ខ្សែការពាររបស់ក្លិប Juventus ម្នាក់ត្រូវបានរកឃើញថាបានឆ្លងវីរ៉ុសកូរ៉ូណា

ខ្សែការពារសញ្ជាតិអ៊ីតាលី Daniele Rugani របស់ក្លិប Juventus ត្រូវបានពិនិត្យឃើញជាវិជ្ជមានលើមេរោគកូរ៉ូនា។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះកាលពីថ្ងៃពុធ។

ក្លិប Juventus បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករវ័យ២៥ឆ្នាំរូបនេះ «បានឆ្លងមេរោគកូរ៉ូណា ឬកូវីដ-១៩ ហើយបច្ចុប្បន្នមិនបានបញ្ចេញរោគសញ្ញាអ្វីឡើយ»។ ក្លិបដដែលបានបញ្ជាក់បន្ថែមថា៖ «បច្ចុប្បន្ន ក្លិប Juventus កំពុងតែចាត់វិធានការផ្សេងៗដើម្បីអនុវត្តនីតិវិធីដាក់ឲ្យនៅដាច់ដោយឡែក ដែលត្រូវបានតម្រូវដោយច្បាប់ ក្នុងនោះរាប់បញ្ចូលទាំងមនុស្ស២នាក់ ដែលបានប៉ះពាល់ជាមួយនឹងរូបគេផ្ទាល់ផងដែរ»។ Rugani បានលេងក្នុងការប្រកួតជាមួយនឹងក្រុម Brescia និង SPAL កាលពីខែកុម្ភៈ និងបានស្ថិតជាកីឡាករបម្រុងក្នុងពេលប្រកួតខ្លួនប្រកួតជាមួយនឹងក្រុម Inter Milan លើទឹកដីខ្លួនឯង កាលពីថ្ងៃអាទិត្យ។ Juventus នឹងត្រូវលេងការប្រកួតជាមួយនឹងក្លិប Lyon របស់បារាំង ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នៅកីឡដ្ឋានដែលគ្មានអ្នកគាំទ្រ នៅទីក្រុង Turin នាសប្តាហ៍ក្រោយ។

រាល់សកម្មភាពកីឡាទាំងអស់នៅអ៊ីតាលី ត្រូវបានផ្អាក រហូតដល់ថ្ងៃទី៣ ខែមេសា ក្នុងនោះរាប់បញ្ចូលទាំងក្របខ័ណ្ឌ Serie A ផងដែរ ប៉ុន្តែ ការប្រកួតក្របខ័ណ្ឌ Champions League និង Europa League ស្ថិតក្រោមការគ្រប់គ្រងរបស់ UEFA។ ប្រជាជន៦០លាននាក់របស់អ៊ីតាលី ត្រូវបានណែនាំឲ្យសម្រាកនៅផ្ទះ ដើម្បីបញ្ឈប់ការរីករាល់ដាលដោយសារតែវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សចំនួន៨២៧នាក់ក្នុងប្រទេសនេះ ត្រឹមតែរយៈពេលជាង២សប្តាហ៍៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ