• សម្តេច​តេ​ជោ ៖ «​ឆ្នាំនេះ ជា​ខួប​លើក​ទី​៥០​ដែល​ខ្ញុំ បាន​ប្រើប្រាស់​ថ្ងៃ​៤​មេសា ជា​ថ្ងៃកំណើត​»

    ភ្នំពេញ​៖ បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា “​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៥០​ដែល​ខ្ញុំ បាន​ប្រើប្រាស់​ថ្ងៃ​៤​មេសា ជា​ថ្ងៃកំណើត​​ដែលជា​ពេលវេលា​សមស្រប​សម្រាប់​ការបកស្រាយ ដើម្បី​ដោះស្រាយ​ចម្ងល់​របស់​បងប្អូន​មួយចំនួន ដែល​តែង​ឆ្ងល់​ថា​ហេតុ​អី លោក ហ៊ុន សែន មាន​ថ្ងៃកំណើត​ពីរ និង​ថ្ងៃ​មួយណា​ជា​ថ្ងៃកំណើត​ពិតប្រាកដ​?”​។​

    ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ទៀតថា “​តាមពិត​ខ្ញុំ​កើត​ម៉ោង​១២​យប់​ថ្ងៃ​អង្គារ ១៥​កើត​ខែ​ស្រាពណ៍ ឆ្នាំរោង ចត្វា​ស័ក​ព​.​ស​២៤៩៦ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​៥ ខែសីហា ឆ្នាំ​១៩៥២​។ ហេតុអ្វី​បានជា​មាន​ថ្ងៃ​៤​មេសា ជា​ថ្ងៃកំណើត​ទៅវិញ​?​។​ ៥០​ឆ្នាំមុន គឺ​នៅ​ថ្ងៃ​៤ មេសា ១៩៧០ ខ្ញុំ​ចូល​ព្រៃម៉ាគី ធ្វើការ​តស៊ូ​តាម​ការអំពាវនាវ​រប​ស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​​ប្រឆាំង​ជាមួយ​ពួក​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ និង​ការឈ្លានពាន​របស់​បរ​ទេស​។ ពេល​ចូលដល់​ជំរំ ក្នុងព្រៃ​ជ្រៅ មេដឹកនាំ​បានឱ្យ​ពួក​ខ្ញុំ​ប្រហែល​ជាង​៣០០​នាក់​ធ្វើ​ប្រវត្តិរូប​។ ខ្ញុំ​ពុំ​ចាំ​ថ្ងៃខែ​កំណើត​ទេ ដូចនេះ​ខ្ញុំ​បាន​យក​ថ្ងៃ​៤​មេសា ដែលជា​ថ្ងៃ​ខ្ញុំ​ចូល​​តស៊ូ​ធ្វើជា​ថ្ងៃកំណើត​តែម្តង គឺ​ថ្ងៃ​៤​មេសា​១៩៥២​។ ខ្ញុំ​ប្រើ​ថ្ងៃ​៤ មេសា ១៩៥២ ជា​ថ្ងៃកំណើត តាំងពី​ថ្ងៃ​៤ មេសា ១៩៧០ រហូតដល់​ថ្ងៃ​ ៨ ខែមករា ១៩៧៩ ទើប​ដូរ​ឆ្នាំ​មក​១៩៥១​វិញ​។ ហេតុអ្វី​បានជា​ដូរ​ឆ្នាំ​ពី​១៩៥២ មក ១៩៥១​វិញ​?​។​

    ​បន្ទាប់ពី​រំដោះ​កម្ពុជា ចេញពី​របប ប៉ុល ពត ថ្ងៃ​៧ មករា ១៩៧៩ ថ្ងៃ​៨ មករា ១៩៧៩ យើង​បាន​បង្កើត​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែលជា​ឈ្មោះ​រដ្ឋាភិបាល​នាពេលនោះ​ឡើង​។ ខ្ញុំ​ត្រូវបានតែងតាំង ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ក្នុង​វ័យ​មិនទាន់​គ្រប់​២៧​ឆ្នាំ​ផង​។​

    ​ការដូរ​ពី​ឆ្នាំ​១៩៥២ មក​១៩៥១ មាន​ហេតុផល​ពីរ​ទី​១ អ្នក​វាយ​អង្គុលីលេខ​វាយ​ខុស ហើយ​យកទៅ​ផ្សព្វផ្សាយ តាម​វិទ្យុផ្សាយសំឡេង​រួចទៅហើយ​។ ទី​២ ខ្ញុំ​មិន​ព្រមធ្វើ​ការកែតម្រូវ​ដោយសារ​អាយុ​ជាង​២៦​ឆ្នាំ ពិតជា​ក្មេង​ពេក ប្រៀប​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត ដែលមាន​អាយុ​សុទ្ធតែ​ជាង ៤០ ឬ​ជាង​៥០​ឆ្នាំ​។​ ពេល​ខ្ញុំ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​១៤ មករា ១៩៨៥ ខ្ញុំ​ក៏​មិន​ព្រម​កែ​ទៀត ដោយសារ​ពេលនោះ​ខ្ញុំ​ក៏​ទើប​មាន​អាយុ​ជាង​៣២​ឆ្នាំ ដែលជា​នាយករដ្ឋមន្ត្រី​ក្មេង​ជាងគេ នៅលើ​លោក​នេះ​នាពេលនោះ​។​ នេះ​ជាការ​បំភ្លឺ​ប្រវត្តិ​នៃ​ថ្ងៃ​៤​មេសា ដែល​ខ្ញុំ​រក្សាទុក​ថ្ងៃនេះ ជា​ថ្ងៃកំណើត​ផ្លូវការ ព្រោះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​តាំងចិត្ត​ចូលធ្វើ​កងទ័ព​តាម​ការអំពាវនាវ​រប​ស់​ព្រះបិតា​ជាតិ សម្តេចព្រះ​នរោត្តម សីហនុ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ