• សមត្ថកិច្ច​រកឃើញម៉ូតូចោរលួច ៨គ្រឿង ហើយបងប្អូន​ពលរដ្ឋណា ដែល​បាន​បាត់​ម៉ូតូ សូម​ទំនាក់ទំនង​មក​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល ដើម្បី​មក​ពិនិត្យមើលបាន​

    ភ្នំពេញ​៖ សមត្ថកិច្ច​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ពាក់ព័ន្ធ​ករណី លួច​យក​ម៉ូតូ រកឃើញ​ម៉ូតូ​ ៨​គ្រឿង និង​ស្លាក​លេខ​១៨​បន្ទះ​។ ជាមួយនឹង​ករណីនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២​ឧសភា ២០២០ បានប្រកាស​ព័ត៌មាន​ថា​ ​បេី​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បាត់​ម៉ូតូ និង​ស្លាក​លេខ ដូច​ក្នុង​រូបភាព​ខាងក្រោម សូម​ទំនាក់ទំនង​មក​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

    ​សូមបញ្ជាក់ថា កម្លាំង​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន នគរបាល​​ខណ្ឌ​ច្បារអំពៅ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​លំនៅដ្ឋាន​ផ្ទះ​លេខ ២២០ B ផ្លូវ​លេខ​៦៣ ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​០០​នាទី ដោយបាន​ការឯកភាព​ពី​លោក ប្លង់ សុផល និង លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រកឃើញ​ចំនួន​ម៉ូតូ​៨​គ្រឿង និង​ស្លាក​លេខ​១៨​បន្ទះ​។​

    តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ ពាក់ព័ន្ធ​ករណី​អំពើ​លួច (​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1HM 3515 ) របស់​ជនរងគ្រោះ​ឈ្មោះ ថុល ប៊ុនធឿន ភេទ​ប្រុស កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​១៥​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

    ​ក្នុងការ​ឆែកឆេរ​សម​ត្ថ​កិច្ច បាន​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន ៖ ម៉ូតូ​ចំនួន​៨​គ្រឿង (​ម៉ាក​សេ​១២៥​ចំនួន​០៦​គ្រឿង ក្នុងនោះ របស់​ជនរងគ្រោះ​ឈ្មោះ ថុល ប៊ុនធឿន ចំនួន​០១​គ្រឿង​, ម៉ាក​ធូ​ដេ​ចំនួន​០១​គ្រឿង ,​ម៉ាក​ស៊ុប​ភឺ​គប់​ចំនួន​០១​គ្រឿង​), ស្លាក​លេខ​ម៉ូតូ​ចំនួន​១៨​បន្ទះ , ឧបករណ៍​សម្រាប់​កាច់​សោក​ម៉ូតូ​ចំនួន​១, សោ​​សម្រាប់​ដោះ​គ្រឿងបន្លាស់​ម៉ូតូ​មួយចំនួន និង ឯកសារ​មួយចំនួនទៀត ។​

    ​ចំពោះ​វត្ថុតាង​ចាប់យក​ខាងលើ បានប្រគល់​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ យក​យកទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ