សម្ដេច​ក្រឡា​ហោម ស ខេង​៖ «​ភូមិមួយនឹងត្រូវបិទ ប្រសិន​បើ​មាន​អ្នក​ឆ្លង Covid-19 ពីរ ឬ​បី​នាក់​ ​នៅ​ក្នុង​ភូមិ​នោះ​»

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា កម្ពុជាអាចប្រឈមនឹងការបិទភូមិ ប្រសិនបើមានអ្នកឆ្លងជំងឺ Covid-19 ពីរ ឬបីនាក់ នៅក្នុងភូមិនោះ។

សម្តេច បញ្ជាក់ថា វិធានការបែបនេះ អាចនឹងត្រូវប្រើប្រាស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនៅក្នុងភូមិ និងនៅតំបន់ផ្សេងៗដែលនៅក្បែរនោះ។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គ្រាដែលកម្ពុជាកំពុងតែប្រឈមជាមួយការរីករាលដាល នៃជំងឺCovid-19។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើមានកន្លែងណាមួយ មានអ្នកណាមួយកើតឃុំមួយផ្ទះ, មួយកំណាត់ភូមិ, ឬភូមិដាច់ដោយឡែកពីគេ ៤-៥ផ្ទះចឹងទៅ យើងអាចឃុំកន្លែងណុងមិនឲ្យគាត់ចេញទៅណា។ ហើយបើថាភូមិណុងជាប់គ្នា ហើយមានអ្នកកើតពីរបីនាក់ចឹងទៅ គឺឃុំទាំងភូមិតែម្ដង»

សម្តេច ក៏បានគូសបញ្ជាក់ទៀតថា ទាំងអស់នេះ គឺជាវិធានការដែលបានដាក់ចេញ និងបានផ្សព្វផ្សាយរួចរាល់ហើយ ខណៈវិធានការនេះសម្ដេចបានណែនាំឲ្យ រដ្ឋបាលថ្នាក់ក្រោមជាតិពិសេសថ្នាក់ខេត្ត ត្រូវតាមដានបន្ដជាប់ជាប្រចាំដើម្បីមានវិធានការឆ្លើយតបភ្លាមៗ នៅពេលមានបញ្ហាកើតឡើង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ៨៧ករណី ដែលក្នុងនោះមាននារី ២២នាក់ និងបុរស ៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស ៥២នាក់៕

ប្រភព៖ ANN

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ