• រកឃើញចម្លាក់​អណ្ដើក​ធំមួយ ​នៅ​កណ្ដាល​ស្រះស្រង់ សៀមរាប

    (សៀមរាប)៖ មានការធ្វើកំណាយរកឃើញចម្លាក់អណ្ដើកធំមួយ នៅខាងក្រោមប្រាសាទកណ្ដាលស្រះស្រង់ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ខណៈដែលក្រុមការងារបុរាណវិទូនៃអាជ្ញាធរអប្សរាកំពុងធ្វើកំណាយនៅការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់នោះ។

    បើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានឱ្យដឹងនូវព័ត៌មានបឋម នាព្រលប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះថា ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកធំមួយក្នុងពេលកំណាយស្រាវជ្រាវនៅទីនោះ។

    អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងផ្តល់ព័ត៌មានលម្អិតបន្ថែមជុំវិញការរកឃើញអណ្ដើកយក្សមួយនេះនៅថ្ងៃនេះ(ថ្ងៃទី៧)បន្តទៀត។

    សូមជម្រាបថា ក្នុងពេលដំណើរការការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ខាងលើនេះ ក្រុមការងារបានរកឃើញវត្ថុបុរាណជាច្រើន ជាក់ស្ដែងនាពេលថ្មីៗនេះ គេបានរកឃើញវត្ថុបុរាណចំនួន ៣ ប្រភេទ រួមមានជាអាទិ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន ២ ដែលមួយនៅមានរូបរាងពេញលេញ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ព្រមទាំងបំណែកខ្វាតពណ៌ស ឬគ្រីស្តាល់ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគធំមួយ ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ