ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយរបាយការណ៍នៃការអនុវត្តន៍រយៈពេលពេញមួយថ្ងៃទី១ឧសភា ចាប់ពីម៉ោង ០៧និង០០ ព្រឹក ដល់ម៉ោង ១៦និង៣០នាទីរសៀល សកម្មភាពតាមបណ្តាគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងនគរ បាលបានឃាត់ម៉ូតូចំនួន ១.១៧៤ គ្រឿង និងរថយន្តចំនួន ១៤៨ គ្រឿង ។
ក្នុងការចុះអនុវត្តរបស់សមត្ចកិច្ច បានឃាត់ម៉ូតូចំនួន: ១.១៧៤ គ្រឿង ក្នុងនោះរួមមាន – អត់មួកចំនួន ១.០៨១ គ្រឿង – អត់កញ្ចក់ចំនួន ១៦ គ្រឿង – អត់លេខចំនួន ១៣ គ្រឿង – ល្មើសសញ្ញាចរាចរចំនួន ៦៣គ្រឿង – និយាយទូរស័ព្ទចំនួន ០១គ្រឿង។ ចំណែក ឃាត់រថយន្តចំនួន ១៤៨ គ្រឿង គឺ- អត់ពាក់ខ្សែក្រវ៉ាត់ ៩៥ គ្រឿង – បញ្ច្រាសទិស ១៤ គ្រឿង – អត់លេខចំនួន ៤ គ្រឿង – និយាយទូរស័ព្ទ ១២ គ្រឿង – អត់ប័ណ្ណសម្គាល់យាន ០៧ គ្រឿង – ល្មើសសញ្ញាចរាចរ ១១ គ្រឿង – សំពីងសំពោង ០៣ គ្រឿង – ហួសឈៀក ០២ គ្រឿង។
ស្នងការនគរបាលរាជធានី បានបន្តថា បន្ទាប់ពីធ្វើការផាកពិន័យនៅពេលថ្ងៃរួចមកនោះ នៅម៉ោង ១៩:៣០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារថតរូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះតាមគោលដៅមួយចំនួនដើម្បីផ្តិតយករូបភាព និងចង់ដឹងថាតើបន្ទាប់ពីមានវិធានការពេញមួយថ្ងៃ ក្នុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តើអ្នកបើកបរគាត់ភ្ញាក់រលឹកក្នុងការចូលរួមគោរពច្បាប់ដែរឬទេ នៅពេលតាមគោលដៅមិនមានសមត្ថកិច្ច ?
ជាលទ្ធផលឃើញថាអ្នកបើកបរជាច្រើនបានចូលរួមគោរពភ្លើងសញ្ញា ស្លាកសញ្ញា គំនូសចរាចរណ៍ និងពាក់មួកសុវត្ថិភាព ប៉ុន្តែក៏នៅតែមានអ្នកបើកបរមួយចំនួននៅតែល្មើសច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ។
ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ ក៏ដូចជាចំណេញពេលវេលា និងចំណេញថវិកា សូមប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ពេលទោះថ្ងៃ ឬយប់ គឺគ្រប់ពេលដែលអ្នកបើកបរ ៕