• ដំណឹងល្អ៖ «កម្ពុជាលែងខ្វះខាតអគ្គិសនីប្រើប្រាស់ នៅឆ្នាំ២០២០ ខណៈម៉ាស៉ីនផលិតអគ្គិសនី ៤០០មេហ្គាវ៉ាត់ នៅស្រុកល្វាឯម សម្រេចបាន៨០%ហើយ»

    (ភ្នំពេញ)៖ លោក វ៉ិចទ័រ សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការកសាងទីតាំងចែកចាយ មានម៉ាស៉ីនផលិតថាមពលអគ្គិសនី ដែលមានអានុភាពទំហំ ៤០០មេហ្គាវ៉ាត់ មានទីតាំងនៅស្រុកល្វាឯម ខេត្តកណ្ដាល សម្រេចបាន ៨០ភាគរយហើយ។

    ការអះអាងរបស់មន្ត្រីរូបនេះ បានធ្វើឡើងក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

    លោក វ៉ិចទ័រ សូណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពីឆ្នាំ២០១៩ យើងបានទិញភ្លើង២០០មេហ្កាវ៉ាត់ ពីអាល្លឺម៉ង់ ហើយ ២០០មេហ្កាវ៉ាត់ទៀត ពីហ្វាំងឡង់ សរុប៤០០មេហ្កាវ៉ាត់ ដែលសាងសង់នៅល្វាឯម។ តាមរយៈការរាយការណ៍ពីអគ្គិសនីកម្ពុជា ការសាងសង់សម្រេចបាន៨០% ហើយ»។

    បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល គម្រោងទិញភ្លើងពីប្រទេសតួកគី ដើម្បីផ្គត់ផ្គង់ក្នុងប្រទេស គឺមិនអាចដំណើរការទៅរួចទេ និងបានបិទបញ្ចប់ការចចារអស់ហើយ។ សម្រាប់ការទិញភ្លើង ៤០០មេហ្កាវ៉ាត់ ពីប្រទេសអាល្លឺម៉ង់ និងហ្វាំងឡង់ គឺដើម្បីជំនួសពីគម្រោងការទិញភ្លើងពី ប្រទេសតួកគីនោះ។

    លោកបានឲ្យដឹងជាថ្មីថា សម្រាប់ឆ្នាំ២០២០ កម្ពុជានឹងមិនមានបញ្ហាខ្វះខាតថាមពលអគ្គិសនី ព្រោះវារីអគ្គិសនីរបស់យើង ក៏មានទឹកខ្ទង់បរិមាណ ៧០ភាគរយ សម្រាប់ការផ្គត់ផ្គង់ ហើយបើតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម យើងអាចនឹងមានភ្លៀងធ្លាក់លឿនជាងឆ្នាំមុនទៅទៀត។

    សូមបញ្ជាក់ថា ដំណើរការសាងសង់រោងចក្រផលិតអគ្គិសនី ៤០០មេហ្កាវ៉ាត់ថ្មី ដែលមានទីតាំងស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល កំពុងតែដំណើរការយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាឲ្យរួចរាល់ ទៅតាមផែនការកំណត់ និងអាចបញ្ចេញថាមពលចូលបណ្តាញជាតិ នៅពាក់កណ្តាលឆ្នាំ២០២០។ ដើម្បីសម្រេចការងារនេះ ក្រុមជំនាញសាងសង់បាន និងកំពុងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃ ដោយកំណត់ពេលសាងសង់រយៈពេលជាង ១០ខែ។

    កាលពីខែមិថុនា ឆ្នាំ២០១៩ អគ្គិសនីកម្ពុជា (EDC) និងក្រុមហ៊ុន CGGC-UN POWER Co,Ltd និង ក្រុមហ៊ុន CHINA NATIONAL HEAVY MACHINERY CORPORATION បានចុះហត្ថលេខា លើកិច្ចសន្យាសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយប្រេង (HFO) និងឧស្ម័ន (LNG) អនុភាព ៤០០មេហ្ការ៉ាត់នេះ។

    គម្រោងនេះចែកចេញជា២ផ្នែក៖ ទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៉ីន Wartsila របស់ប្រទេសហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-UN Power.co.ltd និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៉ីន MAN របស់ប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION ។

    លោក វ៉ិចទ័រ សូណា បានបន្ថែមថា បច្ចុប្បន្នកម្ពុជាអាចផលិតថាមពលអគ្គិសនីដោយខ្លួនឯង ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក សរុបរហូតដល់ ៧៥% ខណៈទិញមកពីក្រៅប្រទេសត្រឹមតែ ២៥% ប៉ុណ្ណោះ។ កម្ពុជា ទិញភ្លើងពីប្រទេសឡាវ ថៃ និងវៀតណាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ