• Hot News! កម្ពុជា រកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុក Covid-19 ចំនួន ៣៥៣នាក់ ខណៈអ្នកប៉ះពាល់ប្រយោល ១៣៥៩នាក់

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៩ ខែមីនា ម្សិលមិញនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន៣៥៣នាក់ ខណៈអ្នកប៉ះពាល់ដោយប្រយោល មានចំនួន១៣៥៩នាក់ ដែលភាគច្រើន នៃអ្នកទាំងនោះត្រូវបានឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃរួចហើយ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល។

    លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា តាមការសិក្សាតាមប្រព័ន្ធតាមដាន របស់ក្រសួងសុខាភិបាល សង្កេតឃើញថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ អ្នកដែលមានគ្រោះថ្នាក់ខ្ពស់បំផុត មានន័យថា អ្នកដែលបានប៉ះពាល់ផ្ទាល់ ជាមួយករណីឆ្លងទាំង១០៧ មានចំនួន ៣៥៣នាក់។ ដោយឡែក ចំនួនករណីផ្សេងទៀត ដែលរកឃើញអ្នកដែលប៉ះពាល់ប្រយោល មានចំនួន ១៣៥៩នាក់ ហើយអ្នកទាំងនោះមកដល់ពេលនេះ មិនទាន់មានអ្នកណាដែលមានបញ្ហាសុខភាពចោទជាបញ្ហានោះទេ ហើយមួយចំនួនធំ ក៏បានរួចផុតពីការអង្កេតតាមដានរួចទៅហើយ ពោលត្រូវបានបញ្ចប់នៅក្នុងដំណាក់កាលតាមដានក្នុងរយៈពេល ១៤ថ្ងៃ។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល ដែលបានបណ្តាញព័ត៌មាន ទទួលបាន គូសបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩ សរុប១០៧នាក់ ខណៈមានអ្នកជាសះស្បើយសរុប២៣នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

    បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក្រសួងសង្កេតឃើញថា នៅក្នុងចំណោមករណីឆ្លងទាំង១០៧ ចំនួន២៤ភាគរយ ស្ថិតនៅក្នុងក្រុមអាយុពី៣០ ទៅ៣៩ឆ្នាំ ហើយប្រហែលជា ៣៥ភាគរយ ស្ថិតនៅក្នុងក្រុមអាយុពី ៦០ ទៅ៦៩ឆ្នាំ។

    សូមបញ្ជាក់ថា ទោះបីប្រទេសកម្ពុជាទើបតែមានអ្នកឆ្លងកូវីដ១៩ ត្រឹមតែ១០៧ករណី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានអះអាងជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំរួចហើយនូវសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការដាក់ប្រទេសឲ្យស្ថិតនៅក្នុងភាពអាសន្ន ស្របពេលដែលការរីករាលដាលនៃមេរោគនេះ កាន់តែខ្លាំងឡើង។

    សម្តេចតេជោ មិនបានបញ្ជាក់បង្ហាញអំពីខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះនៅឡើយទេ ដោយគ្រាន់តែបង្ហើបថា ខ្លឹមសារនឹងបង្ហាញនៅពេលប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ