• Singapore អនុញ្ញាតឲ្យអ្នកជំងឺកូវីដ១៩ ដែលព្យាបាលរយៈពេល ២១ថ្ងៃ អាចចេញពីពេទ្យទៅផ្ទះវិញ ទោះមិនទាន់ជាក៏ដោយ

    កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងសុខាភិបាលសាំងហ្គាពួរលោក Gan Kim Yong បានប្រកាសថា អ្នកជំងឺ COVID-19 ដែលមានសុខភាពល្អប្រសើរឡើងវិញនៅត្រឹមថ្ងៃទី២១ បន្ទាប់ពីរកឃើញថាមានជំងឺ COVID-19 នឹងអាចត្រូវបានរំសាយចេញពីមន្ទីរពេទ្យដោយគ្មានការធ្វើតេស្តបន្ថែមនោះទេ ហើយទោះបីជាពួកគេនៅតេស្ដវិជ្ជមានក៏ដោយ។ គោលនយោបាយថ្មីនេះចូលជាធរមានភ្លាមៗ និងត្រូវបានអនុម័តឡើងមក បន្ទាប់ពីមានការវាយតម្លៃដោយក្រសួងសុខាភិបាល (MOH) សម្អាងលើភស្តុតាងគ្លីនិកនិងវិទ្យាសាស្ត្រ ទាំងក្នុងនិងក្រៅប្រទេស។ កាលពីដើមឡើយអ្នកជំងឺ COVID ត្រូវការព្យាបាលរហូតទាល់តែតេស្ដអវិជ្ជមាន ២ដង ក្នុងរយៈពេល ២៤ ម៉ោងពីគ្នា ទើបអាចចេញពីពេទ្យបាន។

    លោក Gan Kim Yongបាននិយាយនៅក្នុងសន្និសីទកាសែតថា អ្នកជំងឺ COVID-19 ដែលត្រូវបានរំសាយចេញតាមលក្ខខណ្ឌថ្មី នឹងត្រូវស្នាក់នៅក្នុងផ្ទះ ឬនៅអន្តេវាសិកដ្ឋានរយៈពេល ៧ថ្ងៃទៀត មុនពេលពួកគេអាចត្រឡប់មកធ្វើការវិញជាធម្មតា។ លោក Gan Kim Yong បានពន្យល់បន្ថែមថា ការសម្រចនេះគឺផ្អែកតាមការសិក្សារបស់មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងរបស់សាំងហ្គាពួរ ដែលបានបង្ហាញថាជំងឺនេះនឹងមិនអាចចម្លងបានទៀតទេបន្ទាប់ពីរយៈពេល ២១ថ្ងៃ ទោះបីជានៅតេស្ដវិជ្ជមានក៏ដោយ។ អង្គការសុខភាពពិភពលោក (WHO) ក៏បានចេញផ្សាយអនុសាសន៍របស់ខ្លួនកាលពីថ្ងៃពុធ ដើម្បីផ្លាស់ប្តូរពេលវេលាដែលអ្នកជំងឺអាចរំសាយចេញពីមន្ទីរពេទ្យវិញបាន។ WHO បាននិយាយថា អ្នកជំងឺអាចរំសាយចេញពីមន្ទីរពេទ្យបាននៅរយៈពេល ១០ថ្ងៃ បន្ទាប់ពីរកឃើញថាឈឺ និងយ៉ាងហោចណាស់ ៣ថ្ងៃបន្ថែម ដែលអ្នកជំងឺលែងមានរោគសញ្ញាផ្លូវដង្ហើម ឬគ្រុនក្តៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ