• លោក ឌូតឺតេ និយាយថា «ទាល់តែមានវ៉ាក់សាំង COVID-19 ទើបលោកអនុញ្ញាតឲ្យ សិស្សទាំងអស់អាច ត្រឡប់ទៅសាលារៀនវិញ»

    (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថាលោកនឹងមិនអនុញ្ញាតឱ្យសិស្សទំាងអស់ ត្រឡប់ទៅសាលារៀនវិញនោះទេ រហូតទាល់តែ មានវ៉ាក់សាំង COVID-19 បើទោះជាបណ្ដាប្រទេសមួយចំនួន អនុញ្ញាតឱ្យសិស្សត្រឡប់ទៅរៀនវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

    លោក ឌូតឺតេ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃចន្ទម្សិលមិញ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីហ្វីលីពីន រូបនេះបានសង្កត់ធ្ងន់ដូច្នេះថា៖ «ខ្ញុំនឹងមិនអនុញ្ញាតឱ្យបើកថ្នាក់រៀន ជាទីដែលសិស្សត្រូវអង្គុយក្បែរគ្នានោះទេ រហូតទាល់តែខ្ញុំប្រាកដថាពួកគេមានសុវត្ថិភាព ពេញលេញ»។

    សិស្សទាំងអស់នៅក្នុងប្រទេសហ្វីលីពីន ត្រូវត្រឡប់ទៅសាលារៀនវិញ នៅចុងខែសីហាខាងមុខនេះ បន្ទាប់ពីសិស្សបឋម និងវិទ្យាល័យច្រើនជាង ២៥លាននាក់ ត្រូវអនុវត្តវិធានការស្ថិតនៅក្នុងផ្ទះ ចាប់តាំងពីខែមីនាមក ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ប៉ុន្តែ លោក ឌូតឺតេ នៅតែយល់ថាហានិភ័យនៅតែខ្ពស់នៅឡើយ ដូច្នេះការបើកសាលារៀនជាថ្មីក្នុងកាលៈទេសៈបច្ចុប្បន្ន មិនមែនជារឿងល្អនោះទេ។ លោកបានបន្ថែមដូច្នេះថា៖«សម្រាប់ខ្ញុំ, ទាល់តែមានវ៉ាក់សាំង ជាមុនសិន។ បើសិនជាមានវ៉ាកសាំង អ្វីៗនឹង «អូខេ!»។

    គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអង្គារនេះ ហ្វីលីពីន មានអ្នកឆ្លង COVID-19 ១៤,៦៦៩នាក់ ក្នុងនោះស្លាប់ ៨៨៦នាក់ និងជាសះស្បើយ ឡើងវិញ ៣,៤១២នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ