• NASA និងក្រុមហ៊ុន SpaceX ត្រៀមខ្លួនសម្រាប់បេសកកម្មដ៏សំខាន់មួយ ដែលនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ

    (វ៉ាស៊ីនតោន)៖ អវកាសយានិកពីរនាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឡើងជិះយានអវកាស Crew Dragon ហោះឆ្ពោះទៅស្ថានីយអវកាសអន្តរជាតិ (ISS) នៅថ្ងៃទី២៧ ខែឧសភា (ពេលវេលាក្នុងតំបន់នៅអាមេរិក)។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។

    កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុនអវកាសអាមេរិក SpaceX ដែលជាអ្នកអភិវឌ្ឍយាន Crew Dragon បានធ្វើតេស្តម៉ាស៊ីនគ្រាប់រ៉ុក្កែត Falcon 9 ដោយជោគជ័យ សម្រាប់ការនាំយកយាននេះឡើងទៅកាន់ទីអវកាស ជាមួយអវកាសយានិក NASA លោក Robert Behnken និងលោក Douglas Hurley។ រីឯកាលពីថ្ងៃសៅរ៍ NASA និង SpaceX ក៏បានហាត់សមដំណើរការបាញ់បង្ហោះទាំងស្រុងតែម្តង ជាមួយអវកាសយានិក​ទាំងពីររូប។

    ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Falcon 9 និងយានអវកាស Crew Dragon ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅវេលាម៉ោង០៤៖៣៣នាទីល្ងាច​ថ្ងៃពុធ ទី២៧ ខែឧសភា (ពេលវេលានៅតំបន់ភាគខាងកើតរបស់សហរដ្ឋអាមេរិក ដែលត្រូវនឹងម៉ោង០៣៖៣៣នាទីទាបភ្លឺ នៃថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា នៅប្រទេសកម្ពុជា) ចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋផ្លូរីដា។

    លោក Robert Behnken និង លោក Douglas Hurley នឹងទៅដល់ស្ថានីយ ISS ក្នុងរយៈពេល២៤ម៉ោង ក្រោយហោះឡើងចេញពីផ្ទៃ​ផែនដី​។ ខណៈយាន Crew Dragon ត្រូវបានរចនាឡើងឲ្យចូលចតនៅ ISS ដោយស្វ័យប្រវត្តិ អវកាសយានិកទាំងពីរអាចបញ្ជាគ្រប់គ្រងវាបានក្នុង​ករណីចាំបាច់។

    បេសកកម្មនេះនឹងបញ្ចប់ទៅ នៅពេលដែលយាន Crew Dragon ចាកចេញពីស្ថានីយ ISS ហើយនាំយកលោក Behnken និងលោក Hurley ត្រឡប់ចុះមកដល់ផែនដីវិញដោយសុវត្ថិភាព នៅលើផ្ទៃមហាសមុទ្រអាត្លង់ទិក។ ទាក់ទងនឹងរយៈពេលនៃបេសកកម្មវិញ គឺ NASA មិនទាន់​បញ្ជាក់ច្បាស់នៅឡើយទេ។

    គួរជម្រាបថា វានឹងជាលើកដំបូងបំផុតដែល NASA បញ្ជូនអវកាសយានិកឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដោយប្រើគ្រាប់រ៉ុក្កែតនិង​យាន​របស់អាមេរិក និងចេញពីដែនដីអាមេរិកផ្ទាល់ គិតចាប់តាំងពីកម្មវិធីយាន Space Shuttle របស់ខ្លួន ត្រូវបានបិទបញ្ចប់កាលពីឆ្នាំ​២០១១។ ជាច្រើនឆ្នាំកន្លងមកនេះ NASA បានពឹងពាក់លើរ៉ុក្កែតនិងយានរបស់រុស្ស៉ី ដើម្បីនាំយកអវកាសយានិកខ្លួនឡើងទៅ ISS៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ