• ធនាគារពិភពលោក​ព្យាករណ៍​ថា ការផ្ញើ​ប្រាក់​ចេញ​នៅ​ទូទាំង​សាកលលោក នឹង​ធ្លាក់ចុះ​ខ្លាំង ដែល​មិន​ធ្លាប់មាន​ពីមុនមក​

    វ៉ាស៊ីនតោន ៖ ធនាគារពិភពលោក ចេញផ្សាយ​របាយការណ៍​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ ថា ការផ្ញើ​ប្រាក់​ចេញ​នៅ​ទូទាំង​សាកលលោក ត្រូវបាន​រំពឹងទុក​ថា នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង ចំនួន​ប្រមាណ ជា ២០​ភាគរយ នៅ ក្នុង​ឆ្នាំ​២០២០​នេះ ដោយសារតែវិបត្តិ​បណ្តាលមកពី​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ការបិទ សកម្មភាព​សេដ្ឋកិច្ច សឹងតែ​គ្រប់ផ្នែក​ទាំងអស់​។ មូលហេតុ​នាំឱ្យ​មានការ​ធ្លាក់ចុះ ក្នុង​សភាព​យ៉ាងគំហុក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​កន្លងទៅនេះ គឺ មួយ​ភាគ​ធំ​មកពី​ការធ្លាក់ចុះ​នៃ​ចំនួន​ប្រាក់បៀវត្សរ៍ និង ការ ងារ របស់ ពលករ​ចំណាកស្រុក ដែល សុទ្ធតែជា​ក្រុមមនុស្ស​ងាយ​បាត់បង់​ការងារ និង ប្រាក់បៀវត្សរ៍​មុនគេ នៅក្នុង​បណ្តា​ប្រទេស​ដែល​ពួកគេ​កំពុងធ្វើការ កាលណា​មាន​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង​។ រំហូរ​ការផ្ញើ​ប្រាក់​ចេញទៅ​កាន់​ប្រទេស មាន​ចំណូល​ទាប និង មធ្យម (LMICs) ត្រូវ បាន ព្យាករណ៍​ទុក ថា នឹង ស្រុតចុះ​ប្រហែល​១៩,៧​ភាគរយ គឺ​សមមូល​ទៅនឹង ៤៤៥​ប៊ី​លាន​ដុល្លារ​អាមេរិក ដែលជា ការបាត់បង់​នូវ​ប្រភព​ហិរញ្ញវត្ថុ​ចិញ្ចឹមជីវិត​ដ៏​សំខាន់​មួយ សម្រាប់ គ្រួសារ​ងាយ​រងគ្រោះ​។​

    ​ការសិក្សា​នានា​បាន​បង្ហាញថា ការផ្ញើ​ប្រាក់​ចេញ​របស់​ពលករ​ចំណាកស្រុក​បាន​ជួយ​សម្រាល​ភាពក្រីក្រ​នៅតាម​ប្រទេស​មាន​ចំណូល ទាប​និង មធ្យម​, ធ្វើឱ្យ​អាហារូបត្ថម្ភ​មាន​ភាពប្រសើរឡើង​, រួមចំណែក​បង្កើន​ការចំណាយ​ទៅលើ​វិស័យ​អប់រំ និង​ជួយ​កាត់បន្ថយ​ពលកម្ម​កុមារ​នៅតាម​គ្រួសារ​ទីទ័លក្រ​។ ប៉ុន្តែ​កាលណា​ចំនួន​ប្រាក់​ផ្ញើ​ចេញ​ធ្លាក់ចុះ វា នឹង ជះ​ផល មិន ល្អ​ទៅលើ លទ្ធភាព​ចាយវាយ របស់​គ្រួសារ​នានា​ទៅលើ​ផ្នែក​ទាំងនេះ ដោយសារតែ​គេ​ចាំបាច់​ត្រូវ បង្វែរ​ធនធាន​ហិរញ្ញវត្ថុ​កាន់តែច្រើន​ទៅ​ដោះ ស្រាយ បញ្ហា​ខ្វះខាត​ស្បៀងអាហារ និង សេចក្តីត្រូវការ​បន្ទាន់​នៅ ក្នុង​ជីវភាព​រស់នៅ ជាមុនសិន​។​

    ​លោក ដេវីដ ម៉ា​ល់​ប៉ាស់ ប្រធាន​ធនាគារពិភពលោក មានប្រសាសន៍ថា​៖ «​ការផ្ញើ​ប្រាក់​មកពី​ក្រៅ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ឱនភាព​សេដ្ឋកិច្ច​ដែល កំពុង​កើតឡើង​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ បង្ក​ការប៉ះទង្គិច​យ៉ាងដំណំ​លើ​លទ្ធភាព​របស់​ពលករ​ក្នុងការ​ផ្ញើ​លុយ​ទៅផ្ទះ អាស្រ័យហេតុនេះ វា​កាន់តែ​សំខាន់​ថែមទៀត​ដែល​យើង ត្រូវខិតខំ​ធ្វើយ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ជឿនលឿន​ឆាប់​ងើប​ឡើងវិញ​»​។

    ​លោក ម៉ា​ល់​ប៉ាស់ ពោល​បន្ថែមទៀតថា​៖ «​ប្រាក់​ផ្ញើ​ពី​ក្រៅ​ជួយ​ដល់​ក្រុមគ្រួសារ​ក្នុងការ​ចាយវាយ​លើ​ស្បៀងអាហារ​, លើ​ការថែទាំ​សុខភាព​, និង លើ​សេចក្តីត្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​ផ្សេងៗ​។ ក្នុងខណៈដែល​ក្រុម​ធនាគារពិភពលោក​អនុវត្ត​វិធានការ​រហ័ស និង​មាន​ទ្រង់ទ្រាយ​ទូលំទូលាយ​មួយ​ដើម្បី​ជួយ​ដល់ ប្រទេស ដែល​ជួប​ការលំបាក យើង​កំពុង តែ ព្យាយាម​រក្សា​បណ្តាញ​ផ្ទេរប្រាក់​ចេញ​ឱ្យនៅ​ដំណើរការ​ដដែល និង​ជួយ សហគមន៍​ក្រីក្រ ឱ្យ មានលទ្ធភាព ទទួលបាន​រាល់​តម្រូវ​ការចាំបាច់​បំផុត​ទាំងនេះ សម្រាប់​ទ្រទ្រង់​ការរស់នៅ​ប្រចាំថ្ងៃ​។​»

    ​ក្នុងន័យនេះ ធនាគារពិភពលោក​កំពុងតែ​ជួយ​ដល់​ប្រទេស​ដែលជា​សមាជិក​របស់ខ្លួន នៅ ក្នុង ការតាមដាន​ទៅលើ​រំហូរ​ប្រាក់​ផ្ញើ​ចេញ តាម រយៈ​បណ្តាញ​នានា​, ទៅលើ​ថ្លៃ​ចំណាយ​និង​ភាពងាយស្រួល​ក្នុងការ ផ្ញើ​លុយ​ទៅ​ស្រុក​, និង ទៅលើ បទ​ប្បញ្ញត្តិ​សម្រាប់​ការពារ សុចរិត​ភាព ហិរញ្ញវត្ថុ​ដែលមាន​ឥទ្ធិពល​ទៅលើ រំហូរ របស់ ប្រាក់ ផ្ទេរ​។ ក្រុម​ធនាគារពិភពលោក​កំពុង​ធ្វើ​សហការគ្នាជាមួយ ក្រុម​ប្រទេស G20 និង​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​កាត់​បន្ថយថ្លៃ​ចំណាយ​លើ​ការផ្ទេរ​ប្រាក់ និង ជួយ​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ជា​ប្រយោជន៍​ដល់​ជនក្រីក្រ​។​

    ​លំហូរ​ការផ្ញើ​ប្រាក់​ចេញ​ត្រូវបាន​រំពឹងទុក​ថា​នឹង​ស្រុតចុះ​នៅ​គ្រប់​តំបន់​ទាំងអស់ ដែលមាន​វត្តមាន​ប្រតិបត្តិការ​របស់​ក្រុម​ធនាគារពិភពលោក ពិសេស​នៅក្នុង​តំបន់​អឺរ៉ុប និង អាស៊ី​កណ្តាល (២៧,៥​ភាគរយ​), តំបន់​សាប់​សាហា​រ៉ា​ក្នុង​ទ្វីប​អា​ហ្វ្រ៊ិ​ក (២៣,១​ភាគរយ​), តំបន់​អាស៊ី​ខាងត្បូង (២២,១​ភាគរយ​), តំបន់​មជ្ឈិមបូព៌ា និង អា​ហ្វ្រ៊ិ​ក​ខាងជើង (១៩,៦​ភាគរយ​), តំបន់​អាមេរិក​ឡាទីន និង កា​រ៉ា​អ៊ី​ប (១៩,៣​ភាគរយ​), និង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក (១៣​ភាគរយ​)​។​

    ​ការធ្លាក់ចុះ​នូវ​រំហូរ​ការផ្ញើ​ប្រាក់​ចេញ​នៅក្នុង​ឆ្នាំ​២០២០​យ៉ាងគំហុក​នេះ​កើតឡើង​បន្ទាប់ពី​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម ទទួលបាន​ប្រាក់​ផ្ទេរ​ពី​ក្រៅ​មាន​ចំនួន​រហូតដល់​ទៅ ៥៥៤​ប៊ី​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៩ ដែលជា​កំណត់ត្រា​ខ្ពស់​មួយ​។ ទន្ទឹមនឹង​ការធ្លាក់ចុះ​កាន់តែខ្លាំង​របស់ វា រំហូរ​នៃ​ការផ្ញើ​ប្រាក់​ចេញ​ត្រូវ បាន រំពឹងទុក​ថា នឹង កាន់ តែមាន​សារៈសំខាន់​ខ្លាំង​ថែមទៀត ក្នុងន័យ​ជា​ប្រភព​ហិរញ្ញប្បទាន​មកពី​ក្រៅ​សម្រាប់​បណ្តា​ប្រទេស​មាន​ចំណូល​ទាប និង មធ្យម ពិសេស​ក្នុងពេលដែល​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នឹងមាន​ការធ្លាក់​ចុះ ក្នុង​បរិមាណ​កាន់តែ​ធំ (​ជាង ៣៥​ភាគរយ​)​។ ក្នុង​ឆ្នាំ​២០១៩ រំហូរ​នៃ​ការផ្ញើ​ប្រាក់​ពី​ប្រទេស​នានា​ទៅកាន់​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម មាន​បរិមាណ​ធំ​ជាង បរិមាណ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ដែលជា​ចំណុច​គោល​យ៉ាងសំខាន់​មួយ សម្រាប់​ប្រើ​ក្នុងការ​តាមដាន​រំហូរ​ធនធាន ទៅ កាន់ បណ្តា ប្រទេស កំពុងអភិវឌ្ឍន៍​។​

    ​សម្រាប់​ឆ្នាំ​២០២១ ធនាគារពិភពលោក​ធ្វើការ​ប៉ាន់ប្រមាណ​ថា ការផ្ញើ​ប្រាក់​ចេញទៅ​កាន់​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម នឹង​ងើបមុខ​ឡើងវិញ ដោយ​វា​នឹង​កើន​ប្រហែល ៥,៦​ភាគរយ គឺមាន​ចំនួន​ប្រហែល ៤៧០​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ចក្ខុវិស័យ សម្រាប់ ការផ្ញើ​ប្រាក់​ចេញ​នឹង​នៅតែមាន​ភាពមិនប្រាកដ​ប្រជា ដរាបណា​ដែល ជំងឺ​កូ​វីដ​១៩​នៅតែ​បន្ត​ជះ​ការប៉ះទង្គិច​ទៅលើ​ចក្ខុវិស័យ​សម្រាប់​កំណើនសេដ្ឋកិច្ច​ទូទាំង​សាកលលោក និង​ទៅលើ​វិធានការ​ទាំងឡាយ សម្រាប់ ទប់ស្កាត់​ការ​រាលដាល​របស់​ជំងឺ​នេះ​។ កន្លងមក ការផ្ញើ​ប្រាក់​ចេញ​នៅតាម​ប្រទេស​មាន​លំនាំ​ផ្ទុយ​ពី​វដ្ត​ធម្មតា គឺ​ពេលណា​មាន​វិបត្តិ និង ការលំបាក​កាន់តែខ្លាំង​នៅឯ​ផ្ទះ ពលករ​ផ្ញើ​លុយ​ទៅផ្ទះ​កាន់តែច្រើន​ដែរ​។ ផ្ទុយទៅវិញ លើក​នេះ ការ រាលដាល​របស់​ជំងឺ​នេះ បាន​បង្ក​ការប៉ះទង្គិច​ទៅលើ ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ដោយ​បង្កើតឱ្យមាន​ភាពមិនប្រាកដ​ប្រជា​កាន់តែ​ច្រើនឡើងៗ​។​

    ​លោក មី​ខាល់ រូត​កូវ​ស្គី នាយក​ផ្នែក​គាំពារ​សង្គម និង​ការអនុវត្ត​ការងារ​សាកល នៅ​ធនាគារពិភពលោក មានប្រសាសន៍ថា​៖ «​ពេលនេះ ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព ពិត​ជាមាន​សារសំខាន់​ណាស់ ដើម្បី​ការពារ​ជនទីទ័លក្រ និង ជន ងាយ រង គ្រោះ ក្នុងពេល​មាន​វិបត្តិ​នេះ ទាំង​នៅ ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ និង ប្រទេស មាន​សេដ្ឋកិច្ច​ជឿនលឿន​។ នៅតាម​ប្រទេស​ជា​ម្ចាស់​ស្រុក អន្តរាគមន៍​ផ្នែក​គាំពារ​សង្គម គួរតែ​ជួយ​គាំទ្រ​ដល់​ពលករ​ចំណាកស្រុក​ផងដែរ​។​»

    ​នៅក្នុង​ត្រីមាស​ទីមួយ ឆ្នាំ​២០២០​នេះ នៅ​ទូទាំង​សាកលលោក ការ ផ្ញើ​ប្រាក់ ២០០​ដុល្លារ ចេញទៅ​កាន់ ប្រទេស មួយទៀត ត្រូវ​ចំណាយ​ថ្លៃ​ជា​មធ្យម ៦,៨​ភាគរយ នៃ​ចំនួន​ទឹកប្រាក់​នោះ​ថែមទៀត ដែល​ទាប​ជាង​តែ​បន្តិច​ទេ​ប្រៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ​។ តំបន់​សាប់​សាហា​រ៉ា​អា​ហ្វ្រ៊ិ​ក នៅតែមាន​ថ្លៃ​ចំណាយ​នេះ​ខ្ពស់​ជាងគេ គឺ​ជិត ៩​ភាគរយ ក្នុងពេលដែល​ពលករ​ចំណាក ស្រុក ក្នុង​រង្វង់​តំបន់​សាប់​សាហា​រ៉ា​អា​ហ្វ្រ៊ិ​ក មាន​ចំនួន​ដល់​ទៅ​ជាង​ពីរភាគបី នៃ​ការធ្វើ​ចំណាកស្រុក​អន្តរជាតិ​ពី​តំបន់​ទាំងមូល​។

    ​លោក ឌី​លី​ប រ៉ា​ថា អ្នកសរសេរ​អត្ថបទ​សង្ខេប​និង​ជា​ប្រធាន​ផ្នែក KNOMAD និយាយថា​៖ «​ជំនួយ​ចាំបាច់ សម្រាប់​ទ្រទ្រង់​ជីវភាព របស់ ពលករ​ចំណាកស្រុក​និង​ក្រុមគ្រួសារ​របស់គេ គឺ​ការដាក់ចេញ​វិធានការ​ឱ្យបាន​ឆាប់ៗ​សម្រាប់​សម្រួល ដល់​ការផ្ញើ​ប្រាក់​ចេញ និង ការទទួល ប្រាក់​។ វិធានការ​ទាំងនោះ​រួមមាន ការចាត់ទុក​សេវា​ផ្ញើ​ប្រាក់​ចេញ​ថា​ជា​សេវា​មាន​សារៈសំខាន់​ស្នូល និង​ធ្វើឱ្យ​វា​មាន​ភាពងាយស្រួល សម្រាប់ ពលករ​ចំណាកស្រុក​ប្រើប្រាស់​បាន​។​»

    ​និន្នាការ​នៃ​ការផ្ញើ​ប្រាក់​ចេញ​តាម​តំបន់​៖នៅក្នុង​ឆ្នាំ​២០១៩ រំហូរ​នៃ​ការផ្ញើ​ប្រាក់​ចេញទៅ​កាន់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក កើន​បាន​ប្រហែល​២,៦​ភាគរយ ឬ​ចំនួន ១៤៧​ប៊ី​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​វា​ទាប​ជាង​ប្រហែល ៤,៣​ភាគរយ ប្រៀបធៀប​ទៅនឹង អត្រាកំណើន នៅ ក្នុង ឆ្នាំ ២០១៨​។ ក្នុង​ឆ្នាំ​២០២០​នេះ រំហូរ​ការផ្ញើ​ប្រាក់​ចេញ ត្រូវ បាន រំពឹងទុក​ថា​នឹង ធ្លាក់ចុះ ១៣​ភាគរយ​។ ការថយចុះ​នេះ ត្រូវបាន​រំពឹងទុក ថា បណ្តា ល មក ពី​ការ ថមថយ​រំហូរ​ប្រាក់​ផ្ញើ​ចេញពី​សហរដ្ឋអាមេរិក ដែលជា ប្រភព​ធំជាងគេ​នៃ​ការផ្ញើ​ប្រាក់​មក​ចូល​តំបន់​នេះ​។ ប្រ ទេស មួយចំនួន​ដែល ពឹង​ផ្អែកលើ ប្រាក់​ផ្ញើ​មកពី​ក្រៅប្រទេស តួយ៉ាង ប្រទេស​បណ្តា​កោះ​ប៉ា​ស៊ី​ហ្វ៊ិ​ក នឹងមាន​គ្រួសារ​ច្រើន​ជួប​ហានិភ័យ ដោយសារ​ការធ្លាក់ចុះ​នៃ​ចំណូល​ប្រាក់​ផ្ញើ​មកពី​ក្រៅ នៅ ក្នុងកំឡុងពេល​នេះ​។ ក្នុង​ឆ្នាំ​២០២១ គេ​រំពឹងទុក​ថា តំបន់​នេះ​នឹង ទទួល បាន កំណើន​ងើប​មកវិញ​ដល់​ទៅ​៧,៥​ភាគរយ​។ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​៖ ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២០ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​២០០​ដុល្លារ​អាមេរិក​ទៅកាន់ តំបន់ អាស៊ី​បូព៌ា និង ប៉ា​ស៊ី​ហ្វ៊ិ​ក ធ្លាក់​មក​នៅ​អត្រា​ត្រឹម ៧,១៣​ភាគរយ ប្រៀបធៀប​ទៅនឹង ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ទូទាំង​តំបន់​មាន​ប្រទេស​ច្រករបៀង​ប្រាំ ដែលមាន​ថ្លៃ​ចំណាយ​ទាប​បំផុត​ជា​មធ្យម​ត្រឹម តែ​២,៦​ភាគរយ​ទេ ប៉ុន្តែ​ក៏មាន​ច្រករបៀង​ប្រាំ​ផ្សេងទៀត​ដែលមាន​ថ្លៃ​ចំណាយ​លើ​សេវា​នេះ ខ្ពស់​ជា​មធ្យម រហូតដល់​ទៅ ១៥,៤ ភាគរយ គិត​ត្រឹម​ឆមាស​ទី​៤ ឆ្នាំ​២០១៩​។​

    ​ក្នុង​ឆ្នាំ​២០១៩ ការផ្ញើ​ប្រាក់​ចេញទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង អាស៊ី​កណ្តាល នៅមាន​សភាព​ស្វាហាប់​នៅឡើយ គឺ​កើន​បាន​ជិត ៦​ភាគរយ ដល់​ទៅ ៦៥​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ប្រទេស​អ៊ុយ​ក្រែ​ន នៅតែ​ជា​អ្នកទទួល បាន​ចំណែក​ធំ​ជាង​បង្អស់​នៃ​ប្រាក់​ផ្ញើ​នៅក្នុង​តំបន់ គឺ​រហូត​ជិត​ដល់​ទៅ ១៦​ប៊ី​លាន​ដុល្លារ ដែលជា​កំណត់ត្រា​មួយ​ខ្ពស់​។ ទន្ទឹមគ្នានេះ បណ្តា​ប្រទេស​ដូចជា សាធារណរដ្ឋ​គៀរ​ហ្គី​ស​, តា​ហ្ស៊ី​គី​ស្ថាន​, និង អ៊ុ​ស​ប៊ែ​ក​គី​ស្ថាន ដែល​សេដ្ឋកិច្ច​មិនសូវ​ពឹង​ផ្អែកលើ​ការផ្ញើ​ប្រាក់​មកពី​ក្រៅ បាន​ទទួលផល ពី ការ ស្ទុះ​ងើប​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​រុស្ស៊ី​។ នៅក្នុង​ឆ្នាំ​២០២០ ទំហំ​នៃ​ការផ្ញើ​ប្រាក់​មកពី​ក្រៅ​ត្រូវបាន​រំពឹងទុក​ថា​នឹង​ធ្លាក់​ជិត​២៨​ភាគរយ ដោយសារ​កត្តា​គួបផ្សំ​គ្នា​នៃ​ផល​ប៉ះទង្គិច​ពី​សំណាក់​ការ​រាលដាល​ជំងឺ​កូ​រ៉ូ​ណា និង ការធ្លាក់​ចុះថ្លៃ​ប្រេង​។ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​៖ ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២០ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​២០០​ដុល្លារ​អាមេរិក​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង អាស៊ី​កណ្តាល ស្រុតចុះ​បន្តិច​មក​នៅត្រឹម​អត្រា ៦,៤៨​ភាគរយ ពី ៦,៦៧​ភាគរយ នៅក្នុង​ឆ្នាំ​កន្លងទៅ​។ ថ្លៃ​សេវា​នេះ​នៅតាម​ច្រករបៀង​ទូទាំង​តំបន់ មាន អត្រា​ខុសគ្នា​ច្រើន ជាពិសេស ការផ្ញើ​ប្រាក់​ចេញពី​ប្រទេស​តួរ​គី​ទៅកាន់​ប្រទេស ប៊ុលហ្គារី​ត្រូវ​បង់ថ្លៃ​សេវា​ខ្ពស់ ក្នុងពេលដែល​ថ្លៃ​សេវា​នេះ​មាន​ទាប​ទៅវិញ នៅ ក្នុង ការផ្ញើ​ចេញពី​ប្រទេស​រុស្ស៊ី​ទៅកាន់​ប្រទេស​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​។​

    ​ក្នុង​ឆ្នាំ​២០១៩ រំហូរ​នៃ​ការផ្ញើ​ប្រាក់​ចេញទៅ​កាន់​តំបន់​អាមេរិក​ឡាទីន និង កា​រ៉ា​អ៊ី​ប កើន​បាន ៧,៣​ភាគរយ ដល់​ទៅ ៩៥​ប៊ី​លាន​ដុល្លារ​អាមេរិក​។ កំណើន​នៃ​ការ​រំហូរ​ចូល​ប្រាក់​ផ្ញើ​នេះ​មាន​កម្រិត​ខុសៗ​គ្នា​នៅតាម​ប្រទេស​ក្នុង​តំបន់​។ ប្រទេស​ប្រេ​ស៊ី​ល​, ហ្កា​តេ​ម៉ា​ឡា និង​ហុង​ឌូ​រ៉ា​ស់ ទទួល បាន កំណើន​ប្រាក់​ផ្ញើ​ពី​ក្រៅ​ដល់​ទៅ​ជាង ១២​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ ប្រទេស​កូ​ឡុំ​ប៊ី​, អេ​ក្វា​ឌ័​រ​, នី​កា​រ៉ា​ហ្កា និង​ប៉ា​ណា​ម៉ា ទទួល បាន កំណើន​ជាង ៦​ភាគរយ តែ​ផ្ទុយទៅវិញ នៅ​ប្រទេស​បូ​លី​វី និង​ប្រទេស​ប៉ា​រ៉ា​ហ្កា​យ កំណើន​នៃ​ការផ្ញើ​ប្រាក់​ពី​ក្រៅ​ធ្លាក់ចុះ​ជិត ៣,៨​ភាគរយ និង ២,២​ភាគរយ រៀងៗ​ខ្លួន​។ ក្នុង​ឆ្នាំ​២០២០ រំហូរ​ប្រាក់​ផ្ញើ​ចេញទៅ​កាន់​តំបន់ ត្រូវ បាន ប៉ាន់​ស្មានថា​នឹង​ធ្លាក់ចុះ​ជិត ១៩,៣​ភាគរយ​។ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​៖ ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២០ ការផ្ញើ​ប្រាក់​ចេញ​២០០​ដុល្លារ ត្រូវ​បង់ថ្លៃ​ចំណាយ​លើ​សេវា​ជា​មធ្យម ៥,៩៧​ភាគរយ​។ ក្នុង​កំឡុង​មាន​វិបត្តិ​កូ​វីដ​១៩​នេះ ថ្លៃ​សេវា​លើ​ការផ្ញើ​ប្រាក់​ចេញទៅ​កាន់​តំបន់ អាច នឹង​ឡើង​ថែមទៀត ដោយសារតែ​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ប្រតិបត្តិ​ករ​រកស៊ី​ក្នុង​ផ្នែក​នេះ​កំពុង​ជួបប្រទះ​នៅ ក្នុង ប្រតិបត្តិការ​របស់ខ្លួន (​ដូចជា ការបិទ​ការិយាល័យ និង​សាខា​ភ្នាក់ងារ​, ការលំបាក​ខ្សត់​សាច់ប្រាក់​, អត្រា​ប្តូរប្រាក់​, បញ្ហា​សន្តិសុខ ជាដើម​) និង បញ្ហា​អនុលោមភាព​តាម​បទ​ប្បញ្ញត្តិ​របស់​ស្ថាប័ន AML/CFT​។​

    ​ក្នុង​ឆ្នាំ​២០២០ ការផ្ញើ​ប្រាក់​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា និង​អា​ហ្វ្រ៊ិ​ក​ខាងជើង ត្រូវ បាន ព្យាករណ៍​ទុក​ថា​នឹង​ធ្លាក់ចុះ​ជិត ១៩,៦​ភាគរយ គឺ​៤៧​ប៊ី​លាន​ដុល្លារ​អាមេរិក ក្រោយពី​កើន​បាន ២,៦​ភាគរយ ក្នុង​ឆ្នាំ​២០១៩ កន្លងមក​។ ការធ្លាក់ចុះ​នេះ គឺ​បណ្តាលមកពី ស្ថានភាព​សេដ្ឋកិច្ច​ស្រុតចុះ​នៅ​ទូទាំង​ពិភពលោក និង ផល​ប៉ះទង្គិច​ពី​ការធ្លាក់​ថ្លៃ​ប្រេង​ក្នុងចំណោម​ប្រទេស សមាជិក​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រ​អារ៉ាប់ (GCC)​។ ការផ្ញើ​ប្រាក់​ចេញពី​តំបន់​ចាយ​រូបិយវត្ថុ​អឺរ៉ូ ក៏​អាច​នឹងរង​ផលប៉ះពាល់​ថែមទៀត​ពី​ស្ថានភាព​ថមថយ​សេដ្ឋកិច្ច​ដែល តំបន់​នេះ​ធ្លាប់មាន​រួចមកហើយ​មុន​មាន​វិបត្តិ​កូ​វីដ​១៩ និង ការ ធ្លាក់ចុះ​តម្លៃ​រូបិយវត្ថុ​អឺរ៉ូ​ធៀប​ទៅនឹង​លុយ​ដុល្លារ​អាមេរិក​។ នៅក្នុង​ឆ្នាំ​២០២១ ការផ្ញើ​ប្រាក់​ទៅកាន់​តំបន់​នេះ ត្រូវ បាន រំពឹងទុក​ថា នឹង ងើបឡើង​វិញ តែ​ក្នុង​សម្ទុះ​យឺត​ប្រហែល ១,៦​ភាគរយ ដោយសារតែ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ប្រាក់​អឺរ៉ូ​នៅមាន​សភាព​មធ្យម និង ដោយសារ រំហូរ សាច់ ប្រាក់ ខ្សោយ​ចេញពី​ចំណោម​ប្រទេស សមាជិក GCC​។ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​៖ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​២០០​ដុល្លារ ទៅកាន់​តំបន់​នេះ គឺមាន​អត្រា ៧​ភាគរយ ដែលជា​រួម​ឥតមាន​ការប្រែប្រួល​ខុសពី​ឆ្នាំមុន​ទេ​។ ថ្លៃ​ចំណាយ​លើ​សេវា​នេះ​មាន​ភាពខុសៗ​គ្នា​ខ្លាំង​នៅតាម​ច្រករបៀង​ប្រទេស​ទាំងនេះ​។ ថ្លៃ​ចំណាយ​លើ​សេវា ក្នុង​ការផ្ញើ​ប្រាក់ ចេញពី​ប្រទេស​មាន​ចំណូល​ខ្ពស់​ដែលជា​សមាជិក​អង្គការ OECD ទៅកាន់​ប្រទេស​លី​បង់ នៅតែមាន​អត្រា​ជា​លេខ​ពីរ​ខ្ទង់​។ ការផ្ញើ​ប្រាក់​ចេញពី​ប្រទេស​សមាជិក GCC ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប និង​ហ្ស៊​ក​ដង់ ត្រូវ​ចំណាយ សេវា​ក្នុង អត្រា ពី ៣ ទៅ ៥​ភាគរយ នៅ តាម ច្រក របៀង​ខ្លះ​។ ច្រក​របៀប​រវាង​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត និង​ប្រទេស​ស៊ី​រី ឃើញថា មាន ការធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​ថ្លៃ​សេវា​ផ្ញើ​ប្រាក់ ដោយសារ តែ​សង្គ្រាម ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី ហាក់ដូច​ជាមាន​សភាព​ស្ងប់​ជាង​មុន​បន្តិច​។​

    ​ក្នុង​ឆ្នាំ​២០២០ ការផ្ញើ​ប្រាក់​ទៅកាន់​តំបន់​អាស៊ី​ខាងត្បូង ត្រូវបាន​ព្យាករណ៍​ថា នឹង​ស្រុតចុះ​ជិត ២២​ភាគរយ ដល់​ទៅ​១០៩​ប៊ី​លាន​ដុល្លារ​អាមេរិក ក្រោយពី​តំបន់​នេះ​ទទួលបាន​កំណើន​នៃ​ការផ្ញើ​ប្រាក់ ៦,១​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។ ការធ្លាក់ចុះ​សន្ទុះ​នៃ​ការ ផ្ញើ​ប្រាក់​ទៅកាន់​តំបន់​អាស៊ី​ខាងត្បូង​ក្នុង​ឆ្នាំ​២០២០​នេះ គឺ​បណ្តាលមកពី​កត្តា​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដោយសារតែ​ការផ្ទុះ​ជំងឺ​កូ​វីដ​១៩ និង ការធ្លាក់​ចុះថ្លៃ​ប្រេង​។ ការធ្លាក់ចុះ​សេដ្ឋកិច្ច​នេះ​ទំនងជា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ផ្ទាល់​ទៅលើ​លទ្ធភាព​ការហូរ​សាច់ប្រាក់​ផ្ញើ​ចេញពី​សហរដ្ឋអាមេរិក​, ពី​ចក្រភព​អង់គ្លេស និង​ពី​សហភាព​អឺរ៉ុប ទៅកាន់ តំបន់​អាស៊ី​ខាងត្បូង​។ ការធ្លាក់​ចុះថ្លៃ​ប្រេង នឹង ប៉ះពាល់​ទៅលើ​ការហូរ​ចេញ​ប្រាក់​ផ្ញើ​ពី​ប្រទេស​សមាជិក GCC និង​ពី​ប្រទេស​ម៉ាឡេស៊ី​។ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​៖ តំបន់​អាស៊ី​ខាងត្បូង​មាន​ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​ទាប​ជាងគេ ធៀប​ទៅនឹង​តំបន់​ផ្សេងទៀត គឺ​ក្នុង​អត្រា​ត្រឹមតែ ៤,៩៥​ភាគរយ ប៉ុណ្ណោះ​។ ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​នេះ មាន អត្រា​ទាប​ជាង ៣​ភាគរយ ដែលជា​គោលដៅ​មួយ​របស់ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ អត្រា​ទាប​នេះ​ប្រហែល​បណ្តាលមកពី​សាច់ប្រាក់​ផ្ញើ​ចេញ​មាន​ទំហំ​ធំ​, ទីផ្សារ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង និង ការអភិវឌ្ឍ​របស់​ប​ច្ចេក​វិទ្យា ដែរ​។ ប៉ុន្តែ ប្រទេស​ច្រករបៀង មួយចំនួន​ក្នុង​តំបន់​នេះ មាន​ថ្លៃ​សេវា​ក្នុង​អត្រា​ខ្ពស់ រហូតដល់​ទៅជា​ង ១០​ភាគរយ ដោយសារតែ​សាច់ប្រាក់​ផ្ញើ​ចេញ​មាន​បរិមាណ​តិច​, ទីផ្សារ​ខ្វះ​ការប្រកួតប្រជែង និង ការបារម្ភ​មួយចំនួន​ពាក់ព័ន្ធ​បទ​ប្បញ្ញត្តិ​សម្រាប់​ការផ្ញើ​ប្រាក់​ចេញ​។ បទ​ប្បញ្ញត្តិ​ធនាគារ​ពាក់ព័ន្ធ​ទៅនឹង AML/CFT បាន​បង្កើន​សណ្ឋាន​ហានិភ័យ​របស់ អ្នកផ្តល់​សេវា​ផ្ញើ​ប្រាក់ ហើយ​តាមរយៈ​នេះ វា ក៏​ធ្វើ ឱ្យ​ថ្លៃ​ចំណាយ​លើ​សេវា​កើន ទៅតាម​នោះដែរ​សម្រាប់​ប្រទេស​ដែល​ចាំ​ទទួល​ប្រាក់​ផ្ញើ​មួយចំនួន ដូចជា ប្រទេស អា​ហ្វ​ហ្កា​នី​ស្ថាន និង សម្រាប់ ប្រទេស​ដែល​ផ្ញើ​ប្រាក់​ចេញ ដូចជា ប្រទេស ប៉ា​គី​ស្ថាន ជា ដើម​។​

    ​ក្នុង​ឆ្នាំ​២០១៩ ការផ្ញើ​ប្រាក់​ទៅកាន់​តំបន់​សាប់​សាហា​រ៉ា​អា​ហ្វ្រ៊ិ​ក មានការ​ធ្លាក់ចុះ ០,៥​ភាគរយ ដោ​យមក​នៅមាន​ចំនួន​ត្រឹម ៤៨​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ដោយសារតែ​វិបត្តិ​ដែល​បង្ក​ឡើ​ដោយ​ជំងឺ​កូ​វីដ​១៩ រំហូរ​របស់​ប្រាក់​ផ្ញើ​ចេញទៅ​កាន់​តំបន់​នេះ​ត្រូវបាន​រំពឹងទុក​ថា នឹង ធ្លាក់ចុះ​ជិត ២៣,១​ភាគរយ ជា​សាច់ប្រាក់​មក​នៅត្រឹម ៣៧​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០ តែ​វា នឹង​រំពឹងថា នឹង ងើប​កើន​មកវិញ​បាន ៤​ភាគរយ ក្នុង ឆ្នាំ ២០២១​។ ការធ្លាក់ចុះ​នេះ អាច​បណ្តាល​មក ពី​កត្តា​គួបផ្សំ​គ្នាច្រើន ពិសេស ការ ផ្ទុះ​ជំងឺ​កូ​រ៉ូ​ណា​នេះ នៅ តាម ប្រទេស​គោលដៅ​មួយចំនួន​ដែល ពលករ​ចំណាកស្រុក​អា​ហ្វ្រ៊ិ​ក​កំពុង​ស្នាក់អាស្រ័យ​នៅ រួមមាន តំបន់ សហភាព​អឺរ៉ុប​, សហរដ្ឋ អាមេរិក​, មជ្ឈិមបូព៌ា និង ចិន​។ នៅក្នុង​តំបន់​និង​ប្រទេស​ទាំងនេះ​ដែលជា​សេដ្ឋកិច្ច​គ្រាក់ៗ មាន​ពលករ​មកពី​តំបន់ សាប់​សាហា​រ៉ា​អា​ហ្វ្រ៊ិ​ក និង តំបន់​នានា​ក្នុង​ចំណែក​មួយ​ធំ និង​ជា ប្រភព​ជិត​ស្មើ​មួយ​ភាគ​បួន​នៃ​ទំហំ​ប្រាក់​ផ្ញើ​សរុបទៅ​កាន់​សាប់​សាហា​រ៉ា​អា​ហ្វ្រ៊ិ​ក​។ ក្រៅពី​ផល​ប៉ះទង្គិច ដោយសារ ការ រាលដាល​ជំងឺ​នេះ ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ អា​ហ្វ្រ៊ិ​ក​ខាងកើត កំពុង​ត្រូវ រង​ការវាយប្រហារ​របស់​ហ្វូង​សត្វ​កណ្តូប​ទៅលើ​ដំណាំ​ដាំ​ដុះ ដែល​គំរាមកំហែង​ដល់ ការផ្គត់ផ្គង់ ស្បៀងអាហារ​ដល់​ប្រជាជន​នៅក្នុង​តំបន់​នេះ​។ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​៖ ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ​២០២០ ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់ ២០០​ដុល្លារ​ទៅកាន់​តំបន់​នេះ មាន​អត្រា​ជា​មធ្យម ៨,៩​ភាគរយ ដែល ជាការ​ស្រុតចុះ​បន្តិច ប្រៀបធៀប​ទៅ នឹង អត្រា​ថ្លៃ​មធ្យម ៩,២៥​ភាគរយ ក្នុង​ឆ្នាំ​កន្លងទៅ​។ តំបន់​អា​ហ្វ្រ៊ិ​ក​ខាងត្បូង​ត្រូវបាន​គេ​សង្កេតឃើញថា​ជា ច្រករបៀង​ដែល មាន អត្រា ថ្លៃ​សេវា​ខ្ពស់​ជាងគេ គឺ​ខ្ពស់​រហូតដល់​ទៅ ២០​ភាគរយ ក៏មានដែរ​។ តែ​ផ្ទុយទៅវិញ នៅ​ច្រករបៀង​ដែល​មិនសូវ​ថ្លៃ​នោះ អត្រា ថ្លៃ​ចំណាយ​លើ​សេវា​ផ្ញើ​ប្រាក់​ចេញ​មាន​ជា​មធ្យម​មិន​ដល់ ៣,៦​ភាគរយ ផង​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ