• ក្មេង​៣​នាក់ លួច​បេះ​ទុរេន​មួយ​ផ្លែ​យកទៅ​ហូប ត្រូវ​ម្ចាស់​ចម្ការ​ទុរេនចាប់បាន ហើយទារ​ឲ្យ​សង​​ ១០០០​ដុល្លារ

    កំពត ៖ ក្មេងប្រុស​បីនាក់ ព្រោះតែ​ឃ្លាន​ខ្លាំងពេក ក៏​សម្រេចចិត្ត​លួច​បេះ​ផ្លែ​ទុរេន​គេ​តែ​១​ផ្លែ ទម្ងន់​ប្រមាណ​២​គីឡូក្រាម ហើយ​ត្រូវ​ម្ចាស់​ចម្ការ​ទុរេន​ឃើញ​ទាន់ ក៏​ដេញចាប់បាន ប្រគល់​ឲ្យ​ប៉ូលិស ហើយ​ម្ចាស់​ចម្ការ​បាន​ទារ​សំណង​រហូតដល់​១​ពាន់​ដុល្លារ​។​

    ករណី​លួច​ទុរេន​១​ផ្លែ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ចម្ការ​ទុរេន​មួយកន្លែង ស្ថិតក្នុង​ភូមិសាស្ត្រ​ភ្នំ​វ​ល្លិ៍ ជាប់​ព្រំប្រទល់​រវាង​ខេត្ត​កែប និង​ខេត្តកំពត​។​

    ​យោងតាម​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្មេង​បីនាក់​រួមមាន ៖ ទី​១-​ឈ្មោះ ល ត អាយុ​១៦​ឆ្នាំ ជា​សិស្ស , ទី​២-​ឈ្មោះ ស ឯ អាយុ​១៦​ឆ្នាំ ជា​សិស្ស និង​ទី​៣-​ឈ្មោះ​ស ច អាយុ​១៥​ឆ្នាំ ជា​សិស្ស អ្នក​ទាំងបី​មាន​ទីលំនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​ទៅ​ស៊ីឈ្នួល​បេះ​ម្រេច​ឲ្យ​គេ​នៅ​ភូមិសាស្ត្រ​កើតហេតុ​។ លុះ​បន្តិចក្រោយមក ក្មេងប្រុស​ទាំងបី​នាក់​បាន​ជិះ​ម៉ូតូ​បំណង​ទៅ​ចាក់​សាំង ហើយក៏​ឃើញ​ផ្លែ​ទុរេន​ក្នុង​ចម្ការ​គេ​ក្បែរ​នោះ ក៏​ចូលទៅ​លួច​បេះ​១​ផ្លែ បំណង​ហែក​ចែកគ្នា​ហូប ស្រាប់តែ​ម្ចាស់​គេ​ឃើញ ក៏​ស្រែក​ឆោឡោ​តែម្ដង​។​

    ​សមត្ថកិច្ច​បាន​បន្តថា ពេល​ដឹងថា ម្ចាស់​គេ​ឃើញ​ក្មេង​ទាំងបី​នាក់ ក៏​ជិះ​ម៉ូតូឌុប​គ្នា​គេចខ្លួន តែ​ត្រូវ​អ្នកយាម​ចម្ការ​ទុរេន​ដេញតាម​រហូតមកដល់​ផ្ទះ​របស់​ក្មេង​ទាំងបី​នាក់ នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​ហើយ​ចាប់​ប្រគល់ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ ខណៈ​ម្ចាស់​ចម្ការ​ទុរេន​ទារ​សំណង​ផ្លែ​ទុរេន​មួយ​ផ្លែ គឺ ១​ពាន់​ដុល្លារ​។​

    ​បច្ចុប្បន្ន ក្មេងប្រុស​ទាំង​៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​លួច​ផ្លែ​ទុរេន​គេ​១​ផ្លែ សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​នីតិវិធី​។​

    ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ មតិ​មហាជន​ជាច្រើន​បានលើកឡើង​ថា ករណី​ចោរកម្ម គឺជា​បទល្មើស​មួយ​ដែល​ត្រូវ​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​មិនអាច​លើកលែង​។ ប៉ុន្តែ​ករណី​ចោរកម្ម​តូចតាច ត្រឹមតែ​លួច​បេះ​ផ្លែ​ទុរេន​គេ​១​ផ្លែ ទម្ងន់​មិនបាន​២​គីឡូក្រាម​ផង បែរជា​ម្ចាស់​ចម្ការ​ទារ​សំណង​រហូតដល់​ទៅ​១​ពាន់​ដុល្លារ ដូចជា​អា​រក​គេ​ទាំង​រស់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ