• TOP NEWS: រាជរដ្ឋាភិបាល រៀបចំសេចក្តីព្រាងច្បាប់ ដាក់ប្រទេសឱ្យស្ថិតនៅក្នុងភាពអាសន្ន ស្របពេល Covid-19 កំពុងរីករាលដាល

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំរួចហើយនូវសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដាក់ប្រទេសឱ្យស្ថិតនៅក្នុងភាពអាសន្ន ស្របពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។

    ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នាវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត គាំទ្រលើការតែងតាំង និងកែសម្រួលលើសមាសភាពថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី០៦។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គឺយើងបានធ្វើសេចក្តីព្រាងច្បាប់នេះ រួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការបិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»

    សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់បង្ហាញអំពីខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះនៅឡើយទេ ដោយបញ្ជាក់ថា ខ្លឹមសារនឹងបង្ហាញនៅពេលប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រខាងមុខនេះ។ សម្តេចតេជោបានបញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដាក់ប្រទេសឱ្យស្ថិតនៅក្នុងភាពអាសន្ន គឺរៀបចំដោយ លោក កើត​ រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តាឧបនាយករដ្ឋមន្រ្តី​ទាំងអស់ផងដែរ។

    សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើរសារជូនជនរួមជាតិ អំពីការពិចារណាទូលថ្វាយព្រះមហាក្សត្រ សុំរាជានុញ្ញាតដើម្បីដាក់ប្រទេសកម្ពុជា «ឲ្យស្ថិតនៅក្នុងភាពអាសន្ន» ខណៈស្ថានភាពរីករាលដាលជំងឺកូវីដ១៩ កាន់តែច្រើនឡើង ដោយមានអ្នកឆ្លងប្រមាណជាង១០០នាក់។

    តាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន​ ការដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន គឺជាការអនុវត្តតាម មាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ដែលមិនអាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិតអំពី អត្ថន័យ ឬសកម្មភាព ការដាក់ប្រទេសជាតិ ឲ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។

    មាត្រា ២២ ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ