• ដល់ក! អ៉ីតាលី មានអ្នកស្លាប់ដោយសារ កូវីដ-១៩ ដល់ទៅ ៩១៩នាក់ក្នុងមួយថ្ងៃ

    ប្រទេសអ៉ីតាលីបានរាយការណ៍ពីចំនួនអ្នកស្លាប់ដែលទាក់ទងនឹង COVID-19 ខ្ពស់បំផុតត្រឹមរយៈពេលមួយថ្ងៃ ដោយមានអ្នកស្លាប់ថ្មីចំនួន ៩១៩នាក់ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ នាំឱ្យចំនួនសរុបកើនដល់ ៩,១៣៤នាក់។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសអ៉ីតាលីបាននិយាយថា គិតមកដល់ពេលនេះអ៉ីតាលីមានករណីបញ្ជាក់សរុប ៨៦,៤៩៨ ខ្ពស់ជាងប្រទេសចិនដែលមានត្រឹមតែ ៨១,៨៩៧ ប៉ុណ្ណោះ។ ពោលគឺអ៉ីតាលីទាំងករណីបញ្ជាក់ និងករណីស្លាប់ខ្ពស់ជាងប្រទេសចិនទាំងអស់។

    តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ Lombardy ដោយបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃអ្នកស្លាប់បើប្រៀបធៀបនឹងថ្ងៃមុនៗ ដោយមានអ្នកស្លាប់ថ្មីចំនួន ៥៤១ នាក់បន្ថែមទៀត។ ប្រទេសអ៉ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ខ្ពស់ជាងប្រទេសណាមួយទាំងអស់ ជាមួយនឹងចំនួនស្លាប់សរុប ៩,១៣៤នាក់។ មុនតួលេខថ្ងៃសុក្រនេះចំនួនអ្នកស្លាប់ប្រចាំថ្ងៃធំបំផុតរបស់អ៉ីតាលីធ្លាប់ត្រូវបានគេរាយការណ៍នៅថ្ងៃទី២១ ខែមីនា ដែលនៅពេលនោះមានមនុស្ស ៧៩៣នាក់ ត្រូវបានរាយការណ៍ថាស្លាប់។

    យ៉ាងណាក៏ដោយក្នុងចំណោមករណីបញ្ជាក់ទាំងអស់មនុស្សចំនួន ១០,៩៥០នាក់បានជាសះស្បើយឡើងវិញគិតត្រឹមនៅថ្ងៃសុក្រនេះ។ ប្រទេសអ៉ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត បន្ទាប់មកគឺប្រទេសអេស្បាញមានចំនួន ៤,៨៥៨នាក់ និងខេត្តហ៊ូប៉ីប្រទេសចិនមានចំនួន ៣,១៧៤នាក់។ អ៉ីរ៉ង់តាមពីក្រោយខេត្តហ៊ូប៉ី ជាមួយនឹងការស្លាប់ ២,៣៧៨នាក់ តមកទៀតគឺបារាំង ១,៦៩៦នាក់ និងអង់គ្លេស ៧៦៩នាក់។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវិញ កាលពីម្សិលមិញបានក្លាយជាប្រទេសដែលមានករណីបញ្ជាក់ច្រើនបំផុតជាងគេនៅលើពិភពលោក​ ជាមួយនឹងករណីសរុបច្រើនជាង ៩០,០០០ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃសុក្រ ទី២៧ ខែមីនា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ