• អ្នកជំនាញលើកឡើងថា ករណីឆ្លងជំងឺ COVID-19 នៅឥណ្ឌូណេស៊ី អាចនឹងកើនលើស ១០០ ពាន់នាក់!

    (ហ្សាការតា)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេព្យាករណ៍ថា អាចនឹងកើនលើស ១០០,០០០ករណីឯណោះ។ នេះបើតាមសម្តីអ្នកជំនាញម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

    នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃព្រហស្បតិ៍នេះ លោកសាស្ត្រាចារ្យ វីគូ អេឌីសាស្មីតូ (Wiku Adisasmito) ដែលកំពុងសហការជាមួយ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ក្នុងការទប់ស្កាត់ COVID-19 បាននិយាយថា តួលេខករណីឆ្លងត្រូវបានព្យាករណ៍ខាងលើ នឹងឡើងដល់ចំណុចកំពូលនៅចន្លោះដើមខែឧសភា និងដើមខែមិថុនា។ លោក Adisasmito បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «តាមរយៈការពិនិត្យមើលឡើងវិញ និងការរួមបញ្ចូលការព្យាករណ៍ទាំងអស់… ចំនួនករណីឆ្លងកំឡុងឈានដល់ចំណុចកំពូល អាចនឹងមាន ៩៥,០០០ករណី។ ប៉ុន្តែនៅចន្លោះខែមិថុនា និងខែកក្កដា ចំនួនករណីឆ្លងអាចនឹងហក់ឡើងដល់ ១០៦,០០០ករណី»។

    ទោះជាបែបនេះក្ដី លោក Adisasmito សង្កត់ធ្ងន់ថា តួលេខប៉ាន់ស្មានខាងលើអាចនឹងមានការប្រែប្រួល ហើយរដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹងថា ចំនួនអ្នកឆ្លងអាចនឹងស្ថិតនៅអត្រាទាប ជាងការព្យាករណ៍ខាងលើ។ បើតាមគេហទំព័រ worldometers ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៥,៥១៦ករណី ក្នុងនោះស្លាប់ ៤៩៨នាក់ និងជាសះស្បើយ ៥៤៨នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះតែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ