• ក្មេងស្ទាវ​ពីរ​ក្រុម ប្រើ​កាំបិត​ដេញ​កាប់​គ្នា ត្រូវ​បានចាប់ខ្លួន ដើម្បី​ពិចារណា​កំហុស​ក្នុង​គុក​

    បន្ទាយមានជ័យ​: ក្មេងស្ទាវ​ចំនួន​ពីរ​ក្រុម ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា ដោយ​ប្រើ​កាំបិត ដែល​បង្ក​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន ត្រូវ​កម្លាំង​អាវុធហត្ថ​ស្ទាក់​ចាប់ខ្លួនបាន ហើយ​នៅ​រសៀល​ថ្ងៃទី​៣១​ខែមីនា​នេះ ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។​

    ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្មេងស្ទាវ​ចំនួន​ពីរ​ក្រុម​ធ្វើ​សកម្មភាព ដេញ​វាយ​គ្នា​ដោយ​ប្រើ​កាំបិត ដែល​បង្ក​ភាពអសន្តិសុខ​នៅ​ចំណុច​ម្ដុំ​ស្រះ​១០០ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗ​នោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ដកហូត​ដាវ​ស៊ាំ​ម៉ូ​រ៉ៃបាន​ចំនួន​៣​ដើម ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ZOOMER-X ពណ៌​ស្លា​ទុំលាយ​ខ្មៅ សេរី​ឆ្នាំ​២០១៥ ព្រមទាំង​ឆែកឆេរ​រកឃើញ​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន ទឹកកក​ចំនួន​២​កូន​ថង់​តូច ស្មើ ១,២២​ក្រាម នៅវេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ ហើយ​បាន​យកមក​បញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។​

    ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់ ១/​ឈ្មោះ ភ័ក្ត្រ ផុត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/​ឈ្មោះ ចេង ដា​វីដ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៣/​ឈ្មោះ ប៊ុត ម៉េង​ឡុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៤/​ឈ្មោះ ស៊ុន លាប ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​ទាំង​៣​នាក់ បច្ចុប្បន្ន រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    ​ជនសង្ស័យ​ទាំង​៤​នាក់ ក្រោយពី​សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​ក្រុង សាកសួរ​ចម្លើយ ពួកគេ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​យក​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ ដេញ​កាប់​ភាគី​១​ក្រុម​ទៀត ពិតប្រាកដ​មែន ដោយសារ​មាន​គំនុំ​នឹង​គ្នា​កន្លងមក ចំណែក​គ្រឿងញៀន​២​កញ្ចប់ ពួកគេ​ទុក​ប្រើប្រាស់​ផងដែរ​។ ដោយ​ផ្អែកលើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ផង​នោះ ទើប​កម្លាំង អាវុធហត្ថ​ក្រុង កសាង​សំណុំរឿង បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។​

    ​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ អាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ នៅ​រសៀល​ថ្ងៃទី​៣១​ខែមីនា​នេះ​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ