហ៍មុន។

    ចំពោះស្ថានភាពជាក់ស្តែងពេលនេះ គឺបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិក ទំនងជាមិនងាយនឹងបញ្ចប់ឡើយ បើទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ បង្គាប់ឲ្យអាជ្ញាធររដ្ឋនានាចាត់វិធានការក្តៅគគុក និងត្រៀមកម្លាំងយោធាដើម្បីបង្ក្រាបបាតុកម្ម ព្រមទាំងបានចាប់ខ្លួនបាតុកររាប់ពាន់នាក់ ក៏ដូចជាបាតុករមួយចំនួន បានស្លាប់ រួចទៅហើយក៏ដោយ។ ក្រុមបាតុករបានអះអាងថា ពួកគេនឹងមិនបញ្ឈប់បាតុកម្មជាដាច់ខាត រហូតទាល់តែយុត្តិធម៌ត្រូវបានផ្តល់ពេញលេញដល់ ចច ហ្វ្លយដ៍៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ