• ប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ថវិកា២,២ទ្រីលានដុល្លារអាមេរិក ក្រោយ អ្នកឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់លើស ១០០,០០០ករណី

    នៅទីបំផុតចំនួនអ្នកឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់លើស ១០០,០០០ករណីហើយ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើកញ្ចប់ថវិកាមួយ ដែលមានចំនួនទឹកប្រាក់ដ៏ច្រើនមហិមារហូតដល់ ២,២ទ្រីលានដុល្លារអាមេរិក មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ក្នុងគោលបំណងជួយសង្គ្រោះសេដ្ឋកិច្ច ដែលត្រូវបានបំផ្លាញដោយជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែមីនា ឆ្នាំ២០២០។

    ថ្លែងទៅកាន់អ្នកកាសែតនៅក្នុងពិធីចុះហត្ថលេខា នៅឯសេតវិមានលោកប្រធានាធិបតីដូណាល់ ត្រាំ បានមានប្រសាសន៍ដូច្នេះថា« ការចុះហត្ថលេខាលើកញ្ចប់ថវិកានេះ នឹងផ្តល់នូវការសង្គ្រោះបន្ទាន់ដែលចាំបាច់មួយដល់សេដ្ឋកិច្ចអាមេរិក»។ នៅក្នុងពិធីនេះគេឃើញមានវត្តមានមន្ត្រីជាន់ខ្ពល់ជាច្រើនរូប រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Steven Mnuchin ព្រមទាំងបណ្តាមេដឹកនាំមកពីគណៈបក្សសាធារណរដ្ឋជាច្រើនរូបផងដែរ លើកលែងតែក្រុមអ្នកប្រជាធិបតេយ្យប៉ុណ្ណោះដែលមិនមានវត្តមាននៅទីនោះ។

    កញ្ចប់ថវិកាខាងលើ គឺមានគោលបំណងជួយទ្រទ្រង់សេដ្ឋកិច្ច ដែលរងការខូចខាតដោយសារជំងឺ COVID-19។ ជំនួយនេះនឹងផ្តល់ប្រាក់កម្ចីជាបន្ទាន់ ដល់អាជីវកម្មខ្នាតតូច ជួយបន្ធូរបន្ថយពន្ធធុរកិច្ច ពង្រីកអត្ថប្រយោជន៍សម្រាប់អ្នកគ្មានការងារធ្វើ ផ្តល់ប្រាក់ជំនួយបន្ថែមចំនួន ១,០០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកដែលមានការងារធ្វើស្រាប់ ព្រមទាំងជួយដល់វិស័យឧស្សាហកម្មផ្សេងៗទៀត តួយ៉ាងដូចជាវិស័យអាកាសចរណ៍ និងសណ្ឋាគារជាដើម។ លើសពីនោះទៀតកញ្ចប់ថវិកានេះ ក៏ជាជំនួយដ៏សំខាន់សម្រាប់វិស័យសុខាភិបាល និងរដ្ឋបាលមូលដ្ឋានផងដែរ។

    គួរជម្រាបថា ជាមួយនឹងតួលេខអ្នកឆ្លងសរុបនៃជំងឺ COVID-19 កើនលើស ១០០,០០០ករណី (១,៥៦៩នាក់ស្លាប់) សហរដ្ឋអាមេរិកបានបន្តឈរលំដាប់ថ្នាក់លេខ ១ ដែលមានអ្នកឆ្លងជំងឺនេះច្រើនជាងគេបំផុតលើពិភពលោក ដោយបានវ៉ាដាច់ប្រទេសចិន និងប្រទេសអ៊ីតាលី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ