• ចិញ្ចឹម​មាន់​ស្រែ​តាមបែប​បច្ចេកទេស នៅ​ជនបទ អា​ចរក​ចំណូល​ប្រមាណ​មួយ​ពាន់​ដុល្លារ​ក្នុង​មួយខែៗ​

    បាត់ដំបង​៖ ប្រជាកសិករ​នៅ​ស្រុក​រុក្ខ​គិរី បាន​រកចំណូលបាន​ប្រមាណ​មួយ​ពាន់​ដុល្លារ​ក្នុង​មួយខែៗ ពី​ការលក់​ពូជ​កូន​មាន់ ពូជ​មាន់​ឈ្មោល មាន់​ញី​និង​មាន់​សាច់ ខណៈ​ប្រក​បរបរ​ចិញ្ចឹម​មាន់​ស្រែ​តាមបែប​បច្ចេកទេស​សម័យ​ទំនើប ចំណាយពេល​វេលា​ខ្លី លូតលាស់​បាន​ឆាប់រហ័ស មាន់​មាន​សុខភាព​ល្អ ។​

    ​ការចិញ្ចឹម​មាន់​ស្រែ​តាមបែប​ច្ចេកទេស​នេះ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ដោយ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ហៅ​កាត់​ថា អេ​ម (AIMS) របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងពាណិជ្ជកម្ម​។​

    ​ក្រុម​កសិករ​ចិញ្ចឹម​មាន់នៅ​ក្នុងស្រុក​រុក្ខ​គិរី បាន​និយាយ​ប្រាប់ថា​ពីមុនមក​ពួកគាត់​ចិញ្ចឹម​មាន់​ស្រែ តាមបែប​ធម្មជាតិ​ហាក់​មិន​ទទួលបាន​ជោគជ័យ​នោះទេ ព្រោះ​ការ​ឲ្យ​ចំណី​ក៏​មិន​ទៀង​ទាត ច្បាស់លាស់ មិនដែល​ដាក់​ថ្នាំ​បង្ការ​ជំងឺ ធ្វើ​ឲ្យ​មាន់​ស្លាប់​ជា​បន្តបន្ទាប់ និង​ដល់ពេល​អាច​ប្រមូល​ផល​លក់បាន នៅសល់​មាន​តិចតួច​ប៉ុណ្ណោះ​។ បន្ទាប់ពី​មានការ​គាំទ្រ​របស់​គម្រោង​អេ​ម បាន​បញ្ជូន​គ្រូបង្រៀន​បច្ចេកទេស ចិញ្ចឹម​មាន់ ទាំង​ការ​បង្កាត់​ពូជ ភ្ញាស់​ពង ការ​ឲ្យ​ចំណី​និង​ការដាក់​ថ្នាំ​បង្ការ​ជាដើម ពួកគាត់​បាន​អនុវត្តតាម​បាន​រយៈពេល​ជាង​មួយឆ្នាំ​ទទួលបាន​លទ្ធផល​ល្អជា​ហូរហែរ ហើយ​រកចំណូលបាន​គួរសម​។​

    ​បុរស​ម្នាក់​ជា​ឈ្មួញ​ដើរ​ទិញ​មាន់ បាន​និយាយថា មាន់​ដែល​កសិករ​នៅ​ស្រុក​រុក្ខ​គិរី​កំពុង​ចិញ្ចឹម​តាមបែប​បច្ចេកទេស​នេះ មាន​ទីផ្សារ​ល្អ សម្បូរ​សាច់មាន់​ត្រូវប៉ាន់ ហើយ​ទោះបី​បច្ចុប្បន្ន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​និង​តម្លៃ​ធ្លាក់ចុះ​តិចតួច​ក៏ដោយ តម្លៃ​សត្វ​មាន់​ប្រជាកសិករ​អាច​ទទួលយក​បាន​។​

    ​គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​ទទួលលទ្ធផល​ក្នុងការ​ចិញ្ចឹម​មាន់​តាម​បច្ចេកទេស​ទំនើប​នេះ កសិករ​បង្កើន​ការចិញ្ចឹម ដែល​កាល​មុន​ត្រឹម​១០​ទៅ ២០​ក្បាល ប៉ុន្តែ​បច្ចុប្បន្ន​ឡើងដល់​២០០​ក្បាល​ទៅ​រាប់រយ​ក្បាល ហើយ​មិនមាន​ងាប់​ពាយ ដូច​ការចិញ្ចឹម​តាមបែប​ធម្មជាតិ​ដូច​មុន ហើយ​បច្ចុប្បន្ន​នៅ​តំបន់​នេះ ក៏មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​កំពុង​ចិញ្ចឹម​មាន់​តាម​បច្ចេកទេស​ទំនើប​នេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ