• ប្រទេសអ៊ីរ៉ង់៖ យ៉ាងតិចមនុស្ស ២៧នាក់បានស្លាប់ដោយសារស្រា ក្រោយជឿស្លុងលើពាក្យចចាមអារ៉ាមថា ស្រាជួយសម្លាប់ COVID-19

    ត្រឹមមួយយប់ យ៉ាងតិចមនុស្ស ២៧នាក់ក្នុងខេត្តចំនួន២នៃប្រទេសអ៊ីរ៉ង់ បានបាត់បង់ជីវិតដោយសារពុលស្រា។ ទីភ្នាក់ងារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ Fars News បានចុះផ្សាយបែបនេះកាលពីថ្ងៃចន្ទ ទី០៩ ខែមីនា។ ករណីស្លាប់នេះ គឺព្រោះតែពួកគេបានផឹកស្រាដែលមានផ្ទុកជាតិអាល់កុលច្រើនហួសកម្រិតកំណត់ ក្រោយជឿស្លុងតាមពាក្យចចាមអារ៉ាមថា វាជួយសម្លាប់ COVID-19។

    ពាក្យចចាមអារ៉ាមដែលគ្មានប្រភពច្បាស់លាស់មួយ បានផ្សព្វផ្សាយពាសពេញប្រទេសអ៊ីរ៉ង់ថា ការផឹកស្រា នឹងជួយសម្លាប់ជំងឺផ្លូវដង្ហើមកូរ៉ូណា COVID-19។ ក្រោយមានពាក្យចចាមអារ៉ាមបែបនេះ គេឃើញមាន ករណីពុលស្រាកាន់តែច្រើនឡើងកើតមានក្នុងមន្ទីរពេទ្យនានាក្នុងប្រទេសអ៊ីរ៉ង់។

    បើតាមទីភ្នាក់ងារក្នុងស្រុកអ៊ីរ៉ង់ Iranian Labour News មនុស្សជាង២០០នាក់ ត្រូវបានរាយការណ៍ថា សម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងខេត្ត Khuzestan ភាគនីរតីនៃប្រទេសនេះ ខណៈករណីឆ្លង COVID-19 ក្នុងខេត្តនេះ មានជិត៨០ករណីប៉ុណ្ណោះ។

    អ្នកនាំពាក្យសាកលវិទ្យាល័យពេទ្យមួយប្រចាំទីក្រុង Anwaz នៃខេត្ត Khuzestan លោក Ali Ehsanpour អះអាងថា ក្រោយពីឮពាក្យចចាមអារ៉ាមថា ផឹកស្រាអាចជួយសម្លាប់កូរ៉ូណាវីរុស ពលរដ្ឋខ្លះបានប្រើវិធីសាស្រ្តនេះជាវិធានការបង្ការ។ តាមប្រភពព័ត៌មានដដែល លោក បន្តទៀតថា ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកសម្រាកនៅពេទ្យសរុប២១៨នាក់ បានប្រែជាងងឹតភ្នែក ហើយអ្នកខ្លះទៀត ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។

    ដោយហេតុថា ប្រទេស​អ៊ីរ៉ង់ ហាមឃាត់ស្រា ពលរដ្ឋដែលស្លាប់គឺព្រោះតែពួកគេបានផឹកស្រាដែលមានផ្ទុកជាតិអាល់កុលលើសកម្រិត។ ហើយស្រាប្រភេទនេះ ត្រូវបានអនុញ្ញាតឲ្យដាក់លក់លើទីផ្សារដោយមានគោលដៅប្រើជាទឹកលាងដៃប៉ុណ្ណោះ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ទី ១១ ខែមីនា អ៊ីរ៉ង់ បានរកឃើញករណីឆ្លង COVID-19 ជាង៨ពាន់ករណី ហើយមានអ្នកស្លាប់ ២៩១នាក់ ខណៈអ្នកជាសះស្បើយជាង២៧០០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ