• មកទល់ពេលនេះ ​វៀតណាម​ មិនទាន់ផ្តល់ព័ត៌មានផ្លូវការ ចំពោះ​ករណី​ដែល ជនជាតិខ្មែរ​ម្នាក់​ រកឃើញមានជំងឺកូវីដ១៩ តាមព័ត៌មានចុះផ្សាយនោះទេ

    បន្ទាប់ពី​មាន​ព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា មាន​ជនជាតិខ្មែរ​ម្នាក់​នៅ​ខេត្តសៀមរាប ដែល​ធ្វើដំណើរ​ទៅលេង​ផ្ទះ​មីង​នៅ​ស្រុក​តាន់​ចូ ក្នុង​ខេត្ត​តា​ញិញ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ត្រូវបាន​វៀតណាម រកឃើញថា មាន​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២ ខែឧសភា​នេះ​ ​លោកជំទាវ ឱ វណ្ណឌី​ន បាន​ជ្រាបថា មកទល់ពេលនេះ​យើង​មិន​ទទួលបាន​ព័ត៌មាន​ផ្លូវការ​ណាមួយ ពី​ភាគី​វៀតណាម ចំពោះ​ករណី​ដែល​បានលើកឡើង​នៅក្នុង​សារព័ត៌មាន​ចុះផ្សាយ​នោះទេ​។

    ​លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន តាមរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា “​ខ្ញុំ​សុំ​អនុញ្ញាត​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា មកទល់ពេលនេះ យើង​មិន​ទទួលបាន​ព័ត៌មាន ផ្លូវការ​ណាមួយ ពី​ភាគី​វៀតណាម​ចំពោះ​ករណី​ដែល បានលើកឡើង​នៅក្នុង​សារព័ត៌មាន​ចុះផ្សាយ​នោះទេ​។ ម្យ៉ាងទៀត ក្រុមការងារ​របស់​ក្រសួងសុខាភិបាល ក៏បាន​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​បំផុត ក៏ប៉ុន្តែ​មិន​ទទួលបាន​នូវ​ព័ត៌មាន ជាក់លាក់​ណាមួយ ស្ដីអំពី​ករណី​ដូច​ការចុះផ្សាយ​នោះដែរ​”​។

    ​លោកជំទាវ បាន​លើកឡើងថា “​តាម​ការចុះផ្សាយ​នោះ​ទៀត គឺ​យើង​ក៏​មិនអាច​ដឹងបាន​ដែរ​ថា តើ​ការដែល​ចម្លង​នេះ វា​អាច​ឆ្លង​នៅ​ប្រទេស​ណាមួយ​ដែរ​ទេ​? ដោយសារ​ការចម្លង​វីរុស​នេះ វា​អាច​កើតមានឡើង​គ្រប់​ទីកន្លែង គ្រប់​កាលៈទេសៈ និង​គ្រប់ពេលវេលា​ទាំងអស់ ជាពិសេស​ទៅទៀត​នោះ គឺ​នៅពេលដែល​បុគ្គល​ធ្វើដំណើរ​ចល័ត​តែម្តង​។ គ្រប់​ព័ត៌មាន​ដែល​ទទួលបាន យើង​តែងតែ​ធ្វើការ​ស្រាវជ្រាវ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង ដោយបាន​ធ្វើការ​រុករក​ឲ្យ​អស់​លទ្ធភាព ហើយ​ថ្ងៃនេះ ខ្ញុំ​សូម​ជម្រាបជូន​ថា យើង​នៅតែ​មិនទាន់​រកឃើញ មាន​ករណី​វិជ្ជមាន​ថ្មី​ណាមួយ​នោះទេ តាមរយៈ​ប្រព័ន្ធ​ស្រាវជ្រាវ តាមដាន​របស់​យើង​នេះ​”​។
    “​អ៊ីចឹង​ខ្ញុំ​គ្រាន់តែ​សូម​ជម្រាបជូន​ថា ករណីនេះ មិនមាន​ភាពជាក់លាក់ ហើយក៏​មិនអាច​នឹង​វាយតម្លៃថា​ការចម្លង​នេះ គឺ​កើតចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ដែរ ដោយសារ​បុគ្គល​នោះ បាន​ទៅដល់​ប្រទេស​វៀតណាម បើ​គិត​ទៅ​ហួស​ពី​១៤​ថ្ងៃ​ទៅហើយ មកទល់​ពេលដែល​ចុះផ្សាយ​ថា​រកឃើញ​វិជ្ជមាន​នោះ​។ ក្រសួងសុខាភិបាល​នៅតែ​ប្រកាន់​ជំហរ​សហប្រតិបត្តិការ​ល្អ មាន​តម្លាភាព​ជានិច្ច និង​បន្ត​ការយកចិត្តទុកដាក់​ស្រាវជ្រាវ​ជា​បន្តទៀត ហើយ​ប្រសិនបើ​យើង​មាន​ព័ត៌មាន ឬក៏​មាន​ការវិវឌ្ឍ​ថ្មី​ណាមួយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ នេះ ក្រសួងសុខាភិបាល នឹង​ជម្រាបជូន​សាធារណជន ឲ្យ​បាន​ជ្រាប​ជាមិនខាន​ឡើយ​” លោកជំទាវ​បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​។

    ​សូម​បញ្ជាក់ជូន​សារជាថ្មី​ថា មកទល់​ថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុ​ជា មិនទាន់​រកឃើញ​មាន​ករណី​ចម្លង​វីរុស​កូ​វីដ​-១៩ ថ្មី នោះទេ​។ អាស្រ័យហេតុនេះ សូម​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន ហើយ​ចូលរួម​បន្ត​ការពារ​ខ្លួន​កុំ​មានការ​ឆ្លង​វីរុស​នេះ ប្រសិនបើ​មាន​ព័ត៌មាន ឬ​មាន​បញ្ហា​សុខភាព សូម​ទាក់ទង​ទៅ​លេខ ១១៥ ឬ​ទៅ​ស្វែងរក​ការពិនិត្យ​ព្យាបាល ពី​ក្រុមគ្រូពេទ្យ​នៅតាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោកអ្នក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ