រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្តោះអាសន្ន​

ភ្នំពេញ ​៖ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់ ការចម្លង​និង​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្តោះអាសន្ន​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០២០​នេះ​បាន​ជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ទាំងអស់ ថា បច្ចុប្បន្ន មេរោគ​កូ​វីដ ១៩ (Covid-19)​កំពុង​រាតត្បាត​នៅ ទូទាំង​ពិភពលោក ហើយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ​ក្រសួងសុខាភិបាល​បាន​រកឃើញ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ (Covid-19) មួយចំនួន ​ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ចាត់វិធានការ​ទប់ស្កាត់​ការចម្លង និង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ (Covid-19) នេះ​ផងដែរ​។​

​ដូចនេះ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់ ការចម្លង និង​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ (Covid-19) នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ផ្អាក​ការផ្តល់សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្តោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ស្ថានការណ៍​នៃ​មេរោគ​កូ​វីដ ១៩ (Covid-19) បាន​ធូរស្បើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ក្តីសង្ឃឹម​ទុកជាមុន​ថា​សាធារណជន និង​បងប្អូន​ប្រជា​ពល រ ដ្ឋ​ដែលជា​អ្នកប្រើប្រាស់​សេវា​រថយន្តក្រុង (City Bus) និង​សេវា​កាណូត (Taxi Boat) យោគយល់​អធ្យាស្រ័យ និង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ ១៩ (Covid-19) ​នេះ​ទាំងអស់គ្នា​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ