• ចិន សម្រេចបិទច្រកឡើងភ្នំ Everest ដែលខ្ពស់ជាងគេលើលោក ដោយសារ Covid-19

    (ប៉េកាំង)៖ ការព្រួយបារម្ភអំពីការឆ្លងជំងឺ COVID-19 បានបង្ខំឱ្យអាជ្ញាធរចិន បិទផ្លូវចូលទៅកាន់ភ្នំអេវឺរេស (Everest) ពីតំបន់ទីបេ។ នេះបើតាមប្រភពពីក្រុមអ្នកចូលចិត្តឡើងភ្នំ ដែលបានដឹងលឺពីការសម្រេចចិត្តរបស់អាជ្ញាធរចិន ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

    លោក អេឌ្រាន ប៊លលីងហ្គឺ (Adrian Ballinger) ជាអ្នកចូលចិត្តឡើងភ្នំម្នាក់ និងជាស្ថាបនិកក្រុមហ៊ុនទេសចរណ៍មួយ (Alpenglow Expeditions) គឺជាអ្នកបញ្ជាក់ពីព័ត៌មានខាងលើ។ លោក Ballinger បានបង្ហោះសារមួយនៅលើ បណ្តាញសង្គម Instagram យ៉ាងខ្លីដូច្នេះថា «នៅថ្ងៃនេះអាជ្ញាធរចិន បានប្រកាសបិទរដូវកាលឡើងភ្នំ Everest ហើយ»។

    គួរបញ្ជាក់ថា Everest ជាភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ជាមួយរយៈសរុបកម្ពស់ ៨,៨៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ អាចអនុញ្ញាតឱ្យអ្នកចូលចិត្តឡើងភ្នំ ឡើងបាននៅប៉ែកខាងជើង ដែលគ្រប់គ្រងតំបន់រដ្ឋបាលចិន-ទីបេ និងប៉ែកខាងត្បូងនៅប្រទេសនេប៉ាល់។

    មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ខាងភាគីនេប៉ាល់ នៅតែបន្តបើកច្រកចូលរបស់ខ្លួនដដែល បើទោះជាក្រុមហ៊ុនទេសចរណ៍មួយចំនួន បានលុបចោលការរៀបចំដំណើរកម្សាន្តផ្សងព្រេង ហើយអ្នកឡើងភ្នំត្រូវបានស្នើ ឱ្យដាក់ប្រវត្តិធ្វើដំណើរ និងរបាយការណ៍សុខភាពក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយក៏ដោយ។ ជាធម្មតារដូវកាលឡើងភ្នំ Everest ត្រូវធ្វើឡើងនៅចន្លោះពីខែមីនា ដល់ខែឧសភា នៅក្នុងករណីដែលលក្ខខណ្ឌអាកាសធាតុ អំណោយផលសម្រាប់អ្នកឡើងភ្នំដែល ស្ថិតនៅជួរភ្នំហិម៉ាល័យមួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ