ផ្នែកគ្រប់គ្រងវិបត្តិក្នុងប្រទេសអ៊ីតាលីបានសម្រេចចិត្តថា អ្នកជំងឺដែលមានវ័យចាប់ពី ៨០ ឆ្នាំឡើងទៅ ឬអ្នកដែលមានសុខភាពទន់ខ្សោយខ្លាំង នឹងត្រូវបដិសេធមិនឲ្យយកមកកន្លែងសម្រាកព្យាបាលឡើយ ប្រសិនបើនៅថ្ងៃណាមួយ មន្ទីរពេទ្យមិនមានគ្រែសម្រាកគ្រប់គ្រាន់នោះ ។ បែបនេះមានន័យថា អ្នកជំងឺខ្លះនឹងអាចត្រូវទុកចោលរហូតដល់ស្លាប់។ ខណៈពេលនេះប្រទេសអ៊ីតាលី បានក្លាយជាប្រទេសបន្ទាប់ពីចិន ដែលមានចំនួនអ្នកស្លាប់ និង ឆ្លងវីរុស COVID-19 ច្រើនលើសលុបជាងគេ ។
«អ្នកណាត្រូវស្លាប់ អ្នកណាត្រូវរស់ គឺសម្រេចទៅតាមអាយុ និង ស្ថានភាពសុខភាពរបស់អ្នកជំងឺទាំងនោះ ។ ក្នុងពេលមានសង្គ្រាម គឺគេតែងធ្វើបែបនេះ» ។ នេះបើតាមសម្ដីវេជ្ជបណ្ឌិតម្នាក់បានបញ្ជាក់ ។
បើតាមវិបសាយ The Telegraph បានបញ្ជាក់ថា ក្រុមផ្នែកគ្រប់គ្រងវិបត្តិបានបង្កើតចំណាត់ការថ្មី ដែលនឹងកំណត់ថា អ្នកជំងឺណាគួរតែទទួលបានការព្យាបាល ក្នុងមណ្ឌល និង នរណាមិនគួរព្យាបាល ប្រសិនបើមិនមានកន្លែងគ្រប់គ្រាន់ ។
បច្ចុប្បន្នឯកសារនៃចំណាត់ការថ្មីនេះ បានសម្រេចរួចរាល់ និង នៅតែត្រូវការការអនុម័តចុងក្រោយពីគណៈកម្មាធិការបច្ចេកទេសវិទ្យាសាស្ត្រ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុណ្ណោះ ។ ចំណាត់ការថ្មីនេះនឹងរំពឹងថា នឹងអនុវត្តពាសពេញប្រទេសអ៊ីតាលីទាំងមូល នេះបើតាមប្រភពពីរាជរដ្ឋាភិបាលបញ្ជាក់ ៕