បុរសខ្មែរអាយុ ២៧ ឆ្នាំនៅភ្នំពេញ ដែលរកឃើញមានឆ្លងកូវីដ១៩ នៅយប់ទី ២៥ មីនា ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញប្រកាសពីការរកឃើញចំនួនអ្នកឆ្លងកូវីដ១៩ ចំនួន ៥ ករណីបន្ថែមទៀត ដែលនាំឱ្យអ្នកឆ្លងសរុបគិតត្រឹមថ្ងៃទី ២៥ មីនា នេះកើនដល់ ៩៦នាក់ ។ ក្នុងចំណោមអ្នករកឃើញមានផ្ទុកវីរុសកូវីដ១៩ថ្មីទាំង ៥នាក់នោះ មានម្នាក់ជាបុរសខ្មែរអាយុ ២៧ឆ្នាំនៅភ្នំពេញ ត្រូវបានដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ។

នៅក្នុងសេចក្ដីប្រកាសនោះមិនបានបញ្ជាក់ថា តើបុរសខ្មែរអាយុ ២៧ឆ្នាំនោះ ឆ្លងដោយរបៀបណា គាត់មកពីណាទៅណានោះទេ ដែលនាំឱ្យប្រជាពលរដ្ឋ មហាជន មានការចង់ដឹងជាខ្លាំង ។ ពាក់ព័ន្ធនឹងករណីនេះដែរលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យនៃក្រសួងសុខាភិបាលបានបញ្ជាក់ជាក្រោយថា «បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំខាងលើដែលឆ្លងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ជាអ្នកឡើងចុះញឹកញាប់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានមិត្តច្រើនជាជនជាតិថៃ ។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី ២៥ មីនា ឆ្នាំ ២០២០ ចំនួនអ្នកឆ្លងកូវីដ១៩ នៅប្រទេសកម្ពុជាកើនដល់ ៩៦ នាក់ ដោយក្នុងនោះស្រី ២៥ និង ប្រុស ៧១ ។ ក្នុងនោះមានចំនួន ១០ នាក់ ហើយដែលបានជាសះស្បើយចាប់ពីខែមករារហូតមកដល់បច្ចុប្បន្ននេះ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ