ពលរដ្ឋថៃជាច្រើន កំពុងភ័យស្លន់ស្លោទិញពងមាន់ទុក ខណៈអ្នកលក់មួយចំនួនក៏បានឆ្លៀតឱកាសឡើងថ្លៃ

ក្រសួងពាណិជ្ជកម្មថៃ បានគំរាមចាត់វិធានការស្របច្បាប់ប្រឆាំងនឹងការកេងចំណេញ ស្របពេលដែលពលរដ្ឋថៃជាច្រើន កំពុងភ័យស្លន់ស្លោទិញពងមាន់ទុក ខណៈអ្នកលក់មួយចំនួនក៏បានឆ្លៀតឱកាសឡើងថ្លៃទៀតផង។

លោក Manote Chuthapthim ប្រធានសមាគម Layer Chickens Association បានឲ្យដឹងថា តម្រូវការស៊ុតក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ បានកើនឡើងខ្លាំង ដោយសារតែពលរដ្ឋភ័យខ្លាចការរីករាលដាលនៃឆ្លងជំងឺកូវីដ១៩ និងការដាក់ប្រទេសក្នុងភាពអាសន្ន។ ជាមួយគ្នានេះ ពលរដ្ឋថៃបានទិញស៊ុតទុក បន្ទាប់ពីមានការយល់ច្រឡំថា ពួកគេនឹងត្រូវហាមឃាត់មិនឲ្យចាកចេញពីផ្ទះ។

លោក Manote បាននិយាយថា តម្លៃភាគច្រើនបានកើនឡើងនៅតាមកន្លែងលក់រាយ ខណៈស៊ុតនៅតែដាក់លក់ក្នុងតម្លៃធម្មតា គឺ ២,៨០បាតក្នុងមួយគ្រាប់ ដែលជាតម្លៃចេញពីកសិដ្ឋាន។ លើសពីនេះទៅទៀត កសិករក៏មិនបានស្តុកទុកផលិតផលរបស់ពួកគេដែរ។

ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា ទិន្នផលស៊ុតប្រចាំថ្ងៃនៅតែមានស្ថេរភាព គឺ ៤១លានគ្រាប់ក្នុងមួយថ្ងៃ។ ដោយឡែក ស៊ុតត្រូវបានដាក់លក់ក្នុងតម្លៃ ៣,៥០ ទៅ ៣,៦០បាតក្នុងមួយគ្រាប់ នៅផ្សារកណ្តាលមួយ ក្នុងទីក្រុងបាងកក៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ